ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រុមតំណាងរាស្ត្រ​បក្ស​កាន់​អំណាច​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​​ច្បាប់​ដើម្បី​ត្រៀម​បែងចែក​កៅអី​សភា​របស់​​បក្ស​ជំទាស់


ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​​លើកដៃ​អនុម័ត​​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)
ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​​លើកដៃ​អនុម័ត​​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​ក្រុម​តំណាងរាស្ត្រ​ ​ទាំង​៦៧​រូប​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន​ ​ដែល​មាន​វត្តមាន​ក្នុង​សភា​ ​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​​ច្បាប់​ចំនួន​បួន​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដើម្បី​បែង​ចែក​អាសនៈ​របស់​​គណបក្ស​ដែល​ត្រូវ​រំលាយ​ឲ្យ​ទៅ​គណបក្ស​ផ្សេងៗ​យ៉ាង​រលូន​ ខណៈ​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ។

ខណៈ​ដែល​តុលាការ​កំពូល​កំពុង​ចាត់​ការ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​និង​ប្រធាន​គណបក្ស​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​រង់​ចាំ​ការ​កាត់​ទោស​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​រដ្ឋសភា​ ​ដែល​មាន​តែ​តំណាងរាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ចំនួន​បួន​ ​ដោយ​កំណត់​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​យ៉ាង​រលូន​ ​ដោយ​មិន​មាន​ការ​ជជែក​ពិភាក្សា​ណា​មួយ​ក្នុងកិច្ច​ប្រជុំ​ពេញ​អង្គ​នោះ​ទេ។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​ក្រុម​តំណាងរាស្ត្រ​ ​ទាំង​៦៧​រូប​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន​ ​ដែល​មាន​វត្តមាន​ក្នុង​សភា​ ​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្មច្បាប់​ចំនួន​បួន​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដើម្បី​បែង​ចែក​អាសនៈ​របស់គណបក្ស​ដែល​ត្រូវ​រំលាយ​ឲ្យ​ទៅ​គណបក្ស​ផ្សេងៗ​យ៉ាង​រលូន​ ខណៈតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ។

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នោះរួម​មាន​ ​សេចក្តី​ស្នើវិសោធន​កម្ម​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​ ​ច្បាប់​ស្តី​ពីការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ និង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត ក្រុង ស្រុក ខណ្ឌ។ ​ច្បាប់​ទាំង​បួន​នេះ​ត្រូវបាន​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​ដោយ​មិន​មាន​ការ​ជជែក​ពិភាក្សា​ណាមួយ​នោះ​ទេ ​ហើយ​ការ​បើក​ប្រជុំ​នេះ​ ​ធ្វើ​ឡើង​តែ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ប៉ុណ្ណោះ ​ក្រោយ​ការ​ស្នើ​របស់ក្រុម​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​បញ្ជូន​ចូល​រដ្ឋសភា​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក​ ​ជាម យៀប​ ​តំណាង​ក្រុម​តំណាងរាស្រ្ត​ហត្ថលេខី​ចំនួន​៤៩​រូប​របស់​គណបក្សកាន់អំណាច​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នោះថា​ ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ទាំង​៤​នេះ​ ​ធ្វើ​ឡើង​សំដៅ​រៀបចំ​ការ​បែងចែក​អាសនៈ​រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សា​ឃុំ​ សង្កាត់ និង​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ ​ក្រុង ស្រុក ខណ្ឌ​ ​ក្រោយ​ពេល​គណបក្ស​នយោបាយ​ណា​មួយ​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​តុលាការ ឬ​សមត្ថកិច្ច​រំលាយ និង​រំសាយ​ចោល​ជា​ស្ថាពរ។ លោក​បន្ថែម​ថា ច្បាប់​ដែល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ទាំង៤​នេះ ធ្វើ​ឡើង​ដោយ​យោង​តាម​ស្ថានភាព​នយោបាយ​ ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​បុគ្គល ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

លោក​ ជាម យៀប​ បញ្ជាក់​ថា៖​

​«យោង​តាម​សកម្មភាព​ក្បត់ជាតិ​របស់​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ កឹម សុខា​ ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្បត់​ជាតិ​ ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​នោះ​ ​ស្របតាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ជា​គណបក្ស​កាន់អំណាច​មិន​អាច​ទទួល​យក​បាន​ទេ ដោយ​ទាមទារ​ឲ្យ​យក​ច្បាប់​រដ្ឋធម្មនុញ្ញ​ ​និង​ក្រម​ ​និង​នីតិវិធី​ព្រហ្មទណ្ឌ​នៅ​ជា​ធរមាន​មក​អនុវត្តន៍​ ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់»។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ក្នុង​ការអនុម័តសេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)
លោក ហេង សំរិន ប្រធាន​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ក្នុង​ការអនុម័តសេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)

ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​ ​ដែល​ត្រូវ​រំលាយ​ ឬ​គណបក្ស​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ ​តាមច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​របស់​រដ្ឋសភា​ ​ធ្វើ​ឡើង​ខណៈ​ដែល​តុលាការ​កំពូល​កំពុងចាត់​ការ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ ​និង​ខណៈ​ដែល​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​កំពុង​ត្រូវ​បានឃុំ​ខ្លួន​ដោយ​រង​ការ​ចោទ​ពី​បទ​ក្បត់​ជាតិ។​

លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​នីតិវិធី​លម្អិត​នៃ​ការ​បែង​ចែក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​រាជធានី​ ​ស្រុក ​ខណ្ឌ​ ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេង។​

យោង​តាម​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នោះកំណត់​ថា​ ក្នុង​នីតិកាល​នៃ​រដ្ឋសភា​ ប្រសិន​បើ​មាន​គណបក្ស​នយោបាយ​ណា​មួយ​ប្រកាស​បោះបង់​ចោល​អាសនៈ​ ​ឬ​គណបក្ស​នោះ​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ឬ​ត្រូវ​រំលាយ​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ នោះ​បញ្ជី​បេក្ខជន​ ​និង​តំណាងរាស្រ្ត​ទាំងអស់​នៃ​គណបក្ស​នយោបាយ​នោះ​ លែង​មាន​សុពល​ភាព​និង​លែង​មាន​លក្ខណៈ​សម្បត្តិ​ជា​សមាជិក​សភា​តទៅ​ទៀត​ហើយ។​

ក្នុង​ករណី​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​៧ថ្ងៃ​ ​ឲ្យ​ទៅ​គណបក្ស​នានា​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​រាជធានី-ខេត្តនោះ​ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះបង់​ចោល​អាសនៈ​ ​ឬ​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ដែល​ត្រូវ​រំលាយ​នោះ​ទេ។

ប៉ុន្តែ​ប្រសិន​បើ​ពុំ​មាន​គណបក្ស​នយោបាយ​ណា​ទទួល​យក​អាសនៈ​ដែល​នៅ​ទំនេរ​ទេ​នោះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ​ ​ឲ្យ​ទៅ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​ ​នឹង​ត្រូវបែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​ដែល​បាន​ចូល​រួម​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​ហើយ​ក្នុង​ករណី​ដែល​គណ​បក្ស​ណា​មួយ​មិន​ទទួល​យក​ ​ឬ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ ​នោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​ធ្វើ​ប្រមាណ​វិធី​បែង​ចែង​អាសនៈ​ទាំង​នោះ​ឡើង​វិញ​ ​ទៅ​តាម​ច្បាប់​ចែង។

លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក​ ​បាន​បង្ហោះ​សារ​លើ​គណនីហ្វេសប៊ុក​របស់​លោក​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​ ​គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​រដ្ឋសភា​បាន​អនុម័ត​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។​ ចំណែក​ឯ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៥។​ ដូច្នេះ​លោក​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ដែល​ទើប​ត្រូវ​បាន​រដ្ឋសភា​អនុម័តនៅ​ថ្ងៃ​ច័ន្ទ​នេះ មិន​អាច​យក​មក​អនុវត្ត​ក្នុង​អាណត្តិ​ទី​៥​នៃ​រដ្ឋសភា និង​អាណត្តិ​ទី៤ នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់​បាន​ឡើយ។

លោក ​អេង ឆៃអ៊ាង​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ប្រសិន​បើអ្នក​ណា​យក​ច្បាប់​វិសោធនកម្ម​ច្បាប់​ខាង​លើ​នេះ​ ​ទៅ​អនុវត្តក្នុង​ការ​បែងចែក​អាសនៈ​រដ្ឋសភា​ ​និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​នយោបាយ​មួយ​ដែល​ត្រូវ​រំលាយ​ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ គឺជា​ការ «ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ‍»​យ៉ាង​កម្រោល ហើយ​អ្នក​ទទួល​យក​អាសនៈ​ពី​អំពើ​ប្លន់​នេះ​មាន​ឈ្មោះ​ថា «ទទួល​ផល​ចោរកម្ម»។

រហូត​មក​ដល់​ពេល​នេះ​ ​គេ​ឃើញ​តំណាងរាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ​ជាង​ពាក់​កណ្តាល​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ទៀត ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជាជា​បន្ត​បន្ទាប់​ ​ចាប់​តាំង​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ការកើន​កម្តៅ ​និង​បន្ទាប់​ពី​លោក​ ​កឹម សុខា​ ​ប្រធានគណបក្ស​ប្រឆាំង​ ​ត្រូវ​បានចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​ក្នុងពន្ធនាគារ​ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ​ កាល​ពី​ដើម​ខែ​កញ្ញា។​

​លោក​ ឯម សុវណ្ណារ៉ា​ អ្នកវិភាគ​ ​និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ប្រាប់​ VOA​ ​ថា​ ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​របស់​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រដ្ឋសភា​នេះ​ ​ជា​ការ​បង្ហាញ​នូវគោល​បំណង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​បន្ត​ការ​កាន់​អំណាច​របស់​ខ្លួន។

លោក​ ឯម សុវណ្ណារ៉ា​ មាន​ប្រសាសន៍​ថា៖​

«រដ្ឋាភិបាល​ចង់​រក្សា​នូវ​អំណាច​ ​ឬ​ក៏​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​ក្នុង​ស្រទាប់ប្រជា​ពលរដ្ឋ ព្រោះ​បើ​យើង​ផ្អែក​លើ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​នេះ ឃើញ​ថា​ សំឡេង​គណបក្ស​សង្គ្រោះជាតិ​អាច​ឡើង​ប្រកិត​គណបក្ស​កាន់​អំណាច​ហើយ ដូច្នេះ​យន្តការ​ដែល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ គឺ​មធ្យោបាយ​ល្អ​បំផុត​ហើយ​ដែល​អាច​ប្រកួត​ដៃគូ​ចេញ​ពី​ឆាក​នយោបាយ​បាន»។

​លោក​ ​ឯម សុវណ្ណារ៉ា​ ​បន្ថែម​ថា​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ ហើយ​យកអាសនៈ​របស់​គណ​បក្ស​ប្រឆាំង​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង​ទៀតបែប​នេះ​ ​នឹង​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​តានតឹង​ ​និង​ថា កម្ពុជា​អាច​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។

អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័នជាតិ​ ​អន្តរជាតិ​ ​ព្រមទាំង​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោបាយ​ជាច្រើន​បាន​រិះ​គន់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ដោយ​និយាយ​ថា​ ​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ ​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​ខាង​មុខ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG