គណៈរដ្ឋមន្ត្រីកម្ពុជា បានអនុម័តសេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (the United Nations Conventions against Corruption)នៅកម្ពុជាកាលពីថ្ងៃសុក្រ ដោយយល់ថា យន្តការដែលធ្វើឱ្យជនខិលខូចអាម៉ាស់លែងហ៊ានប្រព្រឹត្តអំពើពុករលួយ ហើយទទួលទណ្ឌកម្មពីសង្គមមានលក្ខណៈល្អប្រសើរជាងការដាក់ទោសទណ្ឌដោយយន្តការច្បាប់។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យ តាមរយៈការអនុវត្តយន្តការជាច្រើនក្នុងការប្រយុទ្ធនឹងអំពើពុករលួយដូចជាយន្តការការប្រកាសទ្រព្យសម្បត្តិ និងយន្តការធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងអំពីភាពមិនប្រក្រតីនៃកំណើនធនធានរបស់មន្ត្រីខិលខូចជាដើម។
«ដូច្នេះការងារទាំងអស់នេះហើយ ដែលយើងរៀបចំ ពីព្រោះយើងរៀបចំឱ្យសង្គមមួយប្រកបដោយការរស់នៅដោយក្សេមក្សាន្តទាំងអស់គ្នា ក៏ប៉ុន្តែអ្វីដែលវាមិនមានជាភាពសុច្ចរិតអ្វីដែលមិនប្រក្រតី អ្វីនោះ ហើយដែលអ្នកនោះទទួលអាម៉ាស់ពីសង្គមខ្លួនឯង ទទួលទណ្ឌកម្មពីសង្គមខ្លួនឯង មិនមែនទណ្ឌកម្មពីរាជរដ្ឋាភិបាលទេ។ នេះជាអ្វីដែលយើងចង់ឱ្យក្លាយទៅជាវប្បធម៌ មិនមែនគ្រាន់តែជាអ្វីដែលជាវិធាន ដើម្បីដាក់ទណ្ឌកម្មដើម្បីបំបាត់អំពើនោះទេ»។
មានមន្ត្រីរដ្ឋាភិបាល តុលាការ និងប៉ូលិសដែលបានប្រព្រឹត្តអំពើពុករលួយក៏ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារផងដែរ។ ករណីថ្មីៗនេះគឺប្រធានតុលាការក្រុងភ្នំពេញ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា យល់ថា ប្រទេសកម្ពុជាបានអនុវត្តតាមមាត្រា និងខ្លឹមសារមួយចំនួននៃអនុសញ្ញាប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិនេះហើយក៏នៅមានចំណុចជាច្រើនទៀត ដែលទាមទារឱ្យមានការគោរពតាម ក្នុងនោះមានការធ្វើច្បាប់ការពារសាក្សី និងអ្នករាយការណ៍ពីអំពើពុករលួយជាដើម។
ប៉ុន្តែ អ្វីដែលធ្វើឱ្យលោក ព្រាប កុល កត់សម្គាល់ថាជាសញ្ញាវិជ្ជមាននោះ គឺការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការចំពោះអំពើពុករលួយ៖
«ជាពិសេសប្រជាពលរដ្ឋ គាត់យល់ដឹងអំពីអំពើពុករលួយ ហើយគាត់មានការយកចិត្តទុកដាក់ច្រើនជាងមុន។ គាត់ហ៊ាននិយាយអំពីបញ្ហាពុករលួយ រាយការណ៍ ហើយគាត់លែងចាត់ទុកអំពើពុករលួយថាជារឿងធម្មតាដូច៥ ឬ ៦ ឆ្នាំមុន ដែលគាត់គិតថា វាជាមធ្យោបាយរស់នៅ ប៉ុន្តែឥឡូវនេះ គាត់ចាត់ទុកថាអំពើពុករលួយជាអំពើធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱ្យអ្នកនយោបាយ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការឱ្យខាងតែបាន និងជាអាទិភាពបំផុត»។
សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយនៅកម្ពុជានេះ (UNCAC) ត្រូវបានរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ។
UNCAC គឺជាលិខិតបទដ្ឋានគតិយុទ្ធអន្តរជាតិ ដែលមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយកម្រិតសាកលលោក។
ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) តាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៧៕