អ្នកនាំពាក្យម្នាក់របស់ពួកអ្នកធ្វើការចរចារបស់រដ្ឋាភិបាលថៃបាននិយាយប្រាប់វីអូអេថា ប្រទេសថៃចាត់ទុកការឈប់បាញ់គ្នាដែលទើបបញ្ចប់ជាមួយពួកបះបោរនៅតំបន់ខាងត្បូងបំផុតរបស់ប្រទេសថាជា«ជោគជ័យ»ហើយសង្ឃឹមថានឹងកំណត់បទបញ្ញត្តិនៃកិច្ចឈប់បាញ់គ្នារយៈពេលយូរមួយនៅមុនដំណាច់ឆ្នាំនេះ។
ក្រុមឧទ្ទាមអំបូរម៉ាឡេកាន់សាសនាអ៊ីស្លាមនៅក្នុងប្រទេសថៃដែលមានប្រជារាស្ត្រភាគច្រើនជាអ្នកគោរពព្រះពុទ្ធសាសនា ប្រយុទ្ធដើម្បីឯករាជ្យខេត្តបីនៅប៉ែកខាងត្បូងបំផុតនៃប្រទេសនេះគឺខេត្ត Narathiwat, Patani និងខេត្ត Yala ដែលមានរួមបញ្ចូលដែនដីរបស់ Sultan តំបន់ Patani រហូតដល់អង់គ្លេសប្រគល់ឱ្យព្រះចៅប្រទេសសៀមកាលពីឆ្នាំ១៩០៩។ មនុស្សជាង៧.៣០០នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាតាំងពីអំពើហិង្សាបានកើនខ្លាំងកាលពីឆ្នាំ២០១៤ហើយរដ្ឋាភិបាលបានដាក់កំហិតច្បាប់អាជ្ញាសឹកលើតំបន់នោះ។
នៅក្រោយកិច្ចចរចាសន្តិភាពគ្មានបានផលច្រើនឆ្នាំមក ក្រុមអ្នកធ្វើការចរចារបស់រដ្ឋាភិបាលឬគណៈកម្មាធិការសន្ទនាសន្តិភាព Peace Dialogue Panel និងក្រុមឧទ្ទាមធំបំផុតនិងសកម្មបំផុតក្នុងបណ្តាក្រុមឧទ្ទាមទាំងនេះគឺក្រុម Barisan Revolusi Nasional (BRN) បានប្រកាសការឈប់បាញ់គ្នាមួយនៅថ្ងៃទី១ ខែមេសារហូតដល់ថ្ងៃទី១៤ ខែឧសភា។ រយៈពេល៦សប្តាហ៍នេះចំពេលគ្នានឹងខែពិសិដ្ឋរ៉ាម៉ាដន (Ramadan) ដែលមានអំពើហិង្សាច្រើនកាលពីឆ្នាំមុនៗ។
លោក Chayut Chitnana ឧបការីប្រធានគណៈកម្មាធិការនេះគឺលោក Wanlop Rugsanaoh បាននិយាយប្រាប់វីអូអេថា៖ «បាទ នេះជាជោគជ័យ។ រដ្ឋាភិបាលរីករាយនឹងស្ថានការណ៍នេះ»។
លោកបានថ្លែងថា៖ «កាលពីពេលមុនៗ ក្នុងខែពិសិដ្ឋ Ramadan ស្ថិតិអំពើហិង្សាមានខ្ពស់ តែនៅឆ្នាំនេះអំពើហិង្សាបានចុះថយ។ ក្រៅពីស្ថានការណ៍ហិង្សា អំពីបរិយាកាសក្នុងតំបន់នោះ ប្រជារាស្ត្របាននិយាយប្រាប់រដ្ឋាភិបាលថាពួកគេអាចប្រតិបត្តិសាសនាដោយគ្មានភ័យខ្លាចអំពើហិង្សាទេ»។
លោកបានពោលថា រដ្ឋាភិបាលបានរាប់ឃើញតែការវាយប្រហារមួយគត់ដោយពួកបះបោរក្នុងពេលមានកិច្ចឈប់បាញ់គ្នានេះ គឺការបំផ្ទុះគ្រាប់បែកពីរគ្រាប់នៅថ្ងៃទី១៦មេសា នាំឱ្យមនុស្សម្នាក់ស្លាប់និងរបួសប៉ូលិសបីនាក់ ដែលលោកបានបន្ទោសលើអង្គការរំដោះបង្រួបបង្រួម Patani ហៅ PULO ដែលជាក្រុមឧទ្ទាមមួយផ្សេងទៀត។ គេរាយការណ៍ថា អង្គការ PULO បានអះអាងទទួលខុសត្រូវដល់ការវាយប្រហារនេះ ដែលត្រូវបានធ្វើពីព្រោះពួកគេមិនបានត្រូវរួមបញ្ចូលក្នុងការចរចាគ្នានោះ។
ការទុកចិត្តគ្នានិងឯកភាព
លោក Chayut បាននិយាយថា ការវាយប្រហារតែមួយលើកប្រៀបធៀបជាមួយការវាយប្រហារប្រមាណ១៤នៅខែបុណ្យ Ramadan កាលពីឆ្នាំទៅ នៅក្រោយការស្ងប់ក្នុងឆ្នាំ២០២០ដោយសារមានបទបញ្ញត្តិបិទខ្ទប់ទាក់ទិននឹងការរាតត្បាតជំងឺកូវីដ១៩។ អង្គការ Deep South Watch ដែលជាក្រុមក្រៅរដ្ឋាភិបាលមួយតាមឃ្លាំមើលអំពើហិង្សាដោយឯករាជ្យ បានរាប់ឃើញមានឧប្បត្តិហេតុ២ដងច្រើនជាងនេះនៅខែ Ramadan ក្នុងឆ្នាំ២០២១និងឆ្នាំ២០១៩ ជិត១០០ដងនៅឆ្នាំ២០១៨និង២០១៩ ហើយមានប្រមាណ២៥០លើកនៅពេលច្រើនបំផុតក្នុងឆ្នាំ២០១៣។
លោក Chayut បានថ្លែងថាជាការឆ្លើយតបដល់ការទប់ចិត្តរបស់ក្រុម BRN នៅឆ្នាំនេះ កងកម្លាំងសន្តិសុខថៃបានទប់ចិត្តមិនឆ្មក់វាយប្រហារលើជំរំនិងកន្លែងលាក់ខ្លួនរបស់ពួកឧទ្ទាមឬមិនបានធ្វើតាមដីកាចាប់ខ្លួនពួកជនជាប់សង្ស័យទេ។ លោកបានថ្លែងថាមានពួកបះបោរកម្រិតទាបប្រមាណ១០០នាក់បានទទួលយកសំណើរដ្ឋាភិបាលអនុញ្ញាតឱ្យពួកគេទៅសួរសុខទុក្ខមិត្តភក្តិនិងញាតិសន្តាននៅវិហារក្នុងមូលដ្ឋានដោយគ្មានការប្រថុយប្រថានត្រូវចាប់ខ្លួន។
អ្នកនាំពាក្យរូបនេះបានពោលថា៖ «រដ្ឋាភិបាលថៃសង្ឃឹមថាគម្រោងការនេះអាចកសាងទំនុកចិត្តរវាងគណៈកម្មាធិការសន្ទនាសន្តិភាពនិងក្រុម BRN។ យើងចង់បង្ហាញដល់ក្រុមបះបោរថាយើងមានបំណងស្មោះត្រង់និយាយជាមួយពួកគេហើយនេះជាវិធានការមួយក្នុងបណ្តាវិធានការកសាងការទុកចិត្តគ្នាសម្រាប់បង្ហាញថាយើងនឹងប្តេជ្ញាជាមួយភាគីម្ខាងទៀតដើម្បីឱ្យបានសម្រេចដំណាក់កាលបន្ទាប់»។
លោក Chayut បាននិយាយថាគណៈកម្មាធិការនេះបានស្នើឱ្យមានការប្រជុំគ្នាទៀតនៅដើមខែមិថុនា ដើម្បីកំណត់ការឈប់បាញ់គ្នារយៈពេលយូរមិនឱ្យហួសពីខែធ្នូ ដោយមានប្រព័ន្ធឃ្លាំមើលរួមគ្នាមួយសម្រាប់វាយតម្លៃការរំលោភលើកិច្ចព្រមព្រៀងនេះ។ លោកបានបន្ថែមថាគណៈកម្មាធិការនេះក៏សង្ឃឹមដែរថានឹងយកក្រុមឧទ្ទាមឯទៀតៗឱ្យចូលរួមក្នុងកិច្ចព្រមព្រៀងណាមួយក្នុងពេលអនាគត ហើយបានទាក់ទងជាមួយអង្គការ PULO និងក្រុមឯទៀតៗដែរ។
ក្រុម BRN មិនអាចទាក់ទងបានដើម្បីសុំអត្ថាធិប្បាយទេ។
អ្នកស្រី Rungrawee Chalermsripinyorat សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអំពីសន្តិភាពនាសាកលវិទ្យាល័យ Prince of Songkla នៃប្រទេសថៃក៏បានចាត់ទុកការឈប់បាញ់គ្នានេះថាជាជោគជ័យដែរ។
អ្នកស្រីបាននិយាយថាកិច្ចឈប់បាញ់គ្នានេះបង្ហាញដល់កងទ័ពថៃដែលមានការសង្ស័យថាពួកមេដឹកនាំក្រុម BRN ដែលចូលរួមក្នុងកិច្ចចរចាសន្តិភាពនោះមានការគ្រប់គ្រងលើពួកយុទ្ធជននៃក្រុមនេះនៅនឹងកន្លែង។ អ្នកស្រីបានបន្ថែមថាសម្រាប់ពួក BRN ការឈប់បាញ់គ្នានេះជាសញ្ញាមួយដល់កងយោធាថៃនិយមការប្រយុទ្ធឱ្យផ្តល់ឱកាសមួយដល់គណៈកម្មាធិការនេះក្នុងការដោះស្រាយជម្លោះនេះតាមផ្លូវនយោបាយ។
អ្នកស្រីបានថ្លែងថា៖ «អ្វីដែលបង្ហាញឱ្យឃើញនៅពេលនេះគឺថាមានឯកភាពល្អជាងមុនខាងភាគីរដ្ឋាភិបាលថៃ។ ដូច្នេះ យើងឃើញមានឯកភាពជាងមុននៅភាគីទាំងសង្ខាង គឺទាំងក្រុម BTN...និងទីភ្នាក់ងារនានារបស់រដ្ឋាភិបាលថៃ»។
ការសង្ស័យនិងរឿងចម្រូងចម្រាស
អ្នកស្រី Rungrawee បានព្រមានថាការខ្វែងគំនិតគ្នារវាងពួកនិយមការប្រយុទ្ធនិងពួកចូលចិត្តសន្តិភាពក្នុងរដ្ឋាភិបាលមិនទាន់ត្រូវដោះស្រាយនៅឡើយទេហើយការណ៍នេះអាចធ្វើឱ្យអន្តរាយដល់ការចរចាគ្នា។
អ្នកស្រីបាននិយាយថាកងទ័ពព្រួយបារម្ភនៅពេលយុវជនរាប់ពាន់នាក់បានជួបជុំគ្នា កាលពីថ្ងៃទី៤ឧសភាក្នុងខេត្ត Pattani ដើម្បីបង្ហាញមោទនភាពក្នុងអត្តសញ្ញាណម៉ាឡេអ៊ីស្លាមរបស់ពួកគេ។ ទោះជាព្រឹត្តការណ៍នេះមិនមែនជាហេតុការណ៍នយោបាយដោយចំហក៏ដោយ ក៏មានការកាន់ទង់របស់ក្រុម BRN និងមានការស្រែក បន្ទរពាក្យស្លោករបស់ BRN ដែរ។
អ្នកស្រី Rungrawee បានថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលនៅតែជឿលើរបៀបដោះស្រាយរបស់គណៈកម្មាធិការនេះ នោះនឹងអាចមានលទ្ធភាពថានឹងមានការពិភាក្សាគ្នាអំពីការឈប់បាញ់គ្នារយៈពេលយូរ។ តែបើពួកគេត្រឡប់ទៅកាន់របៀបដោះស្រាយចាស់ដោយប្រើការបង្ក្រាប នោះនឹងមានការប្រែប្រួលក្នុងរបៀបផ្សេងវិញ»។
លោកArtef Sohko ប្រធានអង្គការ The Patani ដែលជាក្រុមមួយគាំទ្រការសម្រេចចិត្តដោយខ្លួនឯងសម្រាប់ខេត្តនាភាគខាងត្បូងនៃប្រទេសថៃ មានការសង្ស័យដែរអំពីភាពរលូននៃកិច្ចឈប់បាញ់គ្នាជាអចិន្ត្រៃយ៍។
លោកបាននិយាយថាការឈប់បាញ់គ្នានៅខែពិសិដ្ឋ Ramadan «មានដំណើរការល្អ» តែលោកបានកត់សម្គាល់ថាក្រុម BRN បានបន្ថយការវាយប្រហាររបស់ខ្លួនពីរបីឆ្នាំមកហើយ។ លោកបានបន្ថែមថាទោះជាកងឯកភាពខ្លះក្នុងប៉ែកខាងត្បូងប្រទេសបានដកថយពីផ្លូវនិងក្រុងសំខាន់ៗក្នុងពេលមានកិច្ចឈប់បាញ់គ្នានោះក៏ដោយ ក៏ពួកគេត្រូវបញ្ជូនទៅជាថ្មីទៅកាន់តំបន់ជនបទហើយនៅតែធ្វើប្រតិបត្តិការស៊ើបការសម្ងាត់តទៅទៀត។
លោក Artef បានថ្លែងថាកងទ័ពបាននិយាយជាមួយពួកមេដឹកនាំសហគមន៍អំពីមនុស្សដែលបានចូលរួមក្នុងការជួបជុំកាលពីថ្ងៃទី៤ឧសភា ដោយសុំឱ្យពួកគេមកជួបដើម្បីធ្វើការសាកសួរ។ លោកបានពោលថាប្រភពលោកក្នុងក្រុម BRN ក៏បាននិយាយប្រាប់លោកដែរថាគ្មានសមាជិកពិតប្រាកដនៃក្រុមឧទ្ទាមនេះបានធ្វើតាមសំណើរបស់រដ្ឋាភិបាលឱ្យពួកគេទៅជួបជាមួយសាច់ញាតិពួកគេនៅពេលថ្ងៃបុណ្យនៅឯវិហារក្នុងមូលដ្ឋានទេ ពីព្រោះពួកគេខ្លាចពួកញាតិសន្តានទាំងនេះត្រូវធ្វើទុក្ខបុកម្នេញនៅពេលក្រោយ។
លោកបានពោលថា៖ «ពួកគេមិនទុកចិត្តភាគីរដ្ឋាភិបាលថាធ្វើតាមការប្តេជ្ញារបស់ខ្លួនទេ។ កាលពីអតីតកាល ពួកមន្ត្រីសន្តិសុខបានមកផ្ទះពួកគេហើយសួរពួកគេថា កូនប្រុសអ្នកនៅឯណា។ ហើយចម្លើយធម្មតាគឺថាយើងមិនដឹងទេ។ ដូច្នេះ សម្រាប់ពួកគេ ការបង្ហាញខ្លួនជាមួយកូនប្រុសពួកគេនៅឯវិហារដូចជាការសារភាពថាពួកគេនិយាយកុហក»។
លោក Artef បាននិយាយថាការប្រេះឆាក៏មាននៅក្នុងក្រុម BRN ដែរ អំពីថាតើពួកអ្នកធ្វើការចរចារបស់ក្រុមនេះបោះបង់ចោលការប៉ងប្រាថ្នាឱ្យបានឯករាជ្យជាថ្នូរនឹងស្វ័យភាព ហើយការណ៍នេះអាចនាំឱ្យមានការបែកបាក់ក្នុងក្រុមប្រដាប់អាវុធដែលនាំឱ្យមានកំណើនអំពើហិង្សាជាថ្មីទៀត។
លោកបានថ្លែងថាការចរចាដើម្បីឱ្យមានការឈប់បាញ់គ្នាដោយស្ថិរភាពនិងមានរយៈពេលយូរនៅក្នុងកាលៈទេសៈនេះអាចពិបាក។
លោកបានពោលថា៖ «ខ្ញុំយល់ថាពួកថៃនឹងមិនសម្រេចការណ៍នេះនៅដំណាច់ឆ្នាំនេះទេ»៕
ប្រែសម្រួលដោយ ឈឹម សុមេធ