តុលាការខេត្តកណ្តាលនៅថ្ងៃសុក្រនេះបានសម្រេចផ្តន្ទាទោសលោក ចាន់ ចេង អ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ និងលោកមេធាវីជួង ជួងី ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ៣លានរៀលពីបទ«ផ្តល់មធ្យោបាយឲ្យជនជាប់ចោទឈ្មោះមាស ប៉េង រត់ចេញពីពន្ធនាគារ»។
លោកគឹម ម៉េង ប្រធានចៅក្រមជំនុំជម្រះនៃតុលាការខេត្តកណ្តាលក៏បានសម្រេចផ្តន្ទាទោសលោកមាស ប៉េង អតីតជំទប់ទី២ឃុំបន្ទាយដែក ខាងគណបក្សសម រង្ស៊ីឲ្យជាប់ពន្ធនាគារចំនួន១៨ខែពីបទរត់ចេញពីមន្ទីរឃុំឃាំងនៃពន្ធនាគារខេត្តកណ្តាល។
ការប្រកាសសាលក្រមកំបាំងមុខនេះបានធ្វើឡើងបន្ទាប់ពីតុលាការខេត្តកណ្តាលបានបើកសវនាការកាត់ទោសកំបាំងមុខដោយមិនមានការចូលរួមពីមេធាវីការពារក្តីកាលពីខែកក្កដាឆ្នាំ២០១៤។
នៅក្នុងសាលក្រម តុលាការមិនបានចេញដីការបង្គាប់ឲ្យចាប់ខ្លួនទេគឺគ្រាន់តែបានប្រកាសផ្តន្ទាទោស និងពិន័យជាប្រាក់សម្រាប់បង់ចូលថវិការដ្ឋតែប៉ុណ្ណោះ។
លោកសំ សុខគង់ មេធាវីការពារក្តីបានជំទាស់នឹងការប្រកាសសាលក្រមនេះ។លោកមានប្រសាសន៍ថា ក្រុមមេធាវីការពារក្តីសម្រេចថា នឹងប្តឹងទាស់ទៅកាន់សាលាឧទ្ធរណ៍ចំពោះសេចក្តីសម្រេចសាលក្រមតុលាការខេត្តកណ្តាល។
លោកនិយាយថា៖ «ដោយសារកាលពីកាត់ក្តីរបស់ពួកគាត់ហ្នឹងគឺកាត់ដោយកំបាំងមុខរបស់លោកជួង ជូងី ហើយនិងលោកចាន់ ចេង ហើយក្នុងនោះក៏កាត់កំបាំងមុខមេធាវីការពារពួកគាត់ផងដែរ»។
សំណុំរឿងលោកមាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ខាងគណបក្សសម រង្ស៊ីបានកើតមានឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាប្រឆាំងទៅនឹងអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិតនៅក្នុងរឿងទំនាស់ដីធ្លីមួយជាមួយនឹងលោកប្រាក់ សាវុធ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះខាងគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានកោះហៅលោកមាស ប៉េងមកសាកសួរកាលនោះ លោកចៅក្រម លឹម សុគន្ធាបានសម្រេចចេញដីការឃុំខ្លួនលោកមាស ប៉េងបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។
នៅក្នុងអំឡុងពេលយកទៅឃុំខ្លួននោះ លោកជួង ជូងី មេធាវីការពារក្តីបានលើកឡើងថា ការឃុំខ្លួនកូនក្តីរបស់លោកមិនអាចធ្វើទៅបានទេដោយសារតែគ្មានដីការឃុំខ្លួន។ រួចហើយក៏បានស្នើឲ្យលោកចាន់ ចេងដឹកលោកមាស ប៉េងចេញពីពន្ធនាគារទៅកាន់លំនៅដ្ឋានវិញ។
លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ មានប្រសាសន៍ថា សំណុំរឿងនេះទាក់ទិននឹងរឿងនយោបាយសុទ្ធសាធ។
លោកនិយាយថា៖ «យើងមើលទៅរឿងនេះពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ។ ការកាត់កំបាំងមុខហើយប្រកាសកំបាំងមុខទៅទៀត ហើយករណីនេះហេតុអ្វីបានជាមិនជូនដំណឹងមិនកោះហៅគេ»។
ពេលវីអូអេទាក់ទងលោកចាន់ ចេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលខាងគណបក្សសង្គ្រោះជាតិតាមទូរស័ព្ទ អ្នកលើកទូរស័ព្ទនិយាយថា កំពុងជាប់ប្រជុំ។ ចំណែកលោកមេធាវីជួង ជូងី វីអូអេបានទាក់ទងសុំអត្ថាធិប្បាយ តែមិនអាចទាក់ទងបាន។
លោកយ៉ែម ប៉ុញ្ញរិទ្ធ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា គណបក្សគ្រោងនឹងប្រជុំគ្នាដើម្បីពិភាក្សាអំពីករណីនេះ។លោកមានប្រសាសន៍ថា លោកចាន់ ចេងមិនអាចត្រូវបានចាប់ខ្លួនបានទេ ដោយសារលោកមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ៕