តុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចផ្ដន្ទាទោស លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងពីបទ«បរិហារកេរ្តិ៍»នៅលើទំព័រហ្វេសប៊ុក និងតម្រូវឲ្យលោកសម រង្ស៊ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ សំណងជំងឺចិត្តជាទឹកប្រាក់ចំនួន១៥០លានរៀលទៅលោក ហេង សំរិន ប្រធានរដ្ឋសភា។
ក្រៅពីសម្រេចឲ្យសងសំណងជំងឺចិត្តដល់លោក ហេង សំរិន ហើយនោះ លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចដោយកំបាំងមុខឲ្យលោក សម រង្ស៊ី បង់ជាទឹកប្រាក់ចំនួន១០លានរៀលផ្សេងទៀតសម្រាប់ថវិកាជាតិផងដែរ។
ការសម្រេចផ្ដន្ទាទោសនេះគឺយោងលើមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌចែងអំពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ក្រមព្រហ្មទណ្ឌថា«គ្រប់ការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬកិតិ្តស័ព្ទនៃបុគ្គល ឬស្ថាប័នគឺជាការបរិហារកេរ្តិ៍ ត្រូវពិន័យជាប្រាក់ចំនួន១សែនដល់១០លានរៀល។ ការបរិហារកេរ្តិ៍ដែលធ្វើតាមមធ្យោបាយណាមួយ ដូចជាតាមសម្តីដែលបញ្ចេញនៅទីសាធារណៈ...និងទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណជន»។
ថ្លែងមកកាន់ក្រុមអ្នកយកព័ត៌មាន លោក គី តិច មេធាវីតំណាងលោក ហេង សំរិន បានឲ្យដឹងថា ចំនួនសំណងជម្ងឺចិត្តនេះមិនទាន់ស័ក្តិសមនឹងអ្វីដែលលោកសម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសលោក ហេង សំរិន នោះទេ។ ហើយលោកថា លោកនឹងពិភាក្សាជាមួយលោក ហេង សំរិន ថា គួរតែទទួលយកការសម្រេចនេះ ឬគួរប្តឹងបន្តទៅសាលាឧទ្ធរណ៍។
«ចំពោះការសម្រេចឲ្យបង់ត្រឹម១០លានសម្រាប់ថវិកាជាតិ និង១៥០លានរៀលសម្រាប់ដើមបណ្តឹងហ្នឹង វាមិនទាន់សមល្មមនឹងអំពើទេ។ ... អញ្ចឹងវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សម្តេច ហេង សំរិន ដែលមានតួនាទីជាន់ខ្ពស់ ទាំងក្នុងរបប១៩៧៩ ទាំងបច្ចុប្បន្នហ្នឹង ហើយវាប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាទៀត»។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា យល់ថា សំណងក្នុងបទបរិហារកេរ្តិ៍សម្រាប់អ្នកនយោបាយនោះ គប្បីធ្វើឡើងក្នុងរូបភាពមួយដើម្បីបញ្ជាក់ពីភាពខុស ឬត្រូវ និងចាញ់ ឬឈ្នះប៉ុណ្ណោះ មិនមែនទាមទារសំណងក្នុងតម្លៃមួយខ្ពស់បែបនេះទេ។ លោកបន្តថា បទបរិហារកេរ្តិ៍របស់អ្នកនយោបាយ ជាទូទៅពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ ដែលជាផ្នែកមួយសំខាន់នៃយុទ្ធសាស្ត្រនយោបាយ។
«ខ្ញុំថា ជារឿងមួយដែលសោកស្តាយ ត្រង់ថា បទបរិហារកេរ្តិ៍មានន័យថា ទាក់ទងរឿងសេរីភាពបញ្ចេញមតិ ហើយការធ្វើនយោបាយ វាពឹងផ្អែកលើការមានសិទ្ធិ មានសេរីភាពក្នុងការបញ្ចេញមតិរៀងៗខ្លួនរបស់អ្នកនយោបាយ។ បើសិនមានការប្តឹងបែបហ្នឹង សំណងគួរតែទាបបំផុត គ្រាន់តែជានិម្មិតរូបទេ គ្រាន់តែចង់ដឹង ខុស ឬត្រូវ។ មិនគួរទារក្នុងតម្លៃខ្ពស់ដែលផុតលើសផ្លូវច្បាប់ទៀត »។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់ប្រាប់ VOA ថាគណបក្សជំទាស់ចាត់ទុកថា ចំណាត់ការរបស់តុលាការមកលើលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់នានារបស់គណបក្សនេះ គឺជារឿងនយោបាយ។
«អញ្ចឹង! សាលក្រមរបស់តុលាការអត់មានអ្វីដែលភ្ញាក់ផ្អើលនឹងរឿងហ្នឹងទេ។ រឿងរបស់គណបក្សសង្គ្រោះជាតិទាក់ទងនឹងតុលាការច្រើនណាស់ ដាក់ឡានមិនអស់ផង។ អញ្ចឹងបានថា សំណុំរឿងទាំងអស់ហ្នឹង វាចេញពីហេតុផលនយោបាយ។ យើងកំពុងខំប្រឹងតស៊ូមតិ។ កាលណាមានដំណោះស្រាយនយោបាយ អ្វីៗទាំងអស់ហ្នឹងធ្លាក់តាមហ្នឹង»។
កន្លងមក លោក សម រង្ស៊ី អះអាងថា លោកមិនបានបរិហារកេរ្តិ៍លោក ហេង សំរិន នោះទេ។ លោកថា លោកគ្រាន់តែផ្សាយបន្តតាមហ្វេសប៊ុកនូវព្រះរាជសង្កថារបស់អតីតព្រះមហាក្សត្រប៉ុណ្ណោះ។
ចាប់តាំងពីចុងឆ្នាំ២០១៥កន្លងមក លោក សម រង្សី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវតុលាការចេញដីកាចាប់ខ្លួន និងដីកាកោះហៅជាបន្តបន្ទាប់ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ និងសំណុំរឿងផ្សាយឯកសារព្រំដែនក្លែងក្លាយជាដើម៕