សកម្មភាពនយោបាយនៅប្រទេសកម្ពុជា មានសភាពមមាញឹក ជាពិសេសការលើកស្លាកគណបក្សនយោបាយដែលគេមាននៅតាមដងផ្លូវ តាមផ្ទះសកម្មជន និងនៅកន្លែងសាធារណៈ។ ការលើកស្លាកគណបក្សនយោបាយជាង៤០នោះ មិនគ្រាន់តែជាការចំណាយច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ តែថែមទាំងជាសញ្ញានៃការបែកបាក់សង្គមជាតិផងដែរ។ នេះបើតាមការលើកឡើងរបស់មន្ត្រីគណបក្សនយោបាយ និងអ្នកសង្កេតការណ៍នយោបាយ។
សកម្មជនគណបក្សនយោបាយនៃគណបក្សនានា ជួនការមានជម្លោះគ្នាក្នុងការលើកស្លាកគណបក្សដែលនៅជិតគ្នា ហើយមានការលួចបំផ្លាញស្លាកគណបក្សគូប្រជែង ដែលចំណាយថវិកាអាចដល់ច្រើនរយដុល្លារ សម្រាប់ស្លាកសញ្ញាធំមួយ។ នេះមិនរាប់បញ្ចូលសេវាដឹកជញ្ជូនផងទេ។
លោក ញ៉ឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ VOA ថា នឹងស្នើឲ្យមានវិសោធនកម្មច្បាស់ស្តីពីគណបក្សនយោបាយ ដើម្បីកាត់បន្ថយការលើកស្លាកគណបក្សរហូតដល់ភូមិ ក្រុម និងគ្រួសារ។ លោកនិយាយថា គណបក្សរបស់លោកលើកស្លាកមិនច្រើនដូចគណបក្សផ្សេងៗផង លោកត្រូវចំណាយច្រើនសែនដុល្លារ។ លោកលើកស្លាកគណបក្សបានត្រឹមថ្នាក់ខេត្ត និងស្រុក។
«ថ្នាក់ឃុំខ្ញុំលើកបានតែពាក់កណ្តាលទេ។ ខ្ញុំគ្មានលុយ អត់ចំណាយយកទៅលើកអីតទៅទៀត។ អីចឹងចំណាយលុយច្រើនណាស់! បើបូកថ្លៃស្លាកហ្នឹងគ្រប់គណបក្សនយោបាយមិនដឹងប៉ុន្មានលានដុល្លារទេ»។
លោកបន្ថែមថា លុយចំណាយលើកស្លាកសញ្ញានេះអាចជួយអ្នកក្រីក្របានច្រើន។ការលើកស្លាកគួរតែមានតែពេលឃោសនាបោះឆ្នោត និងប្រមូលទុកវិញ ពេលចប់ការឃោសនាបោះឆ្នោត។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម ក៏បានសង្កេតឃើញដូច្នេះដែរ។ លោកនិយាយថា ឥទ្ធិពលនយោបាយរបស់គណបក្សនយោបាយបានជ្រាបចូលជ្រៅក្នុងការបំបែកបំបាក់សង្គមខែ្មរ។
លោកបានប្រាប់ VOA តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បើមើលពីរូបភាពនៃផ្ទាំងស្លាក ផ្ទាំងសញ្ញារបស់គណបក្សនយោបាយឃើញថា ដាក់បញ្ឈរជាប់រហូតពីមួយឆ្នាំទល់មួយឆ្នាំ។ ហើយវាធ្វើឲ្យការបែងចែកមនុស្ស ដោយសារតែគណបក្សនយោបាយហ្នឹងវាមានជាប់ជាប្រចាំ។
«បើយើងមើលពីការឃោសនាវិញ គឺអត់មានពេលសម្រាកទេ គឺចាប់ពីពេលបោះឆ្នោតអណត្តិមុនរហូតដល់បោះឆ្នោតអណត្តិថ្មី។ ខ្មែរគួរតែកែកន្លែងហ្នឹងមួយទៅដើម្បីឈានទៅរកការឯកភាពជាតិ»។
លោក មាស នី ពន្យល់ថា សង្គមខ្មែរមានការបាក់បែកធ្ងន់ធ្ងរដោយការបែកបាក់តាមរយៈការវាយប្រហារគ្នាខ្លាំងក្លាក្នុងការឃោសនា បន្ថែមពីលើប្រវត្តិប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាម និងការប្តូររបបនយោបាយកើនមានឡើងទាក់ទងនឹងអំពើហិង្សា។ លោកបន្តថា ការបាក់បែកនៅក្នុងសង្គមធ្ងន់ធ្ងរជាងពេលមុនៗ ដោយសារតែគណបក្សនយោបាយអត់ត្រូវគ្នាអត់ទុកចិត្តគ្នា។
ម្យ៉ាងវិញទៀត លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានប្រាប់ VOA ថា គណបក្ស និងសមាគមរបស់លោកមានថវិកាតិចតួច ហើយលោកមិនបានចំណាយថវិកាច្រើនទៅលើការលើកស្លាកគណបក្សទេ។ លោកចំណាយជីកប្រឡាយ ស្រះទឹក សង់សាលារៀន និងស្ពាន។
«បើខ្ញុំយកលុយហ្នឹងទៅចាយ ប្រជាពលរដ្ឋអត់មានស្រះ ប្រឡាយទឹកទាំងអស់ហ្នឹងទេ»។
ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ VOA ថា ការកំហិតក្នុងលើកស្លាកនេះជាការបិទសិទ្ធិសេរីភាព ហើយគណបក្សខ្លះមានចំណាស់យូរលង់មកហើយ។ គណបក្សខ្លះមានសមាជិកច្រើនខ្លះមានសមាជិកតិច បេក្ខជនក៏មិនស្មើគ្នាដែរ ដូច្នេះមិនអាចស្មើគ្នាទេ។
អ្នកវិភាគផ្នែកនយោបាយយល់ថា គណបក្សនយោបាយដែលលទ្ធភាពនឹងមិនកាត់បន្ថយការលើកស្លាកគណបក្សនយោបាយដែលធ្វើឲ្យខ្លួនមានប្រៀបក្នុងការទាក់ទាញសំឡេងឆ្នោតនោះទេ៕