ក្រសួងសង្គមកិច្ច សហការជាមួយអង្គការយូនីសេហ្វ បានសម្រេចបញ្ជូនកុមារប្រមាណជា៣.៥០០នាក់ ក្នុងចំណោមកុមារជាង១៦.០០០នាក់ពីមណ្ឌលកុមារកំព្រា ទៅក្រុមគ្រួសាររបស់ពួកគេវិញ។ ការបញ្ជូននេះធ្វើឡើងក្រោមហេតុផលថា ការរស់នៅជាមួយក្រុមគ្រួសារ ធ្វើឲ្យកុមារមានការអភិវឌ្ឍជាងរស់នៅក្នុងមណ្ឌល។
កុមារកំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារប្រមាណជាជាង៣.៥០០នាក់នេះ នឹងត្រូវបញ្ជូនឲ្យទៅរស់នៅជាមួយក្រុមគ្រួសារវិញ បន្ទាប់ពីក្រសួងរកឃើញថា ការរស់នៅកន្លែងថែទាំកុមារ អាចបង្កគ្រោះថ្នាក់ចំពោះការអភិវឌ្ឍផ្នែកសង្គម ផ្លូវកាយ សតិបញ្ហា និងផ្លូវចិត្តរបស់កុមារ។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសង្គមកិច្ច សហការ និងគាំទ្រដោយអង្គការយូនីសេហ្វ បានប្រកាសផ្សព្វផ្សាយនូវរបាយការណ៍ស្តីពីការកំណត់ទីតាំងកន្លែងថែទាំកុមារក្នុងរាជធានី-ខេត្ត ទាំង២៥ និងផែនការពង្រឹងការថែទាំកុមារ និងសមាហរណកម្មកុមារចំនួន៣០ភាគរយពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសារប្រកបដោយសុវត្ថិភាព ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨។
គំហើញថ្មីមួយបង្ហាញថា មណ្ឌលថែទាំកុមារ ឬមណ្ឌលកុមារកំព្រា មានចំនួន ៤០៦កន្លែង នៅទូទាំងប្រទេស។ ក្នុងនោះ មណ្ឌលចំនួន៣៨ភាគរយមិនធ្លាប់ត្រូវបានធ្វើអធិការកិច្ចដោយក្រសួង ចំនួន១២ភាគរយ មិនបានចុះបញ្ជី និងមណ្ឌលចំនួន ២១ភាគរយ ពុំមានអនុស្សារណៈនៃការយោគយល់ជាមួយស្ថាប័នណាមួយរបស់រដ្ឋាភិបាល។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្ននេះកុមារជាច្រើនកំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារ ឬហៅថាមណ្ឌលកុមារកំព្រា ស្របពេលមណ្ឌលទាំងនោះមានការកើនឡើង។ លោកបន្ថែមថា កុមារដែលកំពុងរស់នៅក្នុងមណ្ឌលទាំងនោះមិនមែនសុទ្ធតែជាក្មេងកំព្រាគ្មានឪពុកម្តាយទាំងអស់នោះទេ ប៉ុន្តែលោកថា ដោយសារឪពុកម្តាយរបស់ពួកគេមានការខ្វះខាតផ្នែកជីវភាព។
លោក វង សូត បន្ថែមថា ការរស់នៅកន្លែងថែទាំកុមារ អាចបង្កគ្រោះថ្នាក់ចំពោះការអភិវឌ្ឍសង្គម ផ្នែក ផ្លូវកាយ សតិបញ្ញា និង ផ្លូវចិត្តរបស់កុមារ ដូច្នេះក្រសួងកំពុងបញ្ជូនកុមារចំនួន៣០ភាគរយ នៃចំនួនកុមារសរុបដែលរស់នៅក្នុងមណ្ឌល ឬស្មើប្រមាណជាជាង៣.៥០០នាក់ ដែលរកឃើញថាមានឪពុកម្តាយ ឲ្យទៅរស់នៅជាមួយគ្រួសារក្នុងសហគមន៍របស់ពួកគេវិញ។ លោកបន្តថា បន្ទាប់ពីបញ្ជូនកុមារទាំងនោះទៅរស់នៅជាមួយគ្រួសារវិញ ក្រសួងក្រោមការសហការជាមួយអង្គការយូនីសេហ្វ នឹងជួយឧបត្ថម្ភក្រុមគ្រួសារទាំងនោះដើម្បីឲ្យពួកគេអាចមានលទ្ធភាពចិញ្ចឹមបីបាច់កូនៗរបស់ពួកគេ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖
«បើសិនណាជាស្ថានភាពកុមារហ្នឹង ស្ថិតក្នុងស្ថានភាពឪពុកម្តាយលំបាក យើងបង្វែរការទ្រទ្រង់ ជាពិសេសអង្គការដៃគូច្រើនណាស់។ យើងបង្វែរការទ្រទ្រង់ទៅផ្តល់ឲ្យក្មួយៗនៅតាមសហគមន៍នៅតាមផ្ទះហ្នឹងតែម្តង។ ឧបមាថា មួយថ្ងៃឲ្យរបបគាត់ជួយប៉ុន្មានរៀល ឬឧបត្ថម្ភស្បៀងអាហារប្រចាំខែអីយ៉ាងម៉េច យើងឲ្យទៅក្រុមគ្រួសារ។ ហើយយ៉ាងណាឲ្យក្រុមគ្រួសារនេះស្ថិតក្នុងភាពថែទាំបីបាច់ថែរក្សាកូនក្មួយរបស់យើង វាមានភាពល្អប្រសើរជាង»។
លោក វង សូត បន្ថែមថា កន្លងមកនៅតាមមណ្ឌលថែទាំកុមារមួយចំនួនត្រូវគេរកឃើញថា មានការកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារទាំងផ្លូវកាយ ផ្លូវ ចិត្ត និងផ្លូវភេទ។ ដូច្នេះលោកថា មណ្ឌលថែទាំកុមារ គឺជាជម្រើសចុងក្រោយ និងគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយទីកន្លែងល្អបំផុតសម្រាប់កុមារ គឺក្រុមគ្រួសារ។
បើតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ចក្នុងឆ្នាំ២០១៥ ក្នុងចំណោមកុមារកម្ពុជាចំនួន៣៥០នាក់ មានកុមារម្នាក់រស់នៅក្នុងមណ្ឌលថែទាំ។ ក្នុងនោះ ៨០ភាគរយនៃកុមាររស់នៅតាមមណ្ឌលថែទាំ យ៉ាងហោចណាស់ នៅមានឪពុកឬម្តាយ នៅរស់នៅឡើយ។
លោកស្រី ដេបូរ៉ា កូមីនី (Debora Comini) ប្រធានអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា លើកឡើងថា ការបញ្ជូនកុមារពីក្នុងមណ្ឌលទៅរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ គឺជាការឆ្ពោះទៅរកការកែទម្រង់ប្រព័ន្ធថែទាំកុមារឲ្យកាន់តែទូលាយ ប្រកបដោយនិរន្តរភាព។ លោកស្រីបន្ថែមថា បុគ្គលិកធ្វើការផ្នែកសង្គមកិច្ចនឹងតាមឃ្លាំមើលកុមារដែលត្រូវបានបញ្ជូនទៅក្រុមគ្រួសាររបស់ពួកគេទាំងនោះ ហើយថា ប្រសិនបើកុមារទទួលរងការធ្វើបាប ឬការកេងប្រវ័ញ្ចណាមួយពីសមាជិកគ្រួសារ នោះមន្ត្រីសង្គមកិច្ច នឹងបញ្ជូនពួកគេទៅកាន់កន្លែងដែលមានសុវត្ថិភាពផ្សេងទៀត។
លោកស្រីបញ្ជាក់ថា៖
«ប្រសិនបើនៅដំណាក់កាលគ្រួសារមួយបោះបង់កូនចោល គ្រួសារនោះគឺមានភាពងាយរងគ្រោះ។ ដូច្នេះគ្រួសារដែលមានភាពងាយរងគ្រោះគួរទទួលបានការជួយឧបត្ថម្ភគាំទ្រ និងការពិនិត្យតាមដាន។ ប្រសិនបើមានការរំលោភបំពានណាមួយដែលមិនអាចទប់ស្កាត់បាននៅក្នុងគ្រួសារកំណើតនោះ នៅមានជម្រើសផ្សេងទៀត ដូចជា មានការស្មុំកូនយកទៅចិញ្ចឹម។ ក្មេងខ្លះអាចមានភាពល្អប្រសើរជាង នៅពេលពួកគេរស់នៅជាមួយគ្រួសារផ្សេង។ ប៉ុន្តែបញ្ហាសំខាន់គឺនោះគឺថា គ្រួសារផ្សេងទៀតនោះមិនចាំបាច់ត្រូវតែជាគ្រួសារដែលមានជាប់សាច់ឈាមនោះទេ តែជាគ្រួសារដែលចាត់ទុកក្មេងនោះជាកូនបង្កើតរបស់ខ្លួន»។
របាយការណ៍របស់ក្រសួងសង្គមកិច្ចបង្ហាញថា បច្ចុប្បន្ននេះ កុមាររស់នៅក្នុងកន្លែងថែទាំកុមារ មានចំនួន ២៦,១៨៧នាក់ កំពុងរស់នៅ ក្នុងកន្លែងថែទាំកុមារចំនួន ៦៣៩ កន្លែងទូទាំងប្រទេស។ ចំនួននេះរាប់បញ្ចូលទាំងមណ្ឌលកុមារកំព្រា ផ្ទះសំចត ផ្ទះរស់នៅជាក្រុម សាលារៀនដែលផ្តល់កន្លែងស្នាក់នៅដល់សិស្ស វត្តអារាម និងអគារសាសនាផ្សេងទៀត៕