វ៉ាស៊ីនតោន/ភ្នំពេញ៖ ប្រទេសកម្ពុជាបានបើកទំព័រថ្មីក្នុងឆ្នាំ២០១៤ដោយភាពខ្មៅងងឹតមួយសម្រាប់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដោយសារតែមានការបង្ក្រាបយ៉ាងហិង្សាឃោរឃៅមកលើកម្មកររោងចក្រដែលបានទាមទារឱ្យមានការដំឡើងបា្រក់ខែនិងការបណ្តេញបាតុករអហិង្សារបស់គណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់របស់សកម្មជនសិទ្ធិមនុស្ស។
លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖ «អ្វីដែលកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះជាជំហានមួយដើរថយក្រោយដ៏ធំសម្រាប់ដំណើរការប្រជាធិបតេយ្យ»។
លោកបានបន្ថែមទៀតថា៖ «ការវិវត្តន៍នេះគឺជាការវិវត្តន៍មួយគួរឱ្យព្រួយបារម្ភ»។
យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយកងកម្លាំងមានសមត្ថកិច្ចកាលពីថ្ងៃសុក្រទី៣ខែមករានិងបង្កឱ្យមនុស្សជិត៤០នាក់រងរបួសដោយសារកងកម្លាំងមានសមត្ថកិច្ចបានប្រើប្រាស់អាវុធធុនស្វ័យប្រវត្តិបាញ់រះទៅលើហ្វូងបាតុករ។
ការតវ៉ារបស់ពលរដ្ឋខ្មែរនិងក្រុមកម្មករដែលចង់បានប្រាក់បៀវត្សរ៍១៦០ដុល្លារបានពុះកញ្ជ្រោលឡើងក្នុងខណៈពេលដែលប្រទេសកម្ពុជាកំពុងជាប់គាំងនយោបាយដោយសារតែគណបក្សសង្គ្រោះជាតិមិនទទួលយកលទ្ធផលពីការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣ដែលផ្តល់ជ័យជម្នះយ៉ាងប្រផិតប្រផើយទៅឱ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក អ៊ូ វីរៈ បានបន្ថែមថា ច្រកនៃការចរចាជាជម្រើសដ៏ប្រសើរមួយនាពេលបច្ចុប្បន្ននេះ៖ «ដរាបណាដំណោះស្រាយនយោបាយរវាងគណបក្សទាំងពីរមិនអាចដោះស្រាយបាន គឺយើងទុកឱកាសឱ្យមានអំពើហិង្សានេះកាន់តែច្រើនឡើងហើយ អញ្ចឹងហើយមកដល់ពេលបច្ចុប្បន្ននេះយើងឃើញថា ជាប្រទេសមួយដែលអាចប្រេះឆាបានគឺជាការព្រួយបារម្ភដែលខ្ញុំតែងតែបានព្យាយាមក្នុងការជំរុញដើម្បីបញ្ចៀសហើយខ្ញុំនៅតែយល់ថាគណបក្សទាំងពីរដើម្បីផលប្រយោជន៍ជាតិត្រូវតែវិលត្រឡប់ទៅតុចរចាឱ្យបានលឿនដោយគ្មានលក្ខខណ្ឌហើយគួរបន្តជជែកគ្នាជាជាងជជែកបានបន្តិចហើយឈប់ពីរបីខែបែបនេះ»។
ប៉ុន្មានម៉ោងក្រោយពីការបណ្តេញបាតុករអហិង្សារបស់គណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ គណបក្សកាន់អំណាចបានប្រកាសអំពាវនាវឱ្យមានការចរចាគ្នាឡើងវិញ។
លោកឈាង វ៉ុន សមាជិកសភានៃគណបក្សគ្រប់គ្រងប្រទេសបានបញ្ជាក់បន្ថែមពីជំហររបស់គណបក្សលោកនិងបានដាក់ការទទួលខុសត្រូវលើអំពើហិង្សាកន្លងមកលើគណបក្សប្រឆាំង។
លោកថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំមានការសោកស្តាយចំពោះបញ្ហាដែលបានកើតមានឡើងធ្វើឱ្យមានគ្រោះថ្នាក់ដល់បងប្អូនខ្មែរយើង។ គណបក្សសង្គ្រោះជាតិជាពិសេសថ្នាក់ដឹកនាំទាំងពីររូបគឺឯកឧត្តមសម រង្ស៊ី និង ឯកឧត្តមកឹម សុខា ត្រូវទទួលខុសត្រូវចំពោះបញ្ហាហ្នឹងព្រោះគណបក្សប្រជាជនកម្ពុជាតែងតែគិតថាយើងគ្មានដំណោះស្រាយអ្វីក្រៅពីការចរចាគ្នាទេ។ ខ្ញុំបញ្ជាក់ឡើងវិញថា មានតែការចរចាគ្នាអង្គុយមកជជែកគ្នាធ្វើការជាមួយគ្នារកដំណោះស្រាយជាមួយគ្នា»។
លោក ឈាង វ៉ុន បានបន្ថែមទៀតថា៖ «ប្រសិនបើគណបក្សសង្គ្រោះជាតិនៅ តែពង្រឹងកម្លាំងយកអំណាចពលរដ្ឋយកមកចង់គាបសង្កត់គណបក្សប្រជាជនកម្ពុជាខ្ញុំឃើញថាទៅ មិនរួចទេ»។
យ៉ាងណាក៏ដោយលោកអ៊ូ វីរៈបានសម្តែងការសោកស្តាយដែលរដ្ឋាភិបាលបានប្រើកម្លាំងប្រដាប់អាវុធហើយទើបហៅឱ្យមានការចរចាគ្នា។
លោកពន្យល់ថា៖ «បេះដូងកំពុងតែហ៊ានវាអាចនឹងបាត់ទៅវិញហើយនេះជាការព្រួយបារម្ភរបស់ខ្ញុំ»។
លោកបានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋាភិបាលកម្ពុជាដែលយកកងកម្លាំងយោធាជាពិសេសកងទ័ពពិសេស៩១១មកបង្រ្កាបលើក្រុមកម្មករដែលតវ៉ាដោយសារវាមិនត្រូវភារកិច្ចក្នុងការដោះស្រាយកិច្ចការជនស៊ីវិល៕