បើតាមរបាយការណ៍មួយរបស់ក្រសួងការពារប្រទេសស.រ.អា.ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះដែលនិយាយយោងដល់លទ្ធផលនៃការបង្កើនសកម្មភាពយោធាកាលពីពេលថ្មីៗនេះរួមជាមួយការផ្តើមគំនិតខាងការទូតថាទោះណាជាមានឧបសគ្គច្រើនក៏ដោយក៏ប្រទេស អាហ្វហ្គានីស្ថាន ហាក់ដូចជាមានទំនងច្រើនជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រកាលពេលថ្មីៗនេះថានឹងមានដំណោះស្រាយនយោបាយមួយ។
នៅក្នុងការស្ទង់ប្រមាណប្រចាំឆ្នាំតម្រូវឱ្យមានដោយសភាស.រ.អា. ក្នុងសប្តាហ៍នេះក្រសួងការពារប្រទេសស.រ.អា.បានដាក់សេចក្តីរាយការណ៍ល្អិតល្អន់មួយអំពីសង្គ្រាមក្នុងប្រទេស អាហ្វហ្គានីស្ថាន ជូនពួកសមាជិកសភាដោយចែងយ៉ាងលម្អិតអំពីការជឿនលឿននិងឧបសគ្គនៅក្នុងប្រទេសនេះក្នុងឆ្នាំសារពើពន្ធ២០១៨-២០១៩។
របាយការណ៍នេះស្ទង់ប្រមាណថានៅក្នុងចំណោមឧបសគ្គនានាដែលរដ្ឋាភិបាលក្រុងកាប៊ុលប្រឈមមានកង្វះស្ថិរភាពនយោបាយ សមត្ថភាពរបស់កងកម្លាំងសន្តិសុខជាតិនិងការជ្រៀតជ្រែករបស់ប្រទេសមានអំណាចខ្លាំងក្នុងតំបន់។
របាយការណ៍នេះនិយាយថា «ស្ថានភាពយោធាបច្ចុប្បន្ននៅខាងក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅតែទាល់ច្រក។ ការបញ្ចូលពួកទីប្រឹក្សាបន្ថែមក្នុងឆ្នាំ២០១៨ បានធ្វើឱ្យស្ថានការណ៍មានស្ថិរភាពនិងបានបន្ថយសម្ទុះនៃការជម្រុលទៅមុខរបស់ពួកតាលីបង់ដែលផ្តោតការយកចិត្តទុកដាក់លើការដកទាហានអាមេរិកាំងនៅចន្លោះឆ្នាំ២០១១និងឆ្នាំ២០១៦»។
សេចក្តីរាយការណ៍នេះបានបន្ថែមថា«គំនាបសង្កត់ខាងការទូត ខាងសាសនាខាងយោធានិងខាងសង្គមដែលបានធ្វើឱ្យមានឡើងដោយយុទ្ធសាស្ត្រនូវផ្អែកលើស្ថានភាពនិងត្រូវជំរុញដោយការបង្កើនទំនាក់ទំនងអន្តរជាតិ បានបង្ខំពួកមេដឹកនាំតាលីបង់ជាន់ខ្ពស់ឱ្យជជែកដេញដោលគ្នាថាតើចូលក្នុងកិច្ចចរចាជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ឬទេ»៕