ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះ បានបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះពីបទបដិសេធក្នុងការចូលខ្លួនតាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទមិនព្រមចូលខ្លួនតាមដីកាកោះហៅ ដោយគ្មានមូលហេតុត្រឹមត្រូវពាក់ព័ន្ធនឹងបទសញ្ចារកម្មលើសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោកកឹម សុខា ផ្ទាល់។
សេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៣ ខែសីហា លោកចៅក្រមថាន់ ឡេង បានបញ្ជាក់ថា ចៅក្រមបានស៊ើបសួរចប់សព្វគ្រប់លើសំណុំរឿងរបស់លោកកឹម សុខា ហើយសម្រេចបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។ រហូតមកដល់ពេលនេះ តុលាការមិនទាន់សម្រេចកាលបរិច្ឆេទនៃការជំនុំជម្រះនេះនៅឡើយ។
VOA មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកចៅក្រមថាន់ ឡេង បានទេ។ ចំណែកលោក កឹម សុខា និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏មិនអាចទាក់ទងសុំការឆ្លើយតបបានដែរ។
មាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌចែងថា រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនទៅ១លានរៀល។
កាលពីខែកក្កដា ឆ្នាំ២០១៦ លោកចៅក្រម ថាន់ ឡេងបានសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសកម្ពុជា។ ចៅក្រមបញ្ជាក់ថា ប្រសិនបើជនត្រូវចោទគេចវេសដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន។
ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ការដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ ជាការរំលោភលើរដ្ឋធម្មនុញ្ញ ខណៈតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ។ តំណាងរាស្រ្តបក្សប្រឆាំងចាត់ទុកការសម្រេចរបស់តុលាការជារឿងនយោបាយ។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា។ ការសុំការយល់ព្រមពីរដ្ឋសភានេះ ត្រូវបានលើកលែងក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
គួរបញ្ជាក់ថា លោក កឹម សុខា បានកំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ដើម្បីគេចពីការចាប់ខ្លួន បន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក៕