នៅថ្ងៃចន្ទនេះ ដោយយោងទៅលើការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានចេញនូវការព្រមានខ្លាំងៗមួយចំពោះប្រទេសកូរ៉េខាងជើងថា ប្រសិនបើចាំបាច់ លោកប្រធានាធិបតី Donald Trump នឹងប្រើកម្លាំងយោធា ដើម្បីដោះស្រាយជាមួយនឹងការបន្តនូវការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលលោក Kim Jong Un។
លោក Mike Pence បាននិយាយយ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ ពិភពលោកបានឃើញនូវកម្លាំង និងការដោះស្រាយបញ្ហារបស់ប្រធានាធិបតីថ្មីរបស់យើង នៅក្នុងសកម្មភាពដែលសហរដ្ឋអាមេរិកបានធ្វើនៅក្នុងប្រទេសស៊ីរី និងប្រទេសអាហ្វហ្គានីស្ថាន។ កូរ៉េខាងជើងត្រូវធ្វើឲ្យបានប្រសើរ បើមិនចង់សាកល្បងជាមួយនឹងការដោះស្រាយបញ្ហារបស់លោកប្រធានាធិបតី Donald Trump ទេ»។
លោកអនុប្រធានាធិបតីកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាការចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៤ នៅក្នុងទ្វីបអាស៊ី ដើម្បីពង្រឹងការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្ត នៅក្នុងតំបន់ដែលមានភាពតានតឹងកាន់តែកើនឡើងនេះ និងដើម្បីគៀងគរការគាំទ្រពីអន្តរជាតិឲ្យបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលលោក Kim Jong Un ដើម្បីបញ្ចប់កម្មវិធីអភិវឌ្ឍគ្រាប់ផ្លោងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងជាមួយប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូងលោក Hwang Kyo-ahn នៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះ លោក Pence បានសង្កត់ធ្ងន់អំពីការគាំទ្រមិនប្រែប្រួលរបស់សហរដ្ឋអាមេរិក នៅក្នុងការការពារសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន និងដើម្បីសហប្រតិបត្តិការនូវរាល់ការសម្រេចចិត្តទាំងអស់ ទាក់ទិននឹងបញ្ហាសន្តិសុខក្នុងតំបន់៕