ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​កាត់​បន្ថយ​គម្រោង​សាងសង់​ផ្លូវ​អយស្ម័យយាន​ដែល​ផ្តល់​ថវិកា​ដោយ​ចិន​ ដោយសារ​ព្រួយ​បារម្ភ​ពី​ប្រាក់​កម្ចី​ច្រើន​ពេក


លោក Sheikh Rasheed បោះឆ្នោត​នៅ​ក្នុង​ក្រុង Rawalpindi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
លោក Sheikh Rasheed បោះឆ្នោត​នៅ​ក្នុង​ក្រុង Rawalpindi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយាន​នៃ​ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា គម្រោង​សាងសង់​ផ្លូវ​អយស្ម័យយាន​ធំ​បំផុត​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​នឹង​ត្រូវ​កាត់​បន្ថយ​ថវិកា​ចំនួន​ពីរ​ពាន់​លាន​ដុល្លារ ដោយសារ​ការ​ព្រួយបារម្ភ​លើ​ប្រាក់​កម្ចី​ច្រើន​ពេក។

គម្រោង​ដើម្បី​ស្ដារ​ផ្លូវ​អយស្ម័យយាន ML-1 ដែល​មាន​ប្រវែង​១៨៧២​គីឡូម៉ែត្រ​ពី​ទីក្រុង Karachi ទៅ​កាន់​ទីក្រុង Peshawar កាល​ពី​ដើម​ឡើយ​មាន​ទឹកប្រាក់​៨ពាន់​២រយ​លាន​ដុល្លារ ប៉ុន្តែ​ការ​ព្រួយបារម្ភ​ទៅ​ថ្លៃ​សាងសង់​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​សាងសង់។

រដ្ឋាភិបាល​ប្រជានិយម​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី Imran Khan មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​អនុវត្ត​គម្រោង​នេះ ដែល​ទទួល​បាន​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ចិន។ រដ្ឋាភិបាល​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចិន​ពិនិត្យ​មើល​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ ដើម្បី​ពឹង​ផ្អែក​តិច​ជាង​មុន​ទៅ​លើ​ប្រាក់​បំណុល ឬ​អនុញ្ញាត​ឲ្យ​ប្រទេស​ដទៃទៀត​ចូលរួម​ផ្តល់​ថវិកា​លើ​គម្រោង​នេះ​ដែរ។ ​

លោក Sheikh Rasheed រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយាន​ប៉ាគីស្ថាន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទីក្រុង Lahore ថា «ប៉ាគីស្ថាន​គឺ​ជា​ប្រទេស​ក្រីក្រ​មួយ​ដែល​មិន​អាច​រ៉ាប់រង​សង​ប្រាក់​កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បាន​ទេ»។

ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង បាន​ជំរុញ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់​លោក ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើន​ពាណិជ្ជកម្ម​អន្តរជាតិ​និង​សុឆន្ទៈ​តាមរយៈ​ការ​ផ្តល់​ថវិកា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា៕

XS
SM
MD
LG