ក្រោយមានការចុះចូលរបស់សកម្មជនគណបក្សជំទាស់មួយចំនួនជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ ថ្នាក់ដឹកនាំគណបក្សជំទាស់អះអាងថាសមាជិករបស់ខ្លួនមួយចំនួនចុះចូលដោយការស្ម័គ្រចិត្ត ខណៈមួយចំនួនទៀតរងសម្ពាធ។
ការចុះចូលរបស់សកម្មជននិងមន្រ្តីគណបក្សជំទាស់ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលមានការបែកធ្លាយសារសំឡេងមិនផ្លូវការដែលទំនងជាសំឡេងរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា។ នៅក្នុងសារសំឡេងនោះ លោក ហ៊ុន សែន បានលើកឡើងទាក់ទងនឹងការដាក់ចេញនូវយុទ្ធសាស្រ្ដពង្រឹងរចនាសម្ពន្ធគណបក្ស តាមរយៈការប្រមូលកម្លាំងពីគណបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សារសំឡេងដែលបែកធ្លាយនេះលើកឡើងថា៖ «សុំបញ្ជាក់ថាយុទ្ធសាស្រ្ដរបស់យើង គឺយកបានមួយរក្សាមួយ ហើយបើប្រឆាំងងើបមួយវ៉ៃមួយ អាហ្នឹងនិយាយគ្នាឱ្យច្បាស់បើប្រឆាំងងើបមួយវ៉ៃមួយ បើថាចុះចូល ចូលមួយយកមួយ ថែទាំមួយឱ្យក្លាយទៅជាសន្លឹកឆ្នោតមួយសន្លឹក កុំចាំដល់គៀកបោះឆ្នោតបានយើងធ្វើ គឺជាកំហុស។ យើងបានបទពិសោធន៍ហើយចាំជិតបោះឆ្នោតចាំចូលក្ដុងក្ដាំង ឥឡូវប្រកាសបញ្ចូលពីឥឡូវ កន្លងទៅឱ្យតែចាប់ផ្ដើមមានចូលគឺត្រូវតែបង្ហោះចេញជាសារ បំបែកមុខពីឥឡូវទៅតែម្ដងដើម្បីកុំឱ្យពួកវាមានមូលដ្ឋានកសាងកម្លាំងយកមកធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេថាការផ្តាច់ខ្លួនចេញពីគណបក្សជំទាស់ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច គឺជាសិទ្ធិសម្រេចចិត្តរបស់សកម្មជននិងសមាជិក។ ប៉ុន្តែលោកថាការសម្រេចចិត្តរបស់ពួកគេមួយចំនួនអាចបណ្តាលមកពីការរងសម្ពាធផងដែរ ខណៈមានការបែកធ្លាយសារសំឡេងព្រមានរបស់លោក ហ៊ុន សែន។
លោកថ្លែងថា៖ «មួយចំនួនគាត់ចុះចូលដោយការសម្រេចចិត្តរបស់គាត់ ដោយមិនទទួលឥទ្ធិពល។ ប៉ុន្តែមួយចំនួនទៀតក៏ការសម្រេចចិត្តចុះចូលដោយសារតែគំនាបឥទ្ធិពលសម្ពាធអីសព្វបែបយ៉ាងហ្នឹង។ ពេលខ្លះគាត់ចូលដោយបង្ខំដោយសារតែទឹកចិត្តគាត់មិនចង់ចូលរួម ប៉ុន្តែគាត់មិនអាចប្រឈមទៅនឹងបញ្ហាអ៊ីចឹង គាត់ចូលដោយបង្ខំ»។
លោកបន្ថែមថាគណបក្សជំទាស់តែងតែទទួលរងសម្ពាធជាហូរហែ ដូច្នេះលោកចង់ឃើញការធ្វើនយោបាយនៅកម្ពុជាមានការបើកលំហសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយឱ្យបានពេញលេញ។
លោកបញ្ជាក់បន្ថែមថា៖ «យើងអត់ចង់ឃើញ រូបភាពនៅកម្ពុជាយើងក្នុងលក្ខណៈគេថាអ្នកនយោបាយទៅបង្ខិតបង្ខំឱ្យដាក់សម្ពាធទៅលើពួកគាត់ទេ។ គួរតែផ្តល់សេរីភាពពេញលេញក្នុងការសម្រេចចិត្តរបស់គាត់ ហើយគាត់មើលឃើញបក្សណាល្អត្រឹមត្រូវគាត់ គាត់ចូលរួមគាំទ្រ ចៀសវាងការប្រើឥទ្ធិពលទៅដាក់គំនាបដល់គាត់ អាហ្នឹងជារឿងមួយនៅក្នុងរបបប្រជាធិបតេយ្យមិនត្រូវឱ្យកើតមានអ៊ីចឹងទេ»។
ជាមួយគ្នានេះដែរ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន លើកឡើងថាការផ្តាច់ខ្លួនទៅចុះចូលជាមួយគណបក្សកាន់អំណាច គឺជារឿងធម្មតាទៅហើយក្នុងរឿងនយោបាយ ព្រោះសកម្មជនគណបក្សនីមួយៗមានសិទ្ធិក្នុងការសម្រេចចិត្តចូលរួមឬចាកចេញពីគណបក្ស។ ប៉ុន្តែលោកថាសារបែកធ្លាយដែលសង្ស័យថាជាសំឡេងរបស់លោក ហ៊ុន សែន ទំនងជាសារគំរាមមួយដល់សកម្មជនគណបក្សជំទាស់។
លោកប្រាប់វីអូអេថា៖ «សូមជម្រាបថាមានអ្នកចាកចេញ ហើយក៏មានអ្នកចូលរួមជានឹងជាមួយគណបក្សភ្លើងទៀនដែរ។ ប៉ុន្តែយើងមិនបង្ហាញពីអ្នកដែលចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ រឿងទីពីរ ចំពោះសារបែកសំឡេងថ្មីៗនេះ ដែលជាសាររបស់អតីតនាយករដ្ឋមន្រ្តី បើសិនជាសារនោះជាសារពិតមែន វាច្បាស់ណាស់បង្ហាញពីការបំភ័យការបំភិត ការគំរាមកំហែងទៅលើដៃគូរបស់ខ្លួន ហើយវាបង្ហាញពីភាពមិនប្រជាធិបតេយ្យនៅក្នុងប្រទេសមួយដែលនិយាយថាយើងប្រកាន់ និងអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
លោកបន្ថែមថាគណបក្សនីមួយៗមិនគួរទទួលរងនូវការបំភិតបំភ័យ ការគំរាមកំហែងពីបុគ្គលមានអំណាចណាមួយទេក្នុងសកម្មភាពនយោបាយរបស់ខ្លួន។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា បានឱ្យដឹងថាការផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំងនេះ អាចកើតឡើងពីការរឹតត្បិតសេរីភាពផ្នែកនយោបាយនៅក្នុងសង្គម។
លោកថ្លែងថា៖ «ខ្ញុំយល់ថាគួរតែមានការបើកលំហប្រជាធិបតេយ្យសេរីពហុបក្សឱ្យបានទូលំទូលាយសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមាននិន្នាការនយោបាយផ្ទុយ ឬក៏មានទស្សនៈគំនិតផ្សេងៗគ្នាអាចបញ្ចេញនូវទស្សនៈក្នុងការយល់ឃើញរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេស...មិនគួរមានការរើសអើង ឬក៏មានការបំភិតបំភ័យ ដោយសារតែមាននិន្នាការខុសគ្នានោះទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថាការផ្តាច់ខ្លួនពីគណបក្សជំទាស់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺជាការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំ ឬក៏ដាក់សម្ពាធពីគណបក្សប្រជាជនកម្ពុជាឡើយ។
លោកថ្លែងថា៖ «គណបក្សប្រជាជនគ្មានវប្បធម៌ទិញទឹកចិត្តបងប្អូនទេបាទ»។
អ្នកនាំពាក្យរូបនេះថាគណបក្សនឹងផ្តល់តួនាទីដល់សកម្មជនដែលចុះចូល ប្រសិនបើពួកគេធ្វើសកម្មភាពបម្រើឱ្យគណបក្សបានល្អ។
លោកថ្លែងថា៖«តាមរយៈការលុតដំសកម្មភាពរបស់ខ្លួនបម្រើនយោបាយរបស់គណបក្សប្រជាជនវាចេញជាគុណសម្បត្តិ វាចេញជាស្នាដៃ តាមរយៈស្នាដៃទើបមានការតែងតាំង ផ្តល់តួនាទី ភារកិច្ច ជាការលើកទឹកចិត្តដល់សកម្មភាពដល់ស្នាដៃទាំងនោះ»។
លោក ប៉ាង រ៉ន អាយុ៦៧ឆ្នាំ ជាអតីតលេខាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រាប់វីអូអេថាលោកស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ព្រោះការចូលរួមជាមួយគណបក្សភ្លើងទៀនមិនទទួលបានលទ្ធផលអ្វីឡើយ។
លោកប្រាប់វីអូអេថា៖ «យើងធ្វើវាអត់ វាទៅវាមិនរួច វាអត់ឈ្នះគេអ៊ីចឹងទៅ។ ហើយម្យ៉ាងទៀត ខ្ញុំក៏វាទៅចាស់ណាស់! ហើយ[អាយុ]៧០ជាងហើយ វាល្មមនឹងផ្អាកដំណើរការទុកឱ្យក្មេងៗក្រោយចុះ»។
លោកបន្ថែមទៀតថាការចូលរួមជាមួយគណបក្សណាក៏ដោយ វាដូចតែគ្នា ព្រោះគណបក្សនយោបាយស្មោះត្រង់ និងបម្រើប្រជាពលរដ្ឋដូចតែគ្នា។
សារព័ត៌មាន Fresh News ដែលស្និទ្ធិនឹងរដ្ឋាភិបាល បានផ្សព្វផ្សាយការចុះចូលរបស់គណបក្សជំទាស់ជាបន្តបន្ទាប់ ក្នុងនោះមានលោក លី ឌី អនុប្រធានគណៈកម្មាធិការប្រតិបត្តិអតីតគណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុ លោក ឈុន ឡាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន លោក ប៉ាង រ៉ន លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ លោក ម៉ឺន សុភា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ អ្នកស្រី ឈិត គីមឈាន ប្រធានចលនាស្រ្តីខេត្តពោធិ៍សាត់ ព្រមទាំងសកម្មជនមកពីគណបក្សប្រឆាំងជាច្រើនទៀតដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
វេទិកាបញ្ចេញមតិ