ក្រុមមន្ត្រីប៉ាគីស្ថាន បាននិយាយថាការវាយប្រហារមួយដែលត្រូវបានសង្ស័យថាជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ស.រ.អា.បានបណ្តាលឲ្យក្រុមជនសកម្មប្រយុទ្ធយ៉ាងតិចណាស់៧នាក់ស្លាប់នៅក្នុងតំបន់ Waziristan ភាគខាងជើង។ក្រុមមន្ត្រីផ្នែកស៊ើបការសម្ងាត់មូលដ្ឋានបាននិយាយថាយន្តហោះគ្មានមនុស្សបើកបានបាញ់កាំជ្រួចមីស៊ីលពីរគ្រាប់មកចំអាគារមួយដែលមានកំផែងព័ទ្ធជុំវិញនៅក្នុងតំបន់ភ្នំ Datta Khail នៅជិតព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមមន្ត្រីនោះបានថ្លែងថា កន្លែងនោះត្រូវបានសង្ស័យថាជាកន្លែងលាក់ខ្លួនប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធជនជាតិអ៊ូសបេគីស្ថាន ដែលមានជាមួយមេបញ្ជាការជនជាតិប៉ាគីស្ថានម្នាក់ ដែលគាំទ្រក្រុមអាល់កៃដា (Al-Qaida) ឈ្មោះ Hafiz Gul Bahadar។
ការវាយប្រហារនេះជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកទីមួយក្នុងឆ្នាំថ្មីនេះ។
អាជ្ញាធរប៉ាគីស្ថាន បានបង្កើនកិច្ចប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់កុលសម្ព័ន្ធតាមព្រំដែនជាមួយអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធបានធ្វើការវាយឆ្មក់មកលើសាលារៀនមួយគ្រប់គ្រងដោយយោធានៅក្រុងប៉េសាវ៉ា (Peshawar) កាលពីថ្ងៃទី១៦ខែធ្នូដែលបានបណ្តាលឲ្យមនុស្ស១៥០នាក់បាត់បង់ជីវិត ដែលភាគច្រើនជាកុមារ៕