ភ្នំពេញ —
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជាបានដាក់ឯកសារចុះបញ្ជីឈ្មោះគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្ដ្រជាថ្មីនៅថ្ងៃពុធនេះជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣នេះ។
លោកយ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងក្រោយពីដាក់ឯកសារនោះថា សំណុំឯកសារដែលមានកំហុសត្រូវបានកែសម្រួលរួចរាល់ហើយ។
«អ្វីដែលគ.ជ.ប.ស្នើឱ្យកែតម្រូវ យើងយកមកជូនគាត់គ្រប់អស់ហើយ។ យើងពិនិត្យឯកសារម្តងមួយៗទៅលើឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ។ យើងពិនិត្យម្តងមួយៗទៅតាមបញ្ជីបេក្ខជន តាមមណ្ឌលផង បញ្ជីទូទៅទូទាំងប្រទេសផង ហើយនឹងលិខិតបញ្ជាក់ពីសាលាឃុំសង្កាត់ផង និងសេចក្តីប្រកាសរបស់បេក្ខជនផង»។
គណបក្សសង្គ្រោះជាតិបានចុះបញ្ជីឈ្មោះគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្ត្ររបស់ខ្លួនកាលសប្តាហ៍មុននេះ ប៉ុន្តែគ.ជ.បមិនទាន់បានទទួលស្គាល់បេក្ខភាពរបស់គណបក្សនេះជាផ្លូវការនៅឡើយទេ ដោយសំអាងថា ឈ្មោះបេក្ខជនចំនួនជាង២០រូប មានកំហុសផ្នែកអក្ខរាវិរុទ្ធ ខ្វះទិន្នន័យពីភេទ ឬថ្ងៃខែឆ្នាំកំណើតជាដើម។
គណបក្សសង្គ្រោះជាតិបានដាក់បេក្ខជនសរុបចំនួន៣៨៧រូបសម្រាប់មណ្ឌលឈរឈ្មោះទាំង២៤ខេត្តក្រុងនៅទូទាំងប្រទេស ក្នុងនោះបេក្ខជនពេញសិទ្ធិមានចំនួន១២៣នាក់។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថា នាយកដ្ឋានជំនាញនៅថ្ងៃពុធនេះ បានទទួល និងកំពុងពិនិត្យមើលឯកសារកែតម្រូវរបស់គណបក្សសង្គ្រោះជាតិ ហើយនឹងបញ្ជូនទៅកាន់ថ្នាក់ដឹកនាំគ.ជ.ប.នៅព្រឹកថ្ងៃស្អែកដើម្បីពិភាក្សា។
«ពីព្រឹកមិញហ្នឹង គណបក្សបានយកឯកសារដែលត្រូវកែតម្រូវហ្នឹងមកដល់នាយកដ្ឋានជំនាញដែលសុំដាក់ពាក្យប្រកួតប្រជែងក្នុងការបោះឆ្នោតនេះហើយ ហើយក្រុមជំនាញបានទទួលនិងកំពុងធ្វើការពិនិត្យ។ ហើយឯកសារទាំងអស់ហ្នឹង នៅថ្ងៃស្អែក នឹងត្រូវរៀបចំជូនគ.ជ.បដើម្បីធ្វើការសម្រេច»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ។
លោក ទេព នីថា បញ្ជាក់បន្ថែមថា ការទទួលស្គាល់ ឬបដិសេធចោលបេក្ខភាពរបស់គណបក្សនេះនឹងត្រូវសម្រេចនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ ហើយប្រសិនបើឯកសារបំពេញបន្ថែមនៅតែមានការខ្វះខាត គ.ជ.ប.មានសិទ្ធិមិនទទួលស្គាល់បេក្ខភាពរបស់គណបក្សនេះ។
ហើយគណបក្សសាម៉ីមានរយៈពេល៥ថ្ងៃដើម្បីប្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីតវ៉ា។
រហូតមកទល់ពេលនេះក្នុងចំណោមគណបក្សសរុបចំនួនប្រាំបីដែលបានស្នើសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្ដ្រមានគណបក្សចំនួនប្រាំត្រូវទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប.។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គណបក្សហ៊្វុនស៊ីនប៉ិចរបស់លោកញ៉ឹក ប៊ុនឆៃ គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕