ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​ចោទ​ប្រកាន់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ថា​បាន​ជំរុញ​គោលនយោបាយ​បរទេស


មន្រ្តី​ប៉ូលិស​ប៉ាគីស្ថាន​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​អង្គការ Save the Children ដែល​ត្រូវ​បាន​គេ​បិទ​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន​ កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥។
មន្រ្តី​ប៉ូលិស​ប៉ាគីស្ថាន​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​អង្គការ Save the Children ដែល​ត្រូវ​បាន​គេ​បិទ​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន​ កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥។

ប្រទេស​ប៉ាគីស្ថាន​បាន​បិទ​ការិយាល័យ​របស់​អង្គការ​ Save the Children ​ប្រចាំ​ប្រទេស​នេះកាល​ពី​ថ្ងៃ​សុក្រ​ និង​បាន​ចោទ​ប្រកាន់​អង្គការ​ផ្តល់ជំនួយ​អន្តរជាតិ​មួយ​ចំនួន​ទៀត​ពី​បទ​បម្រើឲ្យ​នយោបាយ​បរទេស។ ក៏ប៉ុន្តែ​ កាល​ពីថ្ងៃអាទិត្យ​ ក្រសួង​មហាផ្ទៃប៉ាគីស្ថាន​បាន​អនុញ្ញាត​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​មួយ​នេះ​ បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ​ ដោ​យមិន​បាន​ផ្តល់​ការ​ពន្យល់​អំពី​ការ​ប្រែ​ក្រឡាស​នេះ​ឡើយ។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​ចោទ​ប្រកាន់​អង្គការ​ផ្តល់​ជំនួយ​មួយ​ចំនួន​អំពី​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​វិទ្ធង្សនា​ (ការ​បំផ្លិច​បំផ្លាញ) ផ្សេងៗ។

លោក Chaudhry Nisar Ali Khan បាន​និយាយ​ថា​ ប្រទេស​ប៉ាគីស្ថាន​មាន​ភស្តុតាង​បញ្ជាក់​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាលក្នុង​ស្រុក​មួយ​ចំនួនទទួល​បាន​មូលនិធិ​ពី​បរទេស​ ហើយធ្វើ​ការ​ដើម្បី​បម្រើ​គោល​នយោបាយ​បរទេស។

លោក​ក៏​បាន​ចោទ​ប្រកាន់​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត​ពី​ការ​រំលោភ​ច្បាប់​ប្រទេស​នេះ ​និង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បទបញ្ញត្តដែល​បាន​ចែង​នៅ​ពេល​ដែល​ពួកគេ​បាន​ចុះ​បញ្ជី។

កង​កម្លាំង​ប៉ូលិស​នៅ​ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​បាន​ហ៊ុំព័ទ្ធ​ការិយាល័យ​របស់​អង្គការ Save the Children។

អង្គការ​នេះ​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រព្រឹត្ត​ខុស​នោះ។ លោក​ Saeed Ahmed ​អ្នក​នាំ​ពាក្យ​របស់​អង្គការ​ Save the Children ប្រចាំ​ប្រទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា ក្រុម​របស់​លោក​មិន​មាន​ចលនា​លាក់​កំបាំង​អ្វី​ឡើយ។

«ពួក​យើង​កំពុង​ធ្វើ​ការ​បម្រើ​ឲ្យ​សហគមន៍​ប៉ាគីស្ថាន​ក្នុង​កិច្ច​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ប៉ាគីស្ថាន ​ដើម្បី​ពង្រឹង​សុខភាព​ និង​ការ​អប់រំ​ដល់​កុមារ និង​ក្រុម​គ្រួសារ​របស់​ពួកគេ»។

អង្គការ ​Save the Children បាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​អស់​រយៈពេល​៣៥​ឆ្នាំ​មក​ហើយ។ ក៏​ប៉ុន្តែ អង្គការ​សប្បុរសធម៌​នេះ​មាន​បញ្ហា​ជា​ច្រើន​ចាប់​តាំងពី​ពេល​ដែល​មាន​ប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក ​ដែល​បាន​សម្លាប់​ អូសាម៉ា ប៊ឹន ឡាដិន (Osama bin Laden)។ របាយការណ៍​ស៊ើបអង្កេត​មួយ​របស់​ប៉ាគីស្ថាន​បាន​និយាយ​ថា ​អង្គការ ​Save the Children ​មាន​ចំណង​ទាក់ទង​ជាមួយ​នឹង​វេជ្ជបណ្ឌិត Shakil Afridi ដែល​ត្រូវ​ជាប់​ចោទ​ថា​ ជា​ភ្នាក់ងារ​របស់ CIA ក្នុង​ការ​ជួយ​ឲ្យ​រក ឃើញ​ bin Laden។ អង្គការ Save the Children បាន​បដិសេធ​ថា ​ខ្លួន​មិន​មាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​នោះ​ឡើយ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ ប្រទេស​ប៉ាគីស្ថាន​បាន​ចាប់​ផ្តើម​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ក្រុម​អង្គការ​ជំនួយ​បរទេស​ទាំង​នោះ៕

ប្រែ​សម្រួល​ដោយ សើ សាយ្យាណា

XS
SM
MD
LG