ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អនុ​ប្រធានាធិបតី Mike Pence ចាក់​វ៉ាក់សាំង​កូវីដ១៩​ ដោយ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍


លោក​អនុប្រធានាធិបតី Mike Pence ទទួល​ការចាក់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer-BioNTech បង្ការ​ជំងឺ​កូវីដ១៩ នៅក្នុង​បរិវេណ​នៃ​សេតវិមាន នៅ​ថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០២០។
លោក​អនុប្រធានាធិបតី Mike Pence ទទួល​ការចាក់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer-BioNTech បង្ការ​ជំងឺ​កូវីដ១៩ នៅក្នុង​បរិវេណ​នៃ​សេតវិមាន នៅ​ថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០២០។

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Mike Pence​ បានចាក់​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ដោយ​មាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​សុក្រ​នេះ។​ ការចាក់​វ៉ាក់សាំង​របស់​លោក​ធ្វើ​ឡើង​នៅពេល​ការស្ទង់មតិ​បង្ហាញ​ថា​ ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការចាក់​វ៉ាក់សាំង​ដោយ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព។​

កំណើន​វីរុស​កូរ៉ូណា​នៅ​ទីក្រុង Los Angeles ​រដ្ឋកាលីហ្វ័រញ៉ា​មាន​សភាព​ខ្លាំងក្លា​ដែល​មន្ទីរ​សុខាភិបាល​នៅ​ក្រុងនេះ​បាន​ចុះផ្សាយ​លើ​ធ្វីតថឺថា៖​ «ជារៀង​រាល់ម៉ោង​ជា​មធ្យម​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​នៅទីក្រុង​ Los Angeles»។

ទូរទស្សន៍ ​CBS ​របស់​អាមេរិក​ បាន​រាយការណ៍​ថា​ មាន​គ្រែ​មន្ទីរពេទ្យ​តិចតួច​ណាស់​ទំនេរ​សម្រាប់​អ្នក​ជំងឺ​នៅ​ Los Angeles ​ហើយ​អ្នក​ជំងឺ​វីរុស​កូរ៉ូណា​ខ្លះ​នៅ​ក្នុង​រថយន្ត​ពេទ្យ​រហូត​ដល់​ទៅ​៧​ ម៉ោងរង់ចាំ​គ្រែទំនេរ។​

ប្រធានាធិបតី​បារាំង​ Emmanuel Macron នៅ​ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​ដែល​បានធ្វើ​តេស្ត​មានវីរុស​នេះ។ ​លោក​Macron បាន​ចាកចេញ​ពី​វិមាន​ Elysée​ហើយ​កំពុង​ធ្វើការ​ជា​បណ្តោះ​អាសន្ន​នៅ​ឯ​គេហដ្ឋាន​រដ្ឋ​មួយ​នៅ​ក្រុង​ Versailles។​

លោក​បណ្ឌិត ​Hans Kluge​ នាយក​ការិយាល័យអង្គការ​សុខភាព​ពិភពលោក​នៅ​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​ប្រជាជន​នៅក្នុង​ផ្ទះ​ក្នុង​អំឡុង​ពេល​បុណ្យ​ណូអែល។​ លោកបាន​និយាយក្នុង​សេចក្តី​ថ្លែងការណ៍​ថា​មិន​គួរ​ប្រថុយ​នឹង​ការឆ្លង​វីរុស​នេះ​ទេ។​

លោក ​Kluge​ ក៏​បាន​និយាយ​ផងដែរ​ថា​ជំងឺ​រាតត្បាត​បាន​បង្កើតវិបត្តិ​សុខភាព​ផ្លូវចិត្ត​នៅ​អឺរ៉ុប។​ លោក​បាន​បន្ថែម​ថា៖ «ក្តី​បារម្ភ​អំពី​ការឆ្លង​វីរុស​ ការប៉ះពាល់​ផ្លូវចិត្ត​ដោយ​ការបិទ​សកម្មភាព​សង្គម​និង​ភាពឯកោ​និង​ភាព​អត់​ការងារ ការព្រួយ​បារម្ភ​ផ្នែក​ហិរញ្ញវត្ថុ​និង​ការឃ្លាត​ពី​សង្គម​ធ្វើ​ឲ្យ​ការប៉ះពាល់​សុខភាព​ផ្លូវចិត្ត​នឹង​មាន​រយៈពេល​យូរ​និង​វែង​ឆ្ងាយ»។​

សាកល​វិទ្យាល័យ ​Johns Hopkins​ បាន​ឲ្យ​ដឹង​ថា​មាន​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ទូទាំង​ពិភពលោក​ចំនួន​ជាង​៧៥​លាន​ករណី។ ​សហ​រដ្ឋ​អាមេរិក​មាន​ចំនួន​១៧,២លានករណី​បន្ទាប់មក​គឺ​ឥណ្ឌាដែល​មាន​ចំនួន​ជិត​១០ ​លាន​ករណី​និង​ប្រេស៊ីល​មាន​៧,១​លាន​ករណី៕

XS
SM
MD
LG