ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ


លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ។
លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​យូរ​នោះ​ទេ។​

លោក​យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​

«គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រួម​ធ្វើ​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​ទេ។ ​នេះ​ជា​ជំហរ​មក​ទល់​ថ្ងៃ​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក​យឹម ​សុវណ្ណ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ ​កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ។​

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​ដដែល​បាន​ផ្តោត​លើ​អំពើ​ពុក​រលួយ​ និង​និទណ្ឌភាព​ ដែល​ទំនង​ជា​មូល​ហេតុ​នៃ​ការ​ប្រកាន់​ជំហរ​នេះ។​

«យើង​អត់​មាន​វប្បធម៌​គ្មាន​ទោស​ពៃរ៍​ក្នុង​គណបក្ស​ទេ។​ បុគ្គល​ណា​ប្រព្រឹត្តអំពើ​ពុក​រលួយ​ បុគ្គល​នោះ​ត្រូវ​តែ​ទទួល​ទោស​ទោះ​ ជា​បុគ្គល​នោះ​ទៅ​ដល់​ថ្នាក់​នាយក​រដ្ឋមន្ត្រី​ក៏ដោយ។ ​ហើយ​យើង​នឹង​ធ្វើ​វិសោធន​កម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នា​ពេល​បច្ចុប្បន្ន​នេះ ​ដែល​មិន​មាន​ប្រសិទ្ធិភាព​ក្នុងការ​អនុវត្ត​ទេ ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​មាត្រា​ដែល​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ»។

ការបង្ហាញ​ជំហរ​របស់​គណបក្ស​ជំទាស់​ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​នេះ​បន្ត​ប្រកាស​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ហើយ​បាន​ព្រមាន​ថា ​នឹង​ដឹក​នាំ​មហា​បាតុកម្ម​មួយ នៅ​មុន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការ​ ប្រសិន​បើ​ភាព​មិន​ប្រក្រតី​ទាំង​នោះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​នោះ។ ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​គ្រោង​ធ្វើ​យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃ​ទី​៨​ខែ​កញ្ញា ​ខាង​មុខ​នេះ។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ជាប់​ឆ្នោត​ បាន​ប្រកាស​ពី​ជ័យ​ជម្នះរៀងៗ​ខ្លួន​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា ​ខ្លួន​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋ​សភា​ដែល​មាន​១២៣​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ​ខ្លួន​ឈ្នះ​បាន​៦៣​អាសនៈ។ ​ហើយ​បើ​យោង​តាម​លទ្ធផល​បែប​នេះ ​គណបក្ស​និមួយៗ​អាច​នឹង​បង្កើត​រដ្ឋា​ភិបាល​ដោយ​ខ្លួន​ឯង​បាន។​

លោក​ជាម ​យៀប ​សមាជិក​គណៈកម្មការ​អចិន្ត្រៃ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ទំនង​ជា​មិន​មាន​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ប៉ុន្តែ​ទំនងជា​មាន​លទ្ធភាព​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ទាក់ទង​នឹង​រចនា​សម្ព័ន្ធ​របស់​រដ្ឋ​សភា។​

«នៅ​ក្នុង​រដ្ឋ​សភា​មិន​ទាន់​គិតគូ​ថា​ យ៉ាង​ម៉េចៗ​ទេ។ ​ប៉ុន្តែ​ឲ្យ​តែ​ខាង​(គណបក្ស​សង្គ្រោះ​ជាតិ)​ឲ្យ​ដឹង​ថា​ខ្លួន​ចូល​រួម ​ឬ​មិន​ចូល​រួម ​គណបក្ស​ប្រជាជន​ចាំ​តែ​ចរចា​គ្នា​ទេ។​ ចំណែក​ឯ​រាជរដ្ឋា​ភិបាល​គេ​ប្រកាស​ខ្លួន​គេ​ហើយ​ថា ​គេ​ជា​គណបក្ស​ប្រឆាំង អញ្ចឹង​បើ​ចូល​រួមគ្នា​ទៅ​ជា​គណបក្ស​រួមគ្នា​ ហើយ​មិន​អាច​ទៅ​ប្រឆាំង​ក្នុង​រាជ​រដ្ឋា​ភិបាល​បាន​ទេ»។​

លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ​គិត​ថា ​ប្រហែល​ជា​អាច​មាន​ដំណោះ​ស្រាយ​នយោបាយ​មុន​នឹង​រដ្ឋ​សភា​ថ្មី​អាច​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​បាន។​

លោក​លើក​ឡើង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​មុន​នឹង​ខ្លួន​សម្រេច​ចូល​រួម​បង្កើត​រដ្ឋ​សភា​ថ្មី។ ​លក្ខខណ្ឌ​ទាំង​នោះ​គឺ​សំដៅ​ឲ្យ​មាន​ការ​កែទម្រង់​ក្នុង​រដ្ឋា​ភិបាល​ ហើយ​រដ្ឋ​សភា​ត្រូវ​ដើរ​តួ​ជា​អ្នក​ត្រួត​ពិនិត្យ​រដ្ឋា​ភិបាល​ដោយ​ប្រសិទ្ធិ​ភាព។​

«បើ​សិន​ជា​យើង​ចង់​កែ​ប្រែ​ ចង់​ដូរ​ ហើយ​មិន​អាច​ដូរ​មនុស្ស​បាន ​យើង​អាច​ដូរ​គោល​នយោបាយ​ សកម្ម​ភាព​របស់​រដ្ឋា​ភិបាល​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាជាតិ​ទាំង​មូល​បាន។​ ដូចជា​ធ្វើ​ការ​កែ​ទម្រង់​ ដូចជា​អាជ្ញាធរ​មូល​ដ្ឋាន​ ទុក​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ ឯ​មន្ត្រី​រាជការ​ជា​អ្នក​បម្រើ​ផ្តល់​នូវ​សេវា​ឲ្យ​គេ ​ឲ្យ​មាន​ការងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ។ នេះ​ក៏​ជា​ការ​កែ​ទម្រង់​ដែរ»។​

គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​ចុះ​សម្រុង​គ្នា​លើ​លទ្ធផល​បោះឆ្នោត​ ​បាន​ជួប​ប្រជុំ​គ្នា​ទ្វេ​ភាគី​ចំនួន​ពីរ​លើក​មក​ហើយ​ តែ​មិន​បាន​សម្រេច​ផល​អ្វី​មួយ​ដើម្បី​បង្កើត​គណៈ​កម្មការ​ចម្រុះ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។​

​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​នឹង​បើក​កញ្ចប់​សុវត្ថិភាព​«ក»ដើម្បី​ផ្ទៀង​ផ្ទាត់​លើ​ភាព​មិន​ប្រក្រតី​ក្នុង​មណ្ឌល​បោះឆ្នោត​ក្នុង​ក្រុង​បាត់ដំបង​ ខេត្ត​បាត់​ដំបង។​ កាល​ពី​ថ្ងៃ​អាទិត្យ ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​របស់ឃុំ​ស្វាយ​ជ្រះ​ ខេត្ត​ក្រចេះ​ បង្ហាញ​ថា ការិយាល័យ​ទាំង​១៣​ក្នុង​ឃុំ​នេះ​មាន​ភាព​មិន​ប្រក្រតី​ទាំង​អស់។ ​ប៉ុន្តែ​មន្ត្រី​ផ្លូវ​ការ​នៃ​គ.ជ.ប.​អះអាង​ថា​ នេះ​ជា​បញ្ហា​បច្ចេកទេស ​និង​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ទេ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG