ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រំលាយ​អាសនៈ​ឃុំ​បក្ស​ប្រឆាំង​ប៉ះពាល់​អារម្មណ៍​ក្រុម​ប្រឹក្សា​ដែល​ស្និទ្ធ​នឹង​គ្នា


អ្នកស្រី ហែម សាវី អាយុ៦៦ឆ្នាំ មេឃុំ​អូររៃ មក​ពីគណបក្ស​ប្រជាជន​កម្ពុជា និង​លោក ម៉ែន សារ៉ន ​អាយុ៧៦​ឆ្នាំ ជំទប់​ទី​មួយ​របស់​ឃុំ មក​ពីគណបក្ស​សង្រ្គោះជាតិ កំពុង​អង្គុយ​​នៅ​សាលាឆទាន​មួយ​ដែល​ជា​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ក្នុង​ភូមិ​ពង​ទឹក ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
អ្នកស្រី ហែម សាវី អាយុ៦៦ឆ្នាំ មេឃុំ​អូររៃ មក​ពីគណបក្ស​ប្រជាជន​កម្ពុជា និង​លោក ម៉ែន សារ៉ន ​អាយុ៧៦​ឆ្នាំ ជំទប់​ទី​មួយ​របស់​ឃុំ មក​ពីគណបក្ស​សង្រ្គោះជាតិ កំពុង​អង្គុយ​​នៅ​សាលាឆទាន​មួយ​ដែល​ជា​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ក្នុង​ភូមិ​ពង​ទឹក ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

គម្រោង​រំលាយ​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ដំណើរ​មួយ​ ដើម្បី​រក្សា​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​ប៉ះពាល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជាង​៥ពាន់​នាក់​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ពួកគេ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​កាល​ពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០១៧។ គណបក្ស​ប្រឆាំង​បាន​ទទួល​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩ ដែល​មាន​កំណើន​ជាង​១០​ដង បើ​ប្រៀប​ធៀប​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១២។

អ្នកស្រី ហែម សាវី ​មេឃុំ​អូររៃ ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ទំនាក់​ទំនង​ជា​សាច់​ថ្លៃ​នឹង​គ្នា​ជាមួយ​ជំទប់​ទី​មួយ​របស់​ឃុំ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក ម៉ែន សារ៉ន។

ក្មួយ​ប្រុស​របស់​អ្នកស្រី​មេឃុំ​បាន​រៀបការ​ជាមួយ​កូនស្រី​របស់​លោក ម៉ែន សារ៉ន កាល​ពី​ជាង​១០ឆ្នាំ​មុន។ ពួកគេ​និយាយ​ថា ភាព​ខុស​គ្នា​ខាង​និន្នាការ​នយោបាយ មិន​មែន​ជា​បញ្ហា​សម្រាប់​ពួកគេ​នោះ​ទេ។

អ្នកស្រី​ ហែម សាវី ​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «អារម្មណ៍​អត់​មាន​នឹក​ឃើញ​គណបក្ស​អី​ទេ នឹក​ឃើញ​ថា​ប្រជាពលរដ្ឋ​ធម្មតា រាប់​អាន បង​ប្អូន​ធម្មតា អត់​មាន​គិត​រឿង​គណបក្ស​អី​ទេ រឿង​គ្រួសារ​ដោយ​ឡែក»។

អ្នកស្រី​បាន​ថ្លែង​បែប​នេះ ខណៈ​កំពុង​អង្គុយ​ទល់​មុខ​គ្នា​នឹង​ជំទប់​ទី​មួយ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សាលា​ឆទាន​មួយ​ ជាប់​នឹង​ផ្លូវ​លំ​មួយ​ តាម​បណ្ដោយ​ទន្លេ​មេគង្គ ដើម្បី​ជួយ​សម្រួល​ឯកសារ​ចុះ​ឈ្មោះ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ។

នៅ​ពេល​សួរ​សំណួរ អ្នកស្រី សាវី អាយុ​៦៦ឆ្នាំ និង​លោក សារ៉ន អាយុ​៧៦​ឆ្នាំ បាន​ញញឹម​និង​សើច​ដាក់​គ្នា ហើយ​លើក​ឡើង​ថា ពួកគេ​ពី​មុន​មក​ ជា​អ្នក​ភូមិ​ជាមួយ​គ្នា ហើយ​ទំនាក់ទំនង​នេះ​កាន់​តែ​មាន​ភាព​សិទ្ធ​ស្នាល បន្ទាប់​ពី​ពួកគេ​បាន​ក្លាយ​ជា​បងប្អូន​សាច់​ថ្លៃ​នឹង​គ្នា​ កាល​ពី​ជាង​១០​ឆ្នាំ​មុន។

ពួកគេ​បាន ​និង​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​ជាង​១៥ឆ្នាំ​មក​ហើយ​ នៅ​សាលា​ឃុំ​អូររៃ ក្នុង​ស្រុក​ថា​ឡាបរិវ៉ាត់ ដោយ​ពួកគេ​បាន​សរសើរ​ពី​ការ​សហការ​គ្នា​ល្អ​ទៅ​វិញ​ទៅ​មក ដោយ​មិន​មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ​ខុស​គ្នា​នោះ​ទេ។

មេឃុំ​រូប​នោះ​បាន​ថ្លែង​ប្រាប់ VOA ​ថា៖ «ពេល​យើង​បោះឆ្នោត យើង​ប្រកួត​លើ​សង្វៀន ពេល​ណា​ជាប់​ឆ្នោត​ហើយ យើង​មិន​គិត​គណបក្ស​នេះ គណបក្ស​នោះ​ទេ ធ្វើ​ម៉េច​ គឺ​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ គិត​តែ​រឿង​អភិវឌ្ឍន៍​ មិន​ប្រកាន់​គណបក្ស​នេះ មិន​ប្រកាន់​គណបក្ស​នោះ មិន​ប្រកាន់​ទេ​ចាស»។

ការ​លើក​ឡើង​របស់​អ្នកស្រី​ ក៏​ត្រូវ​បាន​បញ្ជាក់​ដូចគ្នា​ ដោយ​ជំទប់​ទី​មួយ​មក​ពី​គណបក្ស​ប្រឆាំង​ផង​ដែរ។

លោក សារ៉ន បាន​ថ្លែង​ថា៖ «គ្មាន​ប្រឆាំង​ជាមួយ​គ្នា​អី​ម្តង​ណា​ទេ ចូល​ធ្វើ​ការងារ​ល្អូក​ល្អើន ខ្ញុំ​ហ៊ាន​អួត​ប្រាប់​ឃុំ​ដទៃ​ទៀត ក្នុង​ប៉ុន្មាន​ឃុំ​ទាំង​អស់ គ្មាន​ឃុំ​ណា​ល្អ​ដូច​ឃុំ​អញ អញ​ប្រាប់ ដូច​បង​ប្អូន​បង្កើត​រាល់​ថ្ងៃ​នេះ»។

ទោះ​ជា​យ៉ាងណា នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ពួកគេ​ទំនង​ជា​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត​ទេ ដោយសារ​ជំទប់​ទី​មួយ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ដក​ហូត​តំណែង ដោយសារ​គណបក្ស​ប្រឆាំង កំពុង​ប្រឈម​នឹង​ការ​រំលាយ​នៅ​ពេល​ខាងមុខ តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​ទៅ​តុលាការ​កំពូល។ តុលាការ​កំពូល​កំពុង​ពិនិត្យ​មើល​សំណុំ​រឿង​នេះ ខណៈ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ពន្ធនាគារ ត្រូវ​បាន​ចោទ​ប្រកាន់​ថា ធ្វើ​អំពើ​ក្បត់​ជាតិ ក្នុង​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា ក្នុង​ឃុំ​អូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា ក្នុង​ឃុំ​អូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ស្រប​ពេល​នឹង​ការ​ប្រឈម​ការ​រំលាយ​នេះ តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ទាក់ទង​នឹង​ការ​បែង​ចែក​អាសនៈ​រដ្ឋសភា និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ប្រសិន​បើ​គណបក្ស​មួយ​ត្រូវ​បាន​រំលាយ។​

គម្រោង​រំលាយ​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ដំណើរ​មួយ​ ដើម្បី​រក្សា​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​ប៉ះពាល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជាង​៥ពាន់​នាក់​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ពួកគេ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​កាល​ពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០១៧។ គណបក្ស​ប្រឆាំង​បាន​ទទួល​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩ ដែល​មាន​កំណើន​ជាង​១០​ដង បើ​ប្រៀប​ធៀប​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១២។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​ VOA ​ថា តំណែង​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្នាក់ក្រោម​ជាតិ នឹង​បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់។

មេឃុំ​អូររៃ អ្នកស្រី ហែម សាវី បាន​លើក​ឡើង​ថា អ្នកស្រី​មាន​អារម្មណ៍​អាណិត​ជំទប់​ទីមួយ ប្រសិន​បើ​លោក​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ថា នេះជា​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​ខាង​លើ​ ដែល​អ្នកស្រី​ត្រូវ​តែ​ធ្វើ​តាម។

អ្នកស្រី​បាន​ថ្លែង​ថា៖ «និយាយ​ទៅ​សម្រាប់​ខ្ញុំ ខ្ញុំ​នៅ​ខាង​ប្រជាជន ប៉ុន្តែ​ខ្ញុំ​រឿង​ពាក់ព័ន្ធ​រឿង​នេះ ខ្ញុំ​អត់​ចូលចិត្ត​ស្ដាប់​ ដូច​ថា​រឿង​ជម្លោះ​ផ្សេងៗ ខ្ញុំ​ចូលចិត្ត​ស្តាប់​តែ​រឿង​ល្អៗ អា​នោះ​ជា​រឿង​បក្ស​នយោបាយ ខ្ញុំ​អត់សូវគិត​គូ​អី​ទេ គិត​ធម្មតា»។

ជំទប់​ទីមួយ​មក​ពីគណបក្ស​ប្រឆាំង លោក ម៉ែន សារ៉ន បាន​ថ្លែង​ថា លោក​មិន​ជឿ​ថា មេដឹកនាំ​របស់​លោក ​និង​គណបក្ស​ផ្ទាល់​ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​នោះ​ទេ។ លោក​បញ្ជាក់​ថា កន្លងទៅ​ គណបក្ស​តែង​តែ​ណែនាំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ឈ្នះ​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ២០១៨។ ទោះ​ជា​យ៉ាងណា លោក​មាន​ប្រសាសន៍​ថា លោក​នឹង​រង់​ចាំ​ចំណាត់​ការ​ថ្នាក់​លើ។

លោក​បាន​ថ្លែង​ថា៖ «ហ្អេ ​រំលាយ​អស់​បក្ស​ ធ្វើ​ម៉េច រំលាយ​ទៅ ខ្ញុំ​នៅ​ផ្ទះ​ប៉ុណ្ណោះ​ឯង។ ដូច​ខ្ញុំ​ជម្រាប​លោក​គ្រូ​មិញ​ថា ចាំ​មើល​តែ​ថ្ងៃ​ណា គេ​ប្រកាស​ថា អស់​សុពល​ភាព​ហើយ វេច​សៀវភៅ​មក​ផ្ទះ ឈប់​ចូល​សាលា​ឃុំ»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «យើង​នៅ​ថ្នាក់​ក្រោម​ជាតិ យើង​មិន​អាច​ដោះស្រាយ​អី​ចេញ​ទេ ចាំ​ស្ដាប់​តែ​គេ​ប៉ុណ្ណោះ​ទេ។ អារម្មណ៍​ក្នុង​ខ្លួន​ថា​វា​មិន​គួរ​ឲ្យ​មាន​បាក់​បែក»។

ជំទប់​រូប​នោះ​លើក​ឡើង​ថា លោក​នឹង​ឈប់​ពី​នយោបាយ ប្រសិន​បើ​លោក​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នា​ពេល​ខាង​មុខ ដោយសារ​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ។

ការ​ដក​តំណែង​នេះ ក៏​នឹង​ប៉ះពាល់​ដល់​ចំណូល​របស់​លោក​ផង​ដែរ ដែល​លោក​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៦៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

មេឃុំអូររៃ អ្នកស្រី​ ហែម សាវី បាន​លើក​ឡើង​ថា​អ្នកស្រី​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​តាំង​ពី​ដើម​ឡើយ ដោយសារ​អ្នកស្រី​យល់​ថា​ជា​ការ​ដឹងគុណ ដែល​គណបក្ស​នេះ បាន​រំដោះ​កម្ពុជា​ចេញ​ពី​សង្រ្គាម​ គឺ​ការ​រំដោះ​ចេញ​ពី​របប ​ប៉ុល ពត ​ដែល​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ប្រមាណ​១លាន​៧សែន​នាក់។​

អ្នកស្រី​បញ្ជាក់​ថា ទោះ​មាន​រឿង​អ្វី​កើត​ឡើង ​ក៏​អ្នកស្រី​នៅ​តែ​គាំទ្រ​ និង​ស្រឡាញ់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​

ចំណែក​លោក សារ៉ន ​វិញ​ បាន​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ តាំង​ពី​ឆ្នាំ១៩៩៤ ដោយសារ​លោក​ចង់​បាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។​

នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​បាន​តែ​ឃុំ​ចំនួន​១​ប៉ុណ្ណោះ ​ហើយ​៣៣ឃុំ​ដែល​នៅ​សល់​ បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ សមាជិក​ក្រុមប្រឹក្សា​ចំនួន​២៩​នាក់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ទូទាំង​ខេត្ត​ស្ទឹង​ត្រែង នឹង​ត្រូវ​ដក​ហូត​តំណែង​នៅ​ពេល​ខាង​មុខ ហើយ​តំណែង​ទាំង​នោះ​នឹង​បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្រាប់​ឃុំ​អូររៃ​ដែល​មាន​៥អាសនៈ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៣អាសនៈ គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​១អាសនៈ ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួល​បាន​១អាសនៈ។

សម្តេច​ក្រុមព្រះ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​កន្លង​ទៅ​ថា ព្រះអង្គ​នឹង​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​នឹង​ទទួល​យក​អាសនៈ​សភា​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​អាច​ទទួល​បាន​៤១​អាសនៈ​ ប្រសិន​បើ​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយ​នា​ពេល​ខាង​មុខ។

លោក ឡុង សុផាត អាយុ​៥០​ឆ្នាំ ជំទប់ទី​២​នៃ​ឃុំអូររៃ មក​ពីគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទើប​តែ​ជាប់​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពីខែមិថុនា ឆ្នាំ២០១៧ ឈរ​នៅ​ខាងមុខ​ផ្ទះ​របស់​លោក កាល​ពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោក ឡុង សុផាត អាយុ​៥០​ឆ្នាំ ជំទប់ទី​២​នៃ​ឃុំអូររៃ មក​ពីគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទើប​តែ​ជាប់​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពីខែមិថុនា ឆ្នាំ២០១៧ ឈរ​នៅ​ខាងមុខ​ផ្ទះ​របស់​លោក កាល​ពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក ឡុង សុផាត អាយុ​៥០​ឆ្នាំ ជំទប់ទី​២​នៃ​ឃុំអូររៃ មក​ពីគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទើប​តែ​ជាប់​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពីខែមិថុនា ​ឆ្នាំ២០១៧ មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​ទាំង​បី​គណបក្ស​បាន​ធ្វើ​ការ​ជាមួយ​គ្នា ដោយ​ការ​សហការ​គ្នា​ល្អ ហើយ​លោ​ក​មិនចង់​បាត់បង់​នរណា​ម្នាក់​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ «មាន​ភាព​ល្អូក​ល្អើន ចាប់​ដៃ​រួម​គ្នា​ធ្វើ​ដំណើរ​ធម្មតា។ យល់​ថា​នឹក​ឃើញ​អាណិត​ដែរ សោក​ស្ដាយ​ដែរ ក្នុង​ចិត្ត​ខ្ញុំ នឹក​ឃើញ​អាណិត​អ្នក​ដែល​ឈរ​ឈ្មោះ បាន​ជា​ជំទប់​លេខ​១ អាណិត​ដែរ សោក​ស្តាយ​ដែរ»។

លោក សុផាត ​បាន​ឈរ​ឈ្មោះ​នៅ​ក្នុង​ឃុំ ត​ពី​ឪពុក​របស់​លោក ដែល​បាន​ធ្វើ​ជា​សមាជិក​ឃុំ​១៥ឆ្នាំ​មក​ហើយ តែ​លោក​បាន​ទទួល​មរណភាព ​កាល​ពីខែមីនា​ឆ្នាំ​នេះ។

លោក​ សុផាត បញ្ជាក់​ថា ការ​ដក​តំណែង​ក្រុមប្រឹក្សា​គណបក្ស​សង្រ្គោះ​ជាតិ នឹង​ប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តែ​លោក​ហាក់​មិន​ចង់​បញ្ចេញ​យោបល់​ច្រើន​លើ​បញ្ហា​នេះ ដោយសារ​លោក​ជា​មន្រ្តី​ថ្នាក់​ក្រោម​ជាតិ។

ទាក់ទង​នឹង​ការ​ប្រកាស​របស់​សម្តេច​ក្រុមព្រះ ​ក្នុង​ការ​ទទួល​យក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង លោក សុផាត បាន​លើក​ឡើង​ហាក់​ស្ទាក់​ស្ទើរ​ថា មិន​គួរ​ទទួល​យក​នោះ​ទេ។ លោក​បាន​ថ្លែងថា៖ «បើ​សិន​ជា​គេ​ធ្វើ​ចំពោះ​ខ្ញុំ ក៏​ខ្ញុំ​មិនសូវ​ពេញ​ចិត្ត​ដែរ»។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា ក្រោយ​ពេល​រដ្ឋសភា​ជាតិ​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។ ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​រំលាយ នោះ​នឹង​ដក​ហូត​សិទ្ធិ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ២០១៣​ ​និង​ឆ្នាំ​២០១៧។

ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង តាម​បណ្តោយ​ដង​ទន្លេមេគង្គ ឃុំអូរៃ មាន​៣ភូមិ ដែល​ប្រជាជន​ភាគ​ច្រើន​រស់​នៅ​ពឹងផ្អែក​លើ​ការ​ធ្វើ​ស្រែចម្ការ។

កំពុង​អង្គុយ​មុខ​ផ្ទះ​នា​ព្រឹក​មួយ អ្នកនាង​ ថេត ស៊ីវ៉ន អាយុ​២៥ឆ្នាំ មាន​មុខរបរ​ជា​អ្នក​ធ្វើ​ចម្ការ​ម្នាក់ លើក​ឡើង​ថា អ្នក​នាង​មិន​ចង់​ឲ្យ​មាន​ការ​ដក​តំណែង​ជំទប់​ទីមួយ​នោះ​ទេ ដោយសារ​អ្នកនាង​បាន​បោះឆ្នោត​ជូន​គាត់​ឲ្យ​ជួយ​ដឹកនាំ​ឃុំ រួច​ទៅ​ហើយ។

អ្នក​នាង​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ថា​ឲ្យ​គាត់​នៅ​ដដែល តាម​ចិត្ត​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​ប្រជាជន​ខ្លាំង​ណាស់ ប្រសិន​បើ​គេ​ទម្លាក់​គាត់​ចោល ខ្ញុំ​នៅ​តែ​អន់ចិត្ត ប្រសិន​បើ​គេ​នៅ​បោះឆ្នោត ខ្ញុំ​នៅ​តែ​បោះ​យក​គាត់​ដដែល»។ អ្នកនាង ក៏​ចង់​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ។

ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី ផៃ ឃីន អាយុ​៤៥ មាន​មុខរបរ​ជា​អ្នក​ធ្វើ​ចម្ការ មាន​ប្រសាសន៍​លោកស្រី​ចង់​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​អាច​ចូលរួម​ការ​បោះឆ្នោត​សាកល​បាន​នៅ​ឆ្នាំ​ក្រោយ​នេះ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «បើ​ចិត្ត​ខ្ញុំ​វិញ អត់​ចង់​ឲ្យ​គេ​បំបាត់​គណបក្ស​សង្រ្គោះ​ជាតិ​ហ្នឹង​ទេ ចង់​ឲ្យ​គាត់​បន្ត​រហូត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG