ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​រំឭក​ខួប​២០​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែក​នៅមុខ​រដ្ឋ​សភា​ចាស់


លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

មេ​ដឹកនាំ ​និង​ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពិធី​រំឭក​ខួប​២០​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែក​ដៃ​នៅ​មុខ​រដ្ឋ​សភា​ចាស់​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​១៦ ​និង​ជាង​១០០​នាក់​រង​របួស​កាលពីថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​១៩៩៧។

ការ​ធ្វើ​ពិធី​រំឭក​ខួប​២០​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែក​ដៃ​នេះ​ធ្វើ​ឡើង​ ​ក្រោយ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch​ ដែល​បាន​ទទូច​ជាថ្មី​ឲ្យ​សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ និង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​ក្នុង​អំពើ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​លើ​ហ្វូង​បាតុករ​ក្រុម​ប្រឆាំង​កាលពី​២០​ឆ្នាំ​មុន។​

អង្គការ​នេះ​ក៏​បាន​ទទូច​ឲ្យ​ប៉ូលិស​នៃ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ ឬហៅ​កាត់ថា FBI) ​បើក​កិច្ច​ស៊ើប​អង្កេត​បន្ត​ទៀត។​

ក្នុង​ពិធី​រំឭក​ដល់​ខួប​២០​ឆ្នាំ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​១០០​នាក់​នោះ​ ​ជន​រងគ្រោះ​ដែល​រង​ការ​វាយ​ប្រហារ​នោះ​ បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​ប្រើ​អំពើ​ហិង្សា​មក​ក្រុម​តវ៉ា​ ដែល​ធ្វើ​ការ​សម្តែង​មតិ​ដោយ​អហិង្សា។

អ្នកស្រី​ប៉ុល ផល្លី​ វ័យ​៥០​ឆ្នាំ​ ដែល​បាន​ធ្លាក់​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​រហូត​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ ក្រោយ​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​នោះ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​បែប​នេះ​តទៅ​ទៀត។​

«សូម​កុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អីចឹង​ ហើយ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ ជន​រងគ្រោះ»។​

លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ មិន​មាន​សារ​នយោបាយ​អ្វី​ក្នុង​ពិធី​រំឭក​នៃ​ការ​គប់​គ្រាប់បែក​នោះ​ទេ។​ តែ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​បញ្ឈប់​ការ​ជេរ​ប្រមាថ​ និង​បរិហារ​កេរ្តិ៍​គ្នា​ ដើម្បី​ឈាន​ដល់​ការ​បង្កើត​យុត្តិធម៌​មួយ​ដល់​សង្គម​កម្ពុជា។​

(សូមចុចមើលកម្រងរូបភាព​នៃការ​ប្រារព្ធពិធី​រំឭកខួប២០ឆ្នាំនៃការគប់គ្រាប់បែក)

លោក​ថ្លែង​ថា៖​ «យុត្តិធម៌​កើត​មាន​បាន​ទាល់​តែ​យើង​កាត់​បន្ថយ​ ឬ​លុប​បំបាត់​នូវការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ការ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​ ពាក្យ​អសុរស​ ការ​មួល​បង្កាច់​ ការ​ប្រើ​អំពើ​ហិង្សានា​នា។​ ទាំងអស់​នេះ​ យើង​គិត​ថា​ យើង​អាច​នឹង​កាត់​បន្ថយ​ការ​ឈឺចាប់​ទាំង​អស់​គ្នា»។​

ទាក់​ទិន​ដំណើរ​ការ​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នេះ​ លោក​ប្រេដ អាដាំស៍​ (Brad Adams) ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្យ​ (Human​ Rights ​Watch)​ ប្រចាំ​តំបន់​អាស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែលចេញ​កាលពី​ថ្ងៃពុធ​ថា ​មាន​ភស្តុតាង​ដែល​មិន​អាច​បដិសេធ​បាន​នៃ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អង្គភាព​កង​អង្គរ័ក្ស​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​អំពើ​ឃោរឃៅ​នេះ។​

លោក​បន្ត​ថា​ ការណ៍​នេះ​មាន​ន័យ​ថា ​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​ក្នុង​ស្រុក​មិន​អាច​កើត​ឡើង​បាន​នោះ​ទេ។ ​លោក​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«អង្គការ​សហ​ប្រជាជាតិ ​និង​ម្ចាស់​ជំនួយ​របស់​កម្ពុជា​ដែល​ផ្តល់​ជំនួយ​ដ៏ធំ​សម្រាប់​ថវិកា​ជាតិ​ ត្រូវតែ​ទាមទារ​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ដែល​បំផ្លាញ​ដល់​ដំណើរការ​ផ្លាស់ប្តូរ​ឲ្យ​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»។​

លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ប្រាប់​ VOA ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​គឺ​ជា​ការ​តាម​បរិហារ​កេរ្តិ៍គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។​

«ព្រឹត្តិ​ការណ៍​ហ្នឹង​វា​កើត​២០​ឆ្នាំ​រួច​ហើយ​ ហើយ​២០​ឆ្នាំ​មក​នេះ​និយាយ​រួម​គឺ​គណបក្ស​ប្រឆាំង​ហ្នឹង​ក៏​បង្សុកូល​២០​ដង​ដែរ។​ ហើយ​លោក​ប្រេដ អាដាំស៍​ហ្នឹង​ ក៏​បែប​ចង់​និយាយ​បរិហារ​ [កេរ្តិ៍] ​រាជ​រដ្ឋាភិបាល​ហ្នឹង​ក៏​២០​ដង​ដែរ។ ​អីចឹង​យើង​យល់​ថា​ បើ​ទោះបី​ថា​ ​គាត់​និយាយ​តទៅ​ទៀត​ប៉ុន្មាន ក៏​វា​មិន​មាន​ប្រសិទ្ធភាព​អី​ដែរ»។​

លោក​សុខ ឥសាន​ អះអាង​ថា​បូលិស​ FBI​ ក៏​បាន​បិទ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

ក៏ប៉ុន្តែ​ លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ និង​ជា​អតីត​ជន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​គ្រាប់បែក​ដៃ​នោះ​ដែរ​ បាន​ប្រាប់​អ្នក​ចូលរួម​ក្នុង​ពិធី​រំឭក​ដល់​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​ដ៏​ប្រល័យ​នោះ​ថា​ ដំណើរ​ការ​យក​យុត្តិធម៌​ជូន​ជនរង​គ្រោះ​នឹង​នៅតែ​បន្ត​ជានិច្ច។​

លោក​បាន​ថ្លែង​តាម​រយៈ​សន្និសីទ​ព័​ត៌មាន​វីឌីអូ ​នៅ​ក្នុង​ពិធី​រំឭក​នៃ​ការ​គប់​គ្រាប់​បែក​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​

«កុំ​នឹក​ថា​ ២០​ឆ្នាំ​យូរ​ហើយ ​ត្រូវតែ​បំភ្លេច​ចោល​ទៅ!​ មិន​អាច​រក​យុត្តិធម៌​ឃើញ​ទេ។​ មិន​ទេ​ ​បងប្អូន!​ ​បទ​ឧក្រិដ្ឋ​សម្លាប់​មនុស្ស​ដូចការ​គប់​គ្រាប់បែក​នេះ​ គឺ​ជា​បទ​ឧក្រិដ្ឋ​មិន​អាច​បំភ្លេច​បាន​ទេ។ ​ដូច​បទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​ពួក​ខ្មែរ​ក្រហម​ ​ជាង​៤០​ឆ្នាំ​ហើយ ​ម៉េច​ក៏​មាន​តុលាការ​កំពុង​តែ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម?​ សោក​នាដកម្ម​ថ្ងៃទី​៣០​ មីនា​ ឆ្នាំ​១៩៩៧​ ទើបតែ​២០​ឆ្នាំ​ទេ​ ទោះជា​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ក៏​ដោយ​ គឺ​យើង​នៅតែ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​វិញ»។​

នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​ ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​១៩៩៧​នោះ​ មាន​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់​ចំនួន​១៦​នាក់​ ដែល​ជា​បុរស ​ស្រ្តី​ និង​ក្មេងៗ​ និង​ជាង​១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។​

ការ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​ ខណៈ​ដែល​លោក​សម​ រង្ស៊ី ​កំពុង​ដឹកនាំ​អ្នក​គាំទ្រ​របស់​លោក​ប្រមាណ​២០០​នាក់​នៅ​លើ​សួនច្បារ​ក្បែរ​រដ្ឋ​សភា​ចាស់​ ដើម្បី​រិះ​គន់​ភាព​មិន​ឯករាជ្យ​របស់​ប្រព័ន្ធ​តុលាការ​ និង​ប្រព័ន្ធ​តុលាការ​ពុករលួយ​នៅ​កម្ពុជា។

របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក​ថា​ នៅ​ថ្ងៃ​ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នោះ​ ​កង​អង្គរ័ក្ស​ផ្ទាល់​ខ្លួន​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​ជា​លើក​ដំបូង​នៅ​ឯ​ទី​កន្លែង​ធ្វើ​បាតុកម្ម។​ កង​អង្គរ័ក្ស​នោះ​ត្រូវ​គេ​ស្គាល់ថា​ ​ជា​កងពល​តូច​«ង​៧០»។​

ជាមួយ​នឹង​ឧបករណ៍​ទប់​ស្កាត់​អំពើ​កុប្បកម្ម​គ្រប់​យ៉ាង​ កង​ពល​នេះ​មិន​ត្រឹម​តែ​បរាជ័យ​នៅ​ក្នុង​ការ​រារាំង​ការ​វាយ​ប្រហារ​នោះ​ទេ​ ​ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​សាក្សី​ជា​ច្រើន​ឲ្យ​ដឹង​ថា​ បាន​បើក​ជួរ​ឈរ​ជើង​របស់​ខ្លួន​ អនុញ្ញាត​ឲ្យ​អ្នក​គប់​គ្រាប់​បែក​រត់​គេច​ខ្លួន​ និង​បាន​គំរាម​បាញ់​មនុស្ស​ដែល​ព្យាយាម​តាម​ចាប់​អ្នក​វាយ​ប្រហារ​នោះ។

រូបឯកសារ៖ មន្ត្រី​ប៉ូលិស​កំពុង​រាប់​ចំនួន​មនុស្ស​ស្លាប់ និង​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គប់​គ្រាប់​បែក​នៅ​មុខ​វិមាន​រដ្ឋ​សភាជាតិ​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ១៩៩៧។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​កំពុង​រាប់​ចំនួន​មនុស្ស​ស្លាប់ និង​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គប់​គ្រាប់​បែក​នៅ​មុខ​វិមាន​រដ្ឋ​សភាជាតិ​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ១៩៩៧។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែកនេះ​ គឺ​ជា​រឿង​ដែល​នឹង​មិន​អាច​កើត​មាន​បាន​នោះ​ឡើយ។ ​យ៉ាងណា​ក៏ដោយ​ ពួក​គេ​ថ្លែង​ថា​ រដ្ឋាភិបាល​ត្រូវ​បន្ត​ការ​ខិតខំ​របស់​ខ្លួន​ ក្នុង​ការ​នាំយក​ជនដៃ​ដល់​មក​ផ្តន្ទាទោស​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យមាន​ការ​វាយ​ប្រហារ​ដ៏​ហិង្សា​បែប​នេះ​ទៀត​ នៅថ្ងៃ​អនាគត។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់ ​VOA ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​

«យើង​ជា​សង្គម​ស៊ីវិល​ យើង​មិន​បាន​ចោទ​ប្រកាន់​ទៅលើ​ខាង​ណាៗ​ ប៉ុន្តែ​សុំឲ្យ​រដ្ឋាភិបាល​ហ្នឹង​លោក​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់​ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត​បាទ»។​

ក្នុង​ហេតុ​ការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន​៤គ្រាប់​កាលពី​២០​ឆ្នាំ​មុន​នោះមាន​ជន​ជាតិ​អាមេរិកាំង​ម្នាក់​គឺ​លោក ​Ron Abney​ ក៏បាន​រង​របួស​ផង​ដែរ។​

ជំនួស​ឲ្យ​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​ ​លោក​ហ៊ុន សែន ​ដែល​ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រី​ទីពីរ​ បាន​អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​អ្នក​រៀបចំ​បាតុកម្ម​ ហើយ​បញ្ជា​ប៉ូលិស​មិន​ឲ្យ​ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ចាកចេញ​ពី​ប្រទេស។​

ក្រុម​ប៉ូលិស ​FBI ​ធ្លាប់​បាន​និយាយ​ថា​ ការ​ស៊ើប​អង្កេត​ត្រូវ​បាន​រំខាន ​តែ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ធ្លាប់​បាន​និយាយ​ថា ​ស.រ.អា.​នឹង​មិន​ដែល​បំភ្លេច​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួន​ទេ​ ហើយ​សន្យា​ថា​ នឹង​នាំ​ខ្លួន​ជន​ទាំង​នោះ​មក​កាត់​ទោស​ ទោះបី​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក្តី៕

XS
SM
MD
LG