ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ រឿង​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង ប្រៀប​ដូច​ជា«ការ​ចាប់ជំរិតនយោបាយ»


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​គណបក្សសង្គ្រោះជាតិ បាន​ផ្ដល់បទ​សម្ភាសន៍ខ្លីដល់ VOA កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​គណបក្សសង្គ្រោះជាតិ បាន​ផ្ដល់បទ​សម្ភាសន៍ខ្លីដល់ VOA កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ក្រុម​មេធាវីការ​ពារ​ក្តី​លោក ​កឹម សុខា មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ពុះពារ​ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ និង​ក្រសួង​យុត្តិធម៌ពន្លឿន​នីតិវិធី​ជម្រះ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ៤ ​ដង​ទៅ​ហើយ។

មក​ដល់​ពេល​នេះគ្មាន​តម្រុយ​ទេ​ថា​ លោក ​កឹម សុខា​ អាច​បាន​ចូល​មក​តទល់​នឹង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក្តី​ជា​ថ្មី​ទៀត​នោះ​ទេ ខណៈ​សវនាការត្រូវ​បាន​ពន្យារ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។

ភាព​មិន​ប្រាកដ​ប្រជា​ចំពោះ​ដំណើរ​វិល​ត្រឡប់​របស់លោក កឹម សុខា​ ចូល​ក្នុង​សាល​កាត់​ក្តី​នោះ​បាន​ក្លាយ​ជា​ការ​រំខាន​នៃ​ការ​តស៊ូ​ផ្លូវ​ច្បាប់របស់​ក្រុម​មេធាវី ព្រោះ​តែ​តុលាការ​ថា ​វិបត្តិ​ជំងឺ​កូវីដ​១៩​ មិន​បង្ក​បាន​ជា​បរិយាកាស​វិជ្ជមាន​មួយ​សម្រាប់​បន្ត​ជម្រះ​ក្តី​លោក​ កឹម សុខា​ នោះឡើយ។

ចំណែក​ក្រសួង​យុត្តិធម៌ក៏​មិន​មាន​ចម្លើយ​ទៅ​នឹង​សំណើ​របស់​ក្រុម​អ្នក​ការពារ​ក្តី​របស់​លោក​ កឹម សុខា ​នោះ​ដែរ។ នេះ​ជា​ការ​ពណ៌នា​របស់​លោក​ស្រី​ ម៉េង សុភារី​ មេធាវី​មួយ​រូប​របស់​លោក កឹម សុខា។

«មែនទែន​ទៅ​កាតព្វកិច្ច​តួនាទី​ របស់​មេធាវី​ហ្នឹង​គឺ​យើង​ស្នើ​សុំ។ យើង​អត់​មាន​សិទ្ធិ​សម្រេច​ទេ​ណ៎ា​យើង​ស្នើ​សុំ​ ដូច្នេះ​ហើយ​យើង​ក៏​ស្នើ​សុំ​ការ​បើក​សវនាការ​ហ្នឹង​ជាច្រើន​លើក​ច្រើន​សារ​ដែរគិត​ទៅ​បី​ដង​បូក​ទាំង​ការ​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​យុត្តិធម៌​ម្តង​ទៀត​នោះ ​គឺ​ក៏​ ៤ ​ដង​ហើយ​ដែរ។ ប៉ុន្តែ​យើង​ឃើញ​ថា​ល ទ្ធផល​គឺ​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នោះ​ទេ។ ដូច្នេះ​យើង​អត់​អាច​ថា​ ខ្ញុំ​ចង់​មាន​ន័យ​ថា​ យើង​គ្រាន់​តែ​ជា​អ្នក​ស្នើ​សុំ​យើង​អត់​មាន​សិទ្ធិ​សម្រេច​ទៅ​លើ​រឿង​ក្តី​នឹង​បែប​ណា​នោះ​ទេ»។​

មេធាវី​រូប​នេះ​និយាយ​ថា​ ការ​ធ្វើ​សំណើ​ផ្សេងៗ​ទៀត​នឹង​មាន​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ​ក្រោយ​សំណើ​តាម​ផ្លូវ​ច្បាប់​កាល​ពី​ពេល​មុនៗ​ មិន​បាន​ផ្លែ​ផ្កា​អ្វី​សោះ​នោះ។

«ដូច្នេះ​ហើយ​បើសិន​ជា​ការ​ស្នើ​សុំ​បន្ត​សវនាការ​ហ្នឹងនៅ​តែ​មិន​បាន​លទ្ធផល​ទៀត​ហ្នឹង ​គឺ​យើង​ហ្នឹង​ធ្វើ​ការ​ស្នើ​សុំ​លើ​អ្វី​ផ្សេង​បន្ថែម​ទៀត»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ សម្តី​របស់​ក្រុម​មេធាវីមិន​ប្រៃ​ដែល​អាច​ទៅ​ត​ថ្លៃ​ខាង​ច្បាប់​សម្រាប់​ពន្លឿន​នីតិវិធី​របស់​លោក កឹម សុខា ដែល​ត្រូវ​គេ​ចាត់​ទុក​ថាជា​អ្នកទោស​នយោបាយ​នោះ​ឡើយ។ ហើយ​ការ​ប្រឹង​ទៅ​ពឹង​អន្តរជាតិ ឲ្យ​មក​ជួយបញ្ចប់​ក្តី​ក្តាំ​លោក​ កឹម សុខា​ នោះ​ ក៏​មិន​សង្ឃឹម​ច្រើន​ដែរ។ អ្នក​វិភាគ​លើក​ឡើង​ថា​ ចំណុច​មួយ​ដែល​អាច​សង្ឃឹម​បាន​នោះ​ គឺ​ការ​រួបរួម​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​គេ​ដឹង​ថាមាន​ជម្លោះ​ផ្ទៃ​ក្នុង។​

លោក​ មាស នី អ្នកសិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា ​ប្រាប់ VOA​ ថា​ លោក កឹម សុខា គឺ​ប្រៀប​ដូច​ជា​អ្នក​ទោស​នយោបាយ។ ដូច្នេះពុំ​មាន​បន្ទាត់​ច្បាប់​ណា​អាច​ត្រូវ​បាន​យក​មក​វាស់​វែង​ពេល​វេលា​ថា​ពេល​ណា​លោក កឹម សុខា នឹង​អាច​ទៅ​តតាំង​ក្តី​នៅ​មុខ​តុលាការ​បាន​ទេ។

មួយ​វិញ​ទៀត​នោះ បើ​ក្រឡេក​ទៅ​មើល​ការ​ខិតខំ​របស់​ក្រុម​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត​ ដែល​កំពុង​កៀរ​គរ​សម្ពាធ​អន្តរជាតិ​មក​គាប​សង្កត់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ ឲ្យ​ស្រាយ​ខ្លួន​លោក កឹម សុខា ចេញ​ស្រឡះ​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ មាន​ភាព​យឺត​យ៉ាវ និង​មិន​សូវ​មាន​ប្រសិទ្ធភាព​ផង​ដែរ។

ខណៈ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​មិន​សូវ​មាន​ឥទ្ធិពល​ខ្លាំងក្លា ​ហើយ​លោក​ កឹម សុខា​ នៅ​មិន​អាច​ចេញ​ច្បាំង​នយោបាយ​នោះ​ ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​សភាព​កាន់​តែ​យ៉ាប់​យឺនទៅ។

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មានលោក សម រង្ស៊ី និងលោក កឹម សុខា។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មានលោក សម រង្ស៊ី និងលោក កឹម សុខា។ (ស៊ុន ណារិន/វីអូអេ)

លោក​ មាស នី បន្ថែម​ថា​ ការណ៍​នេះ​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​មួយនេះ​កំពុង​រក​កល​បាត់​នូវ​កម្លាំង​នយោបាយ​របស់​ខ្លួន​ ដើម្បី​ទាញ​កន្ទ្រាក់​គណបក្ស​កាន់​អំណាចឲ្យ​មកអង្គុយ​ជជែក​គ្នា​រក​ខុស​ត្រូវ​តាម​ផ្លូវ​នយោបាយ។

«ខ្ញុំ​និយាយ​នេះ ​មិនមែន​ថា ការ​ពឹង​ពី​ខាង​ក្រៅ​ហ្នឹង​វា​អត់​មាន​ប្រយោជន៍​ទេ​ណា ​ក៏​ប៉ុន្តែ​បើ​យើង​ចំណាយ​ពេល ទីមួយ​ចំណាយ​ពេល ​៤០​% វាយ​ប្រហារ​គ្នា​ឯង​ហើយ​ ៤០%​ ទៀត​សម្រាប់​ពឹង​ទៅ​លើ​ការទូត​បរទេស​ ឬ​ក៏​មាន​អំនួត​ទៅ​លើ​ការ​ទូត​បរទេស​ថា​ គេ​គាំទ្រ​យើង​គេ​ស្អី​យើង​ហើយ​ហ្នឹង​ ប៉ុន្តែ​ចំណាយ​ពេល​តែ​ ១៥ ​ឬ​ ២០% រៀបចំ​ខ្លួន​រៀបចំ​យុទ្ធសាស្ត្រ​ខ្លួន​ឯង​ប៉ុណ្ណឹង ​គឺ​ខ្ញុំ​គិត​ថា​ មិន​អាច​ទៅ​មុខ ​មិន​អាច​មុជ​ទៅ​ឆ្ងាយ​បាន​ទេ​បាទ»។

លោក​ចង្អុល​ទៅ​ដល់​ភាព​ខុស​គ្នា​នៃ​កម្លាំង​តស៊ូ​ខាង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ភូមា​ ដែល​ក្រុម​បក្ស​ប្រឆាំង​តទល់​នឹង​យោធា​បាន​រក្សា​ជំហរ​ធ្លុង​មួយ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​បំពាន​អំណាច​ពី​សំណាក់ក្រុម​យោធា។

នៅ​កម្ពុជាលោក មាស នី ថ្លែង​ថា​ ក្រុម​គណបក្ស​ប្រឆាំង​កំពុង​ប្រយុទ្ធគ្នា​ជាមួយ​ការ​ជេរ​ប្រមាថ​ក្រុម​ខ្លួន​ដែល​ពិបាក​រក​ផ្លូវ​ជួយ​មេ​របស់​ខ្លួន​ ដែល​រួតរឹត​ដោយ​ចំណង​ច្បាប់ ហើយ​ការ​ហែកហួរ​នេះ​រឹតតែ​អំណោយ​ផល​ដល់​ការ​វាយ​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​ ដែល​ជា​បំណង​ប្រាថ្នា​របស់​គណបក្ស​កាន់​អំណាច។

«វា​សំខាន់​ក្នុង​ករណី​ហ្នឹង​សំខាន់​គឺ​ទៅ​លើ​រឿង​របស់​សាមី​គណបក្ស​ខ្លួន​ឯង​ទេ​ថា​ តើ​គណបក្ស​ខ្លួន​ឯង​ហ្នឹង​បណ្តោយ​ឲ្យ​ខ្លួន​ហ្នឹង​បែក​គ្នា​ដូច​គេ​ចង់​បាន​ដែរ ​ឬ​អត់។ ខ្ញុំ​គិត​ថា​ សម្រាប់​គូ​បដិបក្ខ​ម្ខាង​គេ​តែង​តែ​ចង់​ឲ្យ​ឃើញ​មេ​ក្រុម គូ​បដិបក្ខ​ម្ខាង​ទៀត​នេះចុះ​ខ្សោយ​ហើយ ​តែ​ថា​តើ​គូ​បដិបក្ខ​ម្ចាស់​ហ្នឹង​ ដែល​គេ​ធ្វើ​បាប​ហ្នឹង​ តើ​បណ្តោយ​ខ្លួន​ឲ្យ​ចុះ​ខ្សោយ​តាម​ដូច​ដែល​គេ​បាន​គិត​ ឬ​ក៏​គេ​បាន​ធ្វើ​មក​លើ​ហ្នឹង​ដែរ​ឬ​អត់»។​

លោក កឹម សុខា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស ​ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​ហៅ​ថា «ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ប៉ុន្តែ​ទាំង​លោក ​កឹម សុខា ​និង​សហរដ្ឋអាមេរិក​បាន​បដិសេធ​ការ​ចោទ​នេះ​ជា​បន្ត​បន្ទាប់។

បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​ នៅ​ក្នុង​ពន្ធនាគារ​ផង ​និង​ក្នុង​ផ្ទះ​របស់​លោក​ផងនោះ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឲ្យ​លោក​អាច​មាន​សេរីភាព​ដើរ​ហើរ​នៅ​ក្នុង​ប្រទេស​កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ​តែ​ក៏​ជាប់​បម្រាម​មួយ​ចំនួន​របស់​តុលាការ​ ដែល​ហាមមិន​ឲ្យ​លោក​ កឹម​ សុខា​ ធ្វើ​នយោបាយ​ដាច់​ខាត។

ក្រោយ​បាន​រួច​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​លោក កឹម សុខា បាន​ផ្តើម​សវនាការ​ការ​ទូតជាមួយ​អង្គទូត​នានា​នៅ​ក្នុង​ប្រទេស​និង​ចាប់​ផ្តើម​បង្ហាញ​មុខ​ក្នុង​បន្ទប់​សវនាការ​បាន​ជា​ច្រើន​ដង​ ក៏​ប៉ុន្តែ​ខណៈ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​ មាន​សភាព​មិន​សូវ​ស្រួល​នោះ​តុលាការ ​ក៏​សម្រេច​លើក​ពេល​ជំនុំ​ជម្រះ​ក្តី​លោក កឹម សុខា ដោយ​មិន​កំណត់​ពេលវេលា ពោល​គឺ​សវនាការ​របស់​លោក​ត្រូវ​អាក់​ខាន គិត​ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ​ ២០២០​ មក។

​លោក ​ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ​គណបក្ស​ជំទាស់​កំពុង​ផុង​ក្នុង​ជម្លោះ​ផ្ទៃ​ក្នុង​យ៉ាង​តានតឹង ហើយ​ជម្លោះ​ដែល​កើន​កម្តៅ​ខ្លាំង​ពិបាក​ធ្វើ​ឲ្យ​កម្លាំង​បែក​បាក់​ក្នុង​បក្ស​ជំទាស់​នេះ​រួបរួម​គ្នា​វិញ។

«យន្តការ​នេះ​នៅ​ក្នុង​ផ្ទៃ​ក្នុង​ខ្ញុំ​គិត​ថា​លំបាក​ចេញ​រួបរួម​គ្នា​ណាស់​ ព្រោះ​ពួក​គាត់​គ្រាន់​តែ​ស៊ី​នំ​បញ្ចុក​ស៊ី​មិន​បាន​ផង។ អាហ្នឹង​គឺ​ជាហេតុផល​មួយ​លំបាក​ណាស់។ អ៊ីចឹង​មាន​តែ​ការ​ជ្រោម​ជ្រែង​ពី​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ទៅ​សហគមន៍​អន្តរជាតិ ហើយ​មាន​តែ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ឲ្យ​លម្ហ​សេរីភាពសិទ្ធិ​នយោបាយ​ហ្នឹង​បើក​លម្ហ​ឡើង​វិញ​ទេ ​ទើប​បក្ស​ប្រឆាំង​ហ្នឹង​អាច​មាន​ឱកាស​រស់​ឡើង​វិញ។ អាហ្នឹង​វា​ជា​ហេតុផល​មួយ»។

ការ​បែកបាក់​ផ្ទៃ​ក្នុង​ជា​រឿង​មួយ ​ប៉ុន្តែ​ការ​ដើរ​ចេញ​របស់​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ជំទាស់​ទៅ​កសាង​បក្ស​ថ្មី​នោះ​ជា​រឿង​ដោយ​ឡែក​មួយ​ទៀត ​ដែល​រឹតតែ​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​បាត់​បង់​ការ​សាមគ្គី​សម្រាប់​តស៊ូ​ក្នុង​សមរភូមិ​នយោបាយ។

លោក ​មាជ​ សុវណ្ណារ៉ា​ អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា​ ការ​លាប​ពណ៌​និង​ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅ​មក​រវាង​អ្នក​ស៊ូ​ទ្រាំ​ជ្រោង​ទង់​អតីត​បក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​ដើរ​ចេញ​ពី​បក្ស​បាន​បន្សាប​ថាមពល​របស់​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ។ លោក​បន្ត​ថា ការណ៍​នេះ​នឹង​សង្កត់​មេ​បក្ស​ប្រឆាំង​មិន​ឲ្យ​រើ​ខ្លួន​រួច​ពី​ការ​ចោទ​ប្រកាន់​របស់តុលាការ​ ដែល​ចង​ភ្ជាប់​ដោយ​ចំណង​នយោបាយ។

នៅ​ពេល​រង​ការ​រិះគន់​ថា​ គណបក្ស​ប្រឆាំង​ជួប​វិបត្តិ​ប្រេះឆា​ផ្ទៃ​ក្នុង​លោក ​កឹម សុខា​ ដែល​សិទ្ធិ​នយោ​បាយ​របស់​លោក ​ត្រូវ​បាន​ដក​ហូត​នោះ​កម្រ​មាន​វោហារសព្ទ​នយោបាយ ​ដើម្បី​ពន្លត់​ភ្លើង​នៃ​ជម្លោះ​ផ្ទៃ​ក្នុង ​ឬ​ក៏​ទទូច​ដោយ​ខ្លួន​លោក​ផ្ទាល់​ឲ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​លោក​ផងដែរ។

ប៉ុន្តែ​នៅ​ពេល​ឆ្នាំ​ ២០២១ ​មក​ដល់​ លោក​បាន​ចេញ​សារ​ដោយ​អធិប្បាយ​ថា លោក​ចង់​ឃើញ «ការ​បង្រួបបង្រួម​ជាតិ​ឯកភាព​ជាតិ​ និង​សាមគ្គី​ជាតិ»។

រូបឯកសរ៖ ​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​ បន្ទាប់ពីជំនួប​ដំបូង​របស់ពួកគេ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសរ៖ ​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​ បន្ទាប់ពីជំនួប​ដំបូង​របស់ពួកគេ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក កឹម សុខា ​ក៏​រក្សា​ការ​ជួប​សន្ទនាជាមួយ​អង្គទូត​នានា​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​ចុះ​ទៅ​ជួប​ពលរដ្ឋ​ជា​លក្ខណៈ​ឯកជន​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ ហើយ​លោក​ក៏​ត្រូវ​គេ​សង្កេត​ឃើញ​មិន​បាន​បង្ហាញ​ការ​ឆ្លើយ​ឆ្លង​ទៅ​ដៃគូ​របស់​លោក​គឺ​លោក​ សម រង្ស៊ី​ ដែល​រស់​នៅ​ប្រទេស​បារំាង និង​កំពុង​ប្រឈម​មុខ​នឹង​បទ​ចោទ​ឧក្រិដ្ឋ​ជា​ច្រើន​ករណី​នៅ​តុលាការ​កម្ពុជា។

សម្រាប់​លោក​ មាជ សុវណ្ណារ៉ា​ កាលៈទេសៈ​នេះ​មិនមែន​ជា​វេលា​ល្អ​ឲ្យ​លោក ​កឹម សុខា​ ឆ្លើយ​ឆ្លង​ជាមួយ​លោក​ សម រង្ស៊ី​ ដើម្បី​បន្ធូរ​ភាព​តាន​តឹង​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស។​ ក៏​ប៉ុន្តែ​អ្នក​ដែល​នៅ​មាន​ភក្តី​ភាព​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​គួរ​តែ​លាក់​កំហឹង​របស់​ខ្លួន​ និង​ត្រិះរិះ​រកផ្លូវ​ទៅ​ជួយ​មេដឹកនាំ​ខ្លួន។​

«ខ្ញុំ​ប្រៀបធៀប​ទៅ​នឹង​គណបក្ស​លោកស្រី​ អោង សានស៊ូជី។ កាល​លោក​ជាប់​គុក​លើក​ទី​មួយ​ រយៈ​ពេល​ជាង​ ១៥ ​ឆ្នាំ​ គណបក្ស​គេ​នៅ​នឹង​ថ្កល់​គេ​នៅ​ស្តាប់​មេ​ស្តាប់​កើយ។ ហើយ​យើង​នេះ​គឺ​ថា​ អត់​ទេ​មេ​ពីរ​ហ្នឹង​ គឺ​ថា​ម្ខាង​ៗ​ប្រមាថ​នេះ​ ប្រមាថ​មេ​នោះ​ហើយ​យើង​អត់​គោរព​ឪពុក​ម្តាយ​ឯង។ តើ​យើង​ឲ្យ​គណបក្ស​ខ្លាំង​យ៉ាង​ម៉េច? ដែល​មេ​ឪពុក​ម្តាយ​ឯង​ កំពុង​តែ​រងគ្រោះ​កំពុង​តែ​ជាប់​ចំណង​នយោបាយគេ​ចង​ ហើយ​យើង​អត់​រក​វិធី​ឆ្លាត​ថា ​តើ​ជួយ​មេដឹកនាំ​ទាំង​ពីរ​ហ្នឹង​របៀប​យ៉ាង​ម៉េច? ជជែក​គ្នា​រក​វិធី​ណា​ផ្លូវ​ណា?​ ឬ​ក៏​យើង​នៅ​ស្ងៀម​ស្ងាត់​ទៅ! ដើម្បី​ថា​រង់​ចាំ​ពេល​វេលា»។

លោក សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​មាន​ប្រសាសន៍​ថា​ គណបក្សប្រជាជន​កម្ពុជា​គ្មាន​ឥទ្ធិពល​ទៅ​លើ​ការ​ចាត់​ចែង​របស់​តុលាការ។

លោក​បដិសេធ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​គ្មានចេតនា​ប្រើប្រាស់​រឿង​ក្តី​លោក ​កឹម សុខា​ ទៅ​បំបែកសំឡេង​បក្ស​ប្រឆាំង​ឲ្យ​បែកខ្ញែក​ថែម​ទៀត ព្រោះ​លោក​និយាយ​ថា ​គ្មាន​ទៀត​ទេ​សំឡេង​របស់​គណបក្ស​នេះ​នៅ​ប្រទេស​កម្ពុជា។

«វា​អត់​មាន​គណបក្ស​ប្រឆាំង​ទៀត​ទេ។ គណបក្ស​ប្រឆាំង​បាន​ងាប់​បាត់​តាំង​ពី​ឆ្នាំ​ ២០១៧​ មក​ម៉្លេះ។ អ៊ីចឹង​ការ​ចង់​ចរចា​ណា​ គឺ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដូច​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​លោក​បាន​បញ្ជាក់​ច្បាស់ៗ​ហើយ»។

លោក​ សុខ ឥ​សាន ​ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ស្វះស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ ឲ្យ​មក​ដាក់​សម្ពាធ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ។

លោក​បញ្ជាក់​ថា អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព «ប្រកាច់​រកកល​នឹង​រលត់​រលាយ​រចនាសម្ព័ន្ធ​របស់​ខ្លួនទាំង​ស្រុង»។

«វា​គ្រាន់​តែ​ប្រកាច់​គេ​ហៅ​ថា​ ខ្មោច​វា​ជិត​ងាប់​ ឬ​ងាប់​ទៅ​ហើយ​ វា​នៅ​ប្រកាច់​ត្រដរ​ខ្យល់​ តែ​ប៉ុណ្ណឹង​ទេ​បាទ។ អត់​មាន​ការ​ចាប់​អារម្មណ៍​អី​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពីព្រោះ​យើង​បច្ចុប្បន្ន​នេះ​ គឺ​យើង​កា្តប់​អំ[ណាច​] ពេញ​ដៃ​ហើយ​យើង​ខិត​ខំ​ធ្វើ​យ៉ាងម៉េច​រួបរួម​សាមគ្គី​ជាតិ​ទាំង​មូល​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ប្រជាជន​ ១៦​ លាន​នាក់​ហើយ​ និង​កងទ័ព​កម្មករ​និយោជិត​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​រួមគ្នា​ ការ​ពារ​សន្តិភាព​ស្ថិរភាព​នយោបាយ​ ហើយ​និង​ទប់​ស្កាត់​កុំ​ឲ្យ​មាន​សកម្មភាព​អមិត្ត​ណា​ពី​ខាង​ក្រៅ ​ឬ​ខាង​ក្នុង​ណា​កើត​ឡើង​បាន​ទេ​ដាច់​ខាត»។​

មិន​ខុស​ពី​អ្វីនឹង​ការ​អធិប្បាយ​របស់​លោក​ សុខ​ ឥសាន​ នោះ​ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ លោក ​ជិន ម៉ាលីន ចាត់​ទុក​ថា ការ​អធិប្បាយ​របស់​ក្រុម​អ្នកវិភាគ​មាន​បំណង​ចង​ភ្ជាប់​សំណុំ​រឿង​លោក​ កឹម សុខា​ ទៅ​នឹង​រឿង​នយោបាយ។

លោក​ ជិន ម៉ាលីន ​ដែល​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​យុត្តិធម៌​ផង​នោះ មាន​ប្រសាសន៍ថា​ មាន​តែ​ចៅ​ក្រម​ទេ​ដែល​អាច​សម្រេច​ជោគ​វាសនា​ក្តីក្តាំ​របស់​លោក​ កឹម សុខា។

«បាទ​រឿង​ការ​បកស្រាយ​ការ​វិភាគ​អី​ដោយ​ភ្ជាប់​ជាមួយ​ទិដ្ឋភាព​នយោបាយ​ អា​ហ្នឹង​ជា​រឿង​របស់​អ្នក​វិភាគ​អ្នក​បកស្រាយ។ ក៏​ប៉ុន្តែ​សំខាន់​តុលាការ​ធ្វើ​ម៉េច​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ ដែល​មាន​ជា​ធរមាន​ ហើយ​ការណ៍​ដែល​មិន​ទាន់​អាច​បើក​សវនាការ​បាន​តុលាការ​ បាន​ធ្វើ​ការ​បង្ហាញ​ពី​ហេតុផល​រួច​ហើយ​ហើយ​សុទ្ធតែ​ជា​ហេតុផល​ផ្លូវ​ច្បាប់​ទាំង​អស់។ អ៊ីចឹង​សំខាន់​គឺ​តុលាការ​អនុវត្តន៍​ទៅ​តាម​បញ្ញត្តិ​និង​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​ទៅ​បាន​ហើយ»។

មេធាវី​របស់​លោក កឹម សុខា គឺ​លោក​ស្រី ម៉េង​សុភារី មាន​ប្រសាសន៍​ថា​ ក្រុម​មេធាវី​មិន​ទាន់​អស់​សង្ឃឹម​នៅ​ឡើយ​ចំពោះ​ការ​តតាំង​ក្តី​តាម​ផ្លូវ​ច្បាប់។ បន្ថែម​លើ​សមរភូមិ​ច្បាប់​នោះ ​អ្នក​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា​រូប​នោះ​ និយាយ​ថា​ សំណើ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ខាង​នយោបាយ​នឹង​ជា​ជម្រើស​ចុងក្រោយ​មួយ​ សម្រាប់​ស្រោច​ស្រង់លោក ​កឹម សុខា​ ពី​ការ​ចោទ​ប្រកាន់​ទាំងឡាយ​របស់​តុលាការ។

លោកស្រី​បញ្ជាក់​ថា៖ «ដោយសារ​យើង​ជា​មេធាវី​ដូច្នេះ​យើង​ស្នើ​សុំ​អី​ ដែល​ទៅ​តាម​តែ​នីតិវិធី​នៅ​តាម​តុលាការ។ ដោយ​ឡែក​ ដោយសារ​តែ​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា ​ករណី​ហ្នឹង​គឺ​ជា​ករណី​រឿង​នយោបាយ​ ជា​ជាង​ផ្លូវ​ច្បាប់ ​អ៊ីចឹង​យើង​ក៏​មាន​តែ​ការ​ស្នើ​សុំ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់​ ទាំង​គ្រប់​ភាគី​ធ្វើ​ការ​ផ្សះផ្សា​គ្នា​រក​ដំណោះស្រាយ​មួយ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំង​អស់​គ្នា»៕

XS
SM
MD
LG