មេធាវីរដ្ឋាភិបាលស្នើឲ្យតុលាការកំពូលហាមមិនឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងជាង ១០០នាក់ធ្វើនយោបាយ
នៅថ្ងៃចន្ទនេះ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃបានយកភស្តុតាងបន្ថែមដាក់ទៅតុលាការកំពូលពាក់ព័ន្ធនឹងសំណុំរឿងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ការដាក់ភស្តុតាងបន្ថែមនេះធ្វើឡើងស្របពេលដែលក្រសួងមហាផ្ទៃចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទូទាំងប្រទេស រៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយឧបាយកលផ្តួលរំលំរដ្ឋាភិបាលនៅអំឡុងមុន និងថ្ងៃបើកសវនាការនោះ។ អ្នកនាំពាក្យគណបក្សប្រឆាំងលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលគឺជាសកម្មភាពផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋ។