ប៉ូលិសការពារឧទ្យាន Park សហរដ្ឋអាមេរិក បានប្រកាសថា មន្រ្តីប៉ូលិស២នាក់ ត្រូវបានបញ្ឈប់ពីការងារបណ្តោះអាសន្នបន្ទាប់ពីវីដេអូ បានបង្ហាញថា ពួកគេបានវាយប្រហារក្រុមអ្នកយកព័ត៌មានអូស្រ្តាលី។
ចំណាត់ការនេះបានកើតមានឡើងកាលពីថ្ងៃទី៣ ខែមិថុនា នៅថ្ងៃជាមួយគ្នាដែលអង្គការសេរីភាពស៊ីវិលអាមេរិកាំងឬ ACLU បានប្រាប់ឲ្យដឹងថា ខ្លួន បានដាក់ពាក្យប្តឹងអំពីការប្រព្រឹត្តលើពួកអ្នកសារព័ត៌មាននៅទីក្រុងមីនីអាប់ប៉ូលីស។
ពួកអ្នកកាសែតត្រូវបានគេវាយប្រហារ ចាប់ឃុំនិងយាយី ខណៈដែលរាយការណ៍ពីការតវ៉ាប្រឆាំងនៅទូទាំងប្រទេសបន្ទាប់ពីការស្លាប់របស់ Goerge Floyd នៅក្នុងការឃុំឃាំងរបស់ប៉ូលិសនៅក្រុងមីនីអាប់ប៉ូលីស
នៅថ្ងៃទី៤ ខែមិថុនា ម្សិលមិញនេះ អង្គការសេរីភាពសារព័ត៌មានសហរដ្ឋអាមេរិក បានស៊ើបអង្កេតឧបទ្ទវហេតុប្រហែល២៨០ ដោយមានឧបទ្ទវហេតុប្រហែល២០នៃឧបទ្ទវហេតុទាំងអស់នោះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្នុងករណីក្រុមអ្នកយកព័ត៌មានអូស្រ្តាលី រូបភាពដែលបានថតដោយបណ្តាញ ទូរទស្សន៍ WJLA-TV បានបង្ហាញប៉ូលិសការពារឧទ្យាន Park បានរុញម៉ាស៊ីនថតទូរទស្សន៍របស់លោក Tim Myers ហើយបានប្រើដំបងវាយអ្នកស្រី Amanda Brace អ្នកយកព័ត៌មានមកពីបណ្តាញទូរទស្សន៍លេខ៧របស់អូស្រ្តាលីកាលពីថ្ងៃទី១ ខែមិថុនា។ ឧបទ្ទវហេតុនេះ បានកើតមានឡើងនៅពេលដែលប៉ូលិស បានប៉ុនប៉ងបោសសម្អាតនៅតំបន់នោះដើម្បីឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើរទៅកាន់វិហារដែលត្រូវបានខូចខាតក្នុងអំឡុងនៃការតវ៉ាប្រឆាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Gregory Monahan ប្រធានស្តីទី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែមិថុនាថា ឧបទ្ទវហេតុនេះ កំពុងត្រូវបានស៊ើបអង្កេត។
លោក Arthur Culvahouse Jr. ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថ្ងៃក្រោយមកថា៖ «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធ្វើបាបពួកអ្នកកាសែតនេះ។ យើងនៅតែប្រកាន់ខ្ជាប់ខ្ជួនដល់ការតាំងចិត្តរបស់យើងដើម្បីការពារអ្នកកាសែតនិងធានាយុត្តិធម៌ស្មើៗគ្នានៅក្រោមច្បាប់សម្រាប់មនុស្សទាំងអស់»៕