របៀបវារៈដែលមិនបានព្រាងទុកហើយជាបញ្ហាដែលគណបក្សប្រជាជនកម្ពុជាមិនចង់យកមកពិភាក្សាគឺបញ្ហាសុំឱ្យមានការដោះលែងសកម្មជន និងមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំឃាំងដែលគណបក្សសង្គ្រោះជាតិបានលើកឡើង។
បន្ទាប់ពីដើរចេញពីបន្ទប់ប្រជុំរយៈពេលពីរម៉ោងគត់នៅវិមានរដ្ឋសភានាល្ងាចថ្ងៃសុក្រ លោកសម រង្ស៊ីបានធ្វើឱ្យដៃគូសន្ទនាភ្ញាក់ផ្អើលដោយការប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកបានលើកឡើងពីសំណើនេះតាមរយៈលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាឱ្យជម្រាបទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
«ខ្ញុំចង់ឱ្យឃើញការរួបរួមគ្នា ការជានាគ្នា ការអនុគ្រោះឱ្យគ្នាអត់ឱនទោសឱ្យគ្នាទៅវិញទៅមក អាចឈានទៅដល់ការដោះលែងបងប្អូនយើងដែលជាពិសេសសកម្មជនគណបក្សសង្គ្រោះជាតិ ដែលជាប់ឃុំឃាំងនៅពន្ធនាគារ ហើយខ្ញុំក៏បានសុំអំពាវនាវតាមសម្តេចក្រឡាហោម ស ខេង ទៅសម្តេចតេជោ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន សុំឱ្យលោកមានចិត្តល្អធ្វើម៉េចឱ្យខ្មែរបានជានាគ្នាពេញលេញ ហើយអ្នកដែលជាប់ពន្ធនាគាររហូតមកដល់ពេលនេះ ឱ្យមានសិទ្ធិសេរីភាពឡើងវិញ ឬក៏មានឱកាសទៅជួបជុំជាមួយនឹងគ្រួសារក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ»។
មានសកម្មជន និងមន្ត្រីគណបក្សប្រឆាំងជាង១០នាក់កំពុងជាប់ពន្ធនាគាក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ពាក់ព័ន្ធនឹងការក្លែងឯកសារព្រំដែន និងលោក មាជ សុវណ្ណារ៉ា មន្ត្រីព័ត៌មាននៃគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការធ្វើបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ២០១៣។
គណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មនៅតាមផ្លូវជាបន្តបន្ទាប់តវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោតនេះអស់រយៈពេលជិតមួយឆ្នាំមុននឹងយល់ព្រមចូលប្រជុំសភាដោយបង្កើត«វប្បធម៌សន្ទនា»រវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ។ ប៉ុន្តែសំណុំរឿងព្រហ្មទណ្ឌនោះមិនត្រូវបានរំលត់ចោលទេ។
លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឆ្លើយតបមកវិញភ្លាមៗថា៖
«វប្បធម៌សន្ទនាគ្នាក្តី ការរួបរួមសាមគ្គីគ្នាក្តីគឺក៏ ឈរលើគោលការណ៍ច្បាប់ជាធរមានផងដែរ។ ការពិតហើយគឺថាឱកាសបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យជួបជុំដូនតាក្រុមគ្រួសារនេះជាការត្រឹមត្រូវ ក៏ប៉ុន្តែក៏យើងត្រូវឈរលើគោលការណ៍ច្បាប់ផងដែរដើម្បីយើងដោះស្រាយបញ្ហានានា។ ចឹងហើយគឺថាថ្ងៃនេះយើងមិនបានលើកយកបញ្ហានេះមកដោះស្រាយជាមួយគ្នាទេ»។
ក្រៅពីបញ្ហាដែលមិនបានព្រាងទុកនេះគណបក្សទាំងពីរបានឈានដល់ការព្រមព្រៀងរួមគ្នាលើចំណុចចុងក្រោយនៃវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលអាចនឹងមានការទទួលស្គាល់តួនាទីគណបក្សប្រឆាំងកាន់តែធំជាងមុន និងបើកឱ្យសាធារណជនទទួលបានព័ត៌មានកាន់តែច្រើនពីសកម្មភាពរបស់សភាជាតិ។
លោក យ៉ែម បុញ្ញឫទ្ធិ សមាជិកសភានិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖
«ឧទាហរណ៍យុទ្ធនាការឃោសនាឃុំសង្កាត់ដែលដំបូងឡើងគាត់ចង់កំណត់តែ១០ថ្ងៃប៉ុន្តែឥឡូវកំណត់១៤ថ្ងៃ ហើយបន្ទាប់មកទៀតការកម្រិតថាឱ្យឃោសនាតែក្នុងឃុំសង្កាត់សាម៉ី ដល់ឥឡូវយើងអាចឃោសនាក្នុងឃុំសង្កាត់នៅទូទាំងប្រទេសបាន។ ដូច្នេះជាលក្ខណៈធំៗដែលយើងយល់ឃើញថាមានលក្ខណៈល្អប្រសើរ»។
ចំណែកឯបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាជាតិវិញត្រូវបានលោក យ៉ែម បុញ្ញរិទ្ធ យល់ថាមានការកែលម្អច្រើន៖
«ឧទាហរណ៍ការស្នើសុំឯកសារពីរដ្ឋសភា យើងមានការឯកភាពគ្នាបានន័យថាអគ្គលេខាធិការដ្ឋានជាកន្លែងទុកឯកសារ ហើយយើងអាចស្នើសុំបានលើកលែងតែឯកសារណាជាកំណត់ហេតុជាឯកសារសម្ងាត់ទាល់តែមានការអនុញ្ញាតពី សម្តេចប្រធាន។ ដូច្នេះចំណុចនេះយើងបានធ្វើការកែលម្អ ហើយក្រៅពីនោះនៅក្នុងការកោះប្រជុំនៃគណៈកម្មការនានានៃរដ្ឋសភាពីមុនមិនមានការចែងច្បាស់លាស់ ហើយឥឡូវមានការកំណត់ថា បើសិនណាជាសមាជិកបីរូបលោកស្នើសុំប្រជុំគណៈកម្មការដោយមានមូលហេតុច្បាស់មានរបៀបវារៈប្រធានអាចកោះប្រជុំបាន។ ដូច្នេះមានចំណុចជាច្រើនដែលយើងបើកសភាឱ្យមានការអនុវត្តទូលំទូលាយល្អ»។
ការពិភាក្សាឱ្យមានការកែលម្អ និងវិសោធនកម្មទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបិទបញ្ចប់ជម្លោះនយោបាយដែលគណបក្សសង្គ្រោះជាតិចោទថាកើតឡើងដោយសារការរៀបចំការបោះឆ្នោតមិនត្រឹមត្រូវ។
មានតែគណបក្សពីរប៉ុណ្ណោះដែលមានអាសនៈនៅក្នុងរដ្ឋសភាជាតិដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោក កឹម សុខា ទទួលបាន៥៥អាសនៈ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨៕