គណបក្សសង្គ្រោះជាតិស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោះស្រាយបញ្ហាធំៗដែលគណបក្សខ្លួនកំពុងបារម្ភ ពាក់ព័ន្ធនឹងការត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ ការស្នើនេះត្រូវបាន គ.ជ.ប លើកឡើងថានឹងយកទៅពិភាក្សានិងឆ្លើយតបនាពេលក្រោយ។
នៅព្រឹកថ្ងៃអង្គារនេះ តំណាងគណបក្សសង្គ្រោះជាតិបានជួបជាមួយតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីពិភាក្សា និងស្នើឲ្យមានការដោះស្រាយចំពោះការហាមប្រាមការដង្ហែក្បួនឃោសនាបោះឆ្នោត ការលើកស្លាកគណបក្សត្រូវសហការជាមួយអាជ្ញាធរដែនដី ការជំរុញឲ្យប្រជាពលរដ្ឋទទួលបានអត្តសញ្ញាណប័ណ្ណ និងការទាមទារភាពស្មើគ្នាចំពោះការផ្សាយពីគណបក្សនៅតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើថា ការហាមមិនឲ្យគណបក្សនយោបាយហែក្បួន និងឃោសនាបោះឆ្នោតនៅតាមតំបន់សំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់សិទ្ធិក្នុងការទទួលបានព័ត៌មាន។ អ្នកនាំពាក្យរូបនេះបន្ថែមថា សាលារាជធានីភ្នំពេញត្រូវកំណត់ ឲ្យបានច្បាស់ពាក់ព័ន្ធនឹងចំនួនមនុស្ស និងយានជំនិះក្នុងការចូលរួមជួបជុំនិងហែក្បួន ការបិទបដា ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សេងៗក្នុងការឃោសនាបោះឆ្នោត ជៀសវាងការចោទប្រកាន់គណបក្សប្រឆាំងថាធ្វើមិនត្រឹមត្រូវតាមគោលការណ៍កំណត់។
លោក យឹម សុវណ្ណ បញ្ជាក់ថា៖
«ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវហ្នឹងច្រើន ហើយគាត់ក៏មានសិទ្ធិក្នុងការទទួលបានព័ត៌មានពីគណបក្សនយោបាយដែរ ដូច្នេះគួរតែបើកឲ្យទូលាយ។ ហើយយើងរៀបចំសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំសណ្តាប់ធ្នាប់កុំឲ្យមានការស្ទះ ឬមួយក៏កក ឬក៏ប៉ះពាល់ដោយប្រការណាមួយ គឺយើងសហការជានិច្ចជាមួយអាជ្ញាធរមូលដ្ឋាន។ ហើយកន្លងមកហ្នឹងយើងបានធ្វើការឃោសនាតាំងពីឆ្នាំ៩៨មក ដូចមិនដែលមានបញ្ហាអីទេ»។
កាលពីសប្តាហ៍កន្លងទៅ សាលារាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងពីការ ហាមមិនឲ្យគណបក្សនយោបាយហែក្បួន និងឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ខាងមុខនេះ នៅតាមផ្លូវសំខាន់ៗចំនួន៩ និងទីកន្លែងសាធារណៈធំៗចំនួន៧ផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ អាជ្ញាធរអះអាងថា ការហាមឃាត់ការប្រមូលផ្តុំដង្ហែក្បួនតាមទីតាំងទាំងនោះ គឺដើម្បីធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានចាត់ទុកការហាមឃាត់ការដង្ហែក្បួន និងឃោសនាបោះឆ្នោតនៅតាមតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ថាជារឿងមិនត្រឹមត្រូវនិងមិនសមហេតុផល។ ក្រុមអង្គការទាំងនោះក៏បានលើកឡើងថា បម្រាមនោះក៏មិនបានបង្ហាញឲ្យឃើញអំពីការធានារបស់រដ្ឋាភិបាល ដើម្បីធ្វើឲ្យការបោះឆ្នោតប្រកបដោយភាពសេរីនិងត្រឹមត្រូវដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំរយៈពេលជាង១ម៉ោង ជាមួយគ.ជ.ប. នាព្រឹកថ្ងៃអង្គារនេះ លោក យឹម សុវណ្ណ បន្ថែមថា ការលើកស្លាកគណបក្សក្នុងពេលកន្លងមកតែងមានការរើសអើងពីអាជ្ញាធរមូលដ្ឋាន ដូច្នេះលោកបានទាមទារឲ្យ គ.ជ.ប សម្របសម្រួលឲ្យគណបក្សនយោបាយទាំងអស់ អាចលើកស្លាកគណបក្សបានគ្រប់កន្លែងដូចគណបក្សកាន់អំណាច។ លោកក៏បានស្នើទៅគ.ជ.ប ធ្វើយ៉ាងណាធានាឲ្យប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទូរទស្សន៍ ឲ្យលក់ ជួល ឬផ្តល់ម៉ោងផ្សាយដល់គណបក្សនីមួយៗឲ្យបានស្នើគ្នា។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖
«បើមិនលក់ឲ្យគណបក្សណាមួយ សូមកុំឲ្យមានរូបភាពឃោសនារបស់គណបក្សនយោបាយ គ្រប់គណបក្សនយោបាយនៅក្នុងទូរទស្សន៍ហ្នឹង។ ហើយបើសិនជាមានគឺត្រូវជូនដំណឹងលក់ម៉ោងជូនគណបក្សនយោបាយទាំងអស់ ដើម្បីជៀសវាងកុំឲ្យមានអំពើអយុត្តិធម៌ក្នុងការបែងចែកម៉ោងផ្សាយ»។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ប្រាប់អ្នកសារព័ត៌មានថា គ.ជ.បនឹងពិភាក្សាផ្ទៃក្នុងបន្ថែមចំពោះការស្នើរបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការហែក្បួន និងឃោសនាបោះឆ្នោតព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។ ទោះជាយ៉ាងណា លោកបានច្រានចោលសំណើដែលគណបក្សជំទាស់ស្នើឲ្យ គ.ជ.ប ទៅសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានក្នុងការលើកស្លាកគណបក្ស ថាជាសំណើដែលហួសពីសមត្ថកិច្ចរបស់ គ.ជ.ប ។
អគ្គលេខាធិការរងគ.ជ.បរូបនេះ បញ្ជាក់ថា៖
«គ.ជ.ប នឹងពិនិត្យ និងបញ្ជាក់អំពីនិយមន័យ អ្វីទៅដែលហៅថាការហែក្បួន? តើវាត្រូវមានធាតុផ្សំប៉ុន្មានដើម្បីបញ្ជាក់ថាវាជាការហែក្បួន? អញ្ចឹងត្រូវបញ្ជាក់ឲ្យច្បាស់។ ហើយនៅពេលបញ្ជាក់ច្បាស់ហើយ វាជាវិធានទូទៅសម្រាប់ការអនុវត្តទូទាំងប្រទេសសម្រាប់ការហែក្បួន»។
សម្រាប់ការផ្សព្វផ្សាយកម្មវិធីរបស់គណបក្សនយោបាយតាមប្រព័ន្ធផ្សព្វផ្សាយ លោក សោម សូរីដា អះអាងថា គ្រប់វិទ្យុ និងទូរទស្សន៍ទាំងអស់ត្រូវតែផ្តល់ការផ្សព្វផ្សាយតាមគោលការណ៍ស្មើភាពដល់គណបក្សនយោបាយនីមួយៗ។
មន្ត្រីគ.ជ.បរូបនេះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការទៅបោះឆ្នោត។ លោក សោម សូរីដា ក៏បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានយកអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋ ធ្វើជាវត្ថុបញ្ចាំ ឲ្យប្រគល់អត្តសញ្ញាណប័ណ្ណទាំងនោះទៅប្រជាពលរដ្ឋវិញឲ្យបានទាន់ពេលសម្រាប់ការបោះឆ្នោត។
ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ដោយមានគណបក្សនយោបាយចំនួន១២បានឈរឈ្មោះ។ ច្បាប់បោះឆ្នោតឃុំសង្កាត់ និងច្បាប់បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ថ្មី បានកំណត់ឲ្យគណបក្សនយោបាយមួយ ហែក្បួនឃោសនាតែពីរដងប៉ុណ្ណោះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃ គឺនៅថ្ងៃបើកយុទ្ធនាការឃោសនា និងនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត៕