វ៉ាស៊ីនតោន៖ ការរក្សាតុល្យភាពអំណាចតាមរូបមន្តឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាលនិងគណបក្សសង្គ្រោះជាតិគ្រប់គ្រងសភាជាតិគឺជាដំណោះស្រាយមួយដែលរសើបនិងមិនអាចទទួលយកបានដោយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ។ នេះបើតាមការឱ្យដឹងពីអ្នកវិភាគ។
លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖
«ការព្រួយបារម្ភរបស់គណបក្សប្រជាជនវាមានគន្លឹះហ្នឹងដែលគណបក្សប្រជាជនគាត់ព្រួយបារម្ភហ្នឹងគឺបើសិនជាសភាជាប់គាំង ទី១ថវិកាជាតិនៅក្នុងប្រទេសកម្ពុជាគឺមិនត្រូវបានអនុម័តហើយទីពីរសភាបើទុកគាំងរហូតសភាប្រហែលជាត្រូវរំលាយរដ្ឋាភិបាលហើយបើសិនជារំលាយរដ្ឋាភិបាលហើយបង្កើតម្តងទៀតត្រូវរំលាយម្តងទៀតគឺត្រូវតែប្រកាសឱ្យមានការបោះឆ្នោតមុនអណត្តិ។ នេះជារឿងមួយដែលគណបក្សប្រជាជនមានការព្រួយបារម្ភបន្តិច»។
ការជាប់គាំងនយោបាយកំពុងរួតរឹតប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នហើយជាបណ្តើរៗកំពុងមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចប្រទេសនេះ។
គណបក្សសង្គ្រោះជាតិដែលប្រកាសអះអាងថាខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោតដោយទទួលបានអាសនៈ៦៣ហើយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទទួលបានតែ៦០នោះបានប្រកាសថាខ្លួនសុខចិត្តធ្វើសម្បទានដោយទទួលកាន់កាប់ធ្វើប្រធានសភាហើយទុករដ្ឋាភិបាលឱ្យគណបក្សប្រជាជនកម្ពុជាកាន់ដដែល។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសប្រាប់អ្នកសារព័ត៌មានថា៖
«ប្រសិនបើប្រគល់តំណែងប្រធានរដ្ឋសភាឱ្យគេច្បាស់ណាស់ថាសភាជាប់គាំង។ បើសភាជាប់គាំងច្បាស់ណាស់ថារាជរដ្ឋាភិបាលក៏ជាប់គាំងដែរ។ អស់លោកដឹងទេអំពីនីតិវិធីរដ្ឋសភានៅត្រង់ថាសេចក្តីស្នើទាំងឡាយពីរាជរដ្ឋាភិបាលត្រូវឆ្លងកាត់ប្រធានសភាបើប្រធានសភាមិនព្រមកោះប្រជុំអចិន្ត្រៃយ៍ឬប្រធានសភាមិនព្រមដាក់ចូលក្នុងរបៀបវារៈគឺបានសេចក្តី ថាជាប់គាំងហើយ»។
គណបក្សប្រជាជនកម្ពុជាត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថាឈ្នះបាន៦៨អាសនៈក្នុងសភាដែលមាន១២៣អាសនៈដែលជាចំនួនឈ្នះគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលតែម្នាក់ឯងនិងដឹកនាំសភាជាតិ។
លោកអ៊ូ វីរៈបន្ថែមថាការប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចអាចនឹងប៉ះពាល់បើទោះបីជាវិនិយោគិនមកពីប្រទេសចិន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសឹង្ហបុរីមិនមានការខ្វាយខ្វល់ក៏ដោយ។
លោកអ៊ូ វីរៈបានបញ្ជាក់នូវរូបមន្តដើម្បីដោះស្រាយបញ្ហាជាប់គាំងថាត្រូវមានការ យល់ព្រមលើកំណែទម្រង់សំខាន់ៗ ចែកអំណាចសភាដោយគណបក្សប្រជាជនកម្ពុជាកាន់តំណែងប្រធានសភានិងអនុប្រធានទី២ព្រមទាំងតំណែងប្រធានគណៈកម្មការចំនួន៤ រីឯគណបក្សសង្គ្រោះជាតិវិញទទួលយកតំណែងអនុប្រធានទី១សភាជាតិ និងប្រធានគណៈកម្មការចំនួន៥ ហើយជាចុងក្រោយត្រូវបង្កើតគណៈកម្មាការពិសេសមួយដើម្បីកំណែទំរង់ ដោយមានគណបក្សសង្គ្រោះជាតិជាប្រធាន។
«នេះជារូបមន្តដែលខ្ញុំស្នើឡើងហើយរូបមន្តទាំងបីត្រូវយល់ព្រមទាំងបីទើបខ្ញុំមើលទៅទើបមានផលប្រយោជន៍សម្រាប់ជាតិ។ បើសិនជាយល់ព្រមអញ្ចឹងអាចយកផលប្រយោជន៍កំណែទម្រង់យកផលប្រយោជន៍ទៅ អនាគតជាធំខ្ញុំមើលទៅបានផលប្រយោជន៍អាចដោះស្រាយបាន»។
លោក អ៊ូ វីរៈបានបញ្ជាក់ថាលទ្ធភាពនៅ តែមានក្នុងការដែលគណបក្សប្រជាជនកម្ពុជាត្រូវបង្ខំចិត្តដើម្បី រឹបយកអាសនៈនៅ សល់ទាំង៥៥របស់គណបក្សសង្គ្រោះជាតិមកតែម្នាក់ឯងដែលធ្វើឱ្យសភានេះក្លាយទៅជាឯកបក្សដូចការលើកឡើងក្នុងពេលកន្លងមក៖
«បើសិនជាអញ្ចឹងមែននៅតែអាចធ្វើបានប៉ុន្តែដូចនឹងប្រទេសភូមាកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ មានន័យថាប្រទេសកម្ពុជាប្រហែលជាដើរថយក្រោយច្រើនមែនទែនហើយ។ យើងក្លាយទៅ ជាប្រទេសមួយដែលបរាជ័យទាំងសេដ្ឋកិច្ចទាំងនយោបាយហើយខ្ញុំមើលទៅប្រជាពលរដ្ឋខ្មែរយើងនឹងរងគ្រោះខ្លាំងមែនទែន»។
យ៉ាងណាក៏ដោយលោកបញ្ជាក់ថាគណបក្សសង្គ្រោះជាតិមិនដែលប្រកាសបោះបង់អាសនៈសភាទេ គ្រាន់តែមិនទាន់ស្បថដើម្បី ចូលកាន់តំណែង៕