អនុប្រធានសភាកម្ពុជាគឺលោកកឹម សុខា បានរិះគន់ដល់ការចំណាយថវិការដ្ឋ ក្នុង ឆ្នាំ២០១៣ថាមានលក្ខណៈ «ពុករលួយ» និង ចំណាយ «ខ្ជះខ្ជាយ» ដែលនេះជាមូលហេតុដែលគណបក្សប្រឆាំងមួយនេះមិនព្រមអនុម័តយល់ព្រមតាមការចង់បានរបស់រដ្ឋាភិបាលកម្ពុជាទេ។
សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចចំនួន៦៧រូបបានអនុម័តនៅថ្ងៃច័ន្ទនេះទទួលយក សេចក្តីព្រាងច្បាប់ស្តីពី«ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ២០១៣»មកពិចារណាដោយមិនមានការយល់ព្រមពីគណបក្សមិនកាន់អំណាចឡើយ។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសនៅលើទំព័រ Facebook របស់លោកនៅថ្ងៃច័ន្ទដែរថា៖
«មូលហេតុ តំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិយល់ឃើញថា បើខ្លួនគាំទ្រសេចក្ដីព្រាងច្បាប់នេះ មានន័យថា យើងចូលរួមគាំទ្រអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលមតិជាតិ និងអន្ដរជាតិ បានរកឃើញនៅកម្ពុជា ព្រោះចំណូលថវិកាជាតិបានបាត់បង់ច្រើន និង ចំណាយថវិកាជាតិ មិនសមស្របនិងខ្ជះខ្ជាយ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលពោធិ៍សាត់គឺលោកងឹម ញេង បានលើកឡើងថា ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានខ្ចីលុយពីបរទេសលើសពីច្បាប់កំណត់រហូតជាង៥០ភាគរយដែលនឹងក្លាយជាបន្ទុកសម្រាប់ពលរដ្ឋកម្ពុជាជំនាន់ក្រោយត្រូវសងបំណុលនេះវិញ។
«ការខ្ចីបុលបរទេសច្បាប់បានអនុម័តឱ្យយើងខ្ចីគេតែ១៨០.០០០លានលានរៀលទេប៉ុន្តែយើងខ្ចីទេរហូតដល់២៨០.៦៧៤លានលានរៀលដែលលើសច្បាប់រហូតដល់១៥៥,៩ភាគរយ។ អញ្ចឹងយើងអាចទាញមកវិញថាចំណូលយើងមានការកើនឡើងហើយអញ្ចឹងវាគ្រប់សម្រាប់ការចំណាយនៅក្នុងប្រទេសហើយរួចយើងខ្ចីគេខ្ចីរហូតដល់ទៅលើសច្បាប់កំណត់ដល់ទៅ ១៥៥,៩ភាគរយ។ ជាទស្សនៈវិស័យជំនួយបរទេសជាបន្ទុកសម្រាប់មនុស្សជំនាន់ក្រោយ»។
សម្រាប់ការពិភាក្សាលម្អិតសភាបានអនុម័តតែជំពូកទីមួយនៃច្បាប់ដែលមានបីជំពូកហើយនឹងបន្តការពិភាក្សានៅ ថ្ងៃអង្គារទៀត។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៕