អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានបង្ហាញក្តីរំពឹងថាគណបក្សជំទាស់នឹងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខបាន ដោយហេតុថាការដាក់បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះទៅកាន់ស្ថាប័នរៀបចំការបោះឆ្នោត ឬគ.ជ.ប មិនមានអ្វីជាឧបសគ្គតទៅទៀត។
លោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោក និងមន្រ្តី ជាន់ខ្ពស់របស់គណបក្សផ្សេងទៀតបានយកបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះទៅដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) រួចរាល់ហើយ កាលពីថ្ងៃទី៧ ខែឧសភា ដូច្នេះគណបក្សកំពុងរង់ចាំការសម្រេចរបស់គ.ជ.ប ដែលនឹងប្រើរយៈពេល៧ថ្ងៃក្នុងការពិនិត្យ។
លោកថ្លែងថា៖ «ឯកសារទាក់ទងនឹងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន២៥រាជធានីខេត្តហ្នឹង យើងបានដាក់ជូនគ.ជ.ប រួចរាល់ហើយ កាលពីថ្ងៃម្សិលមិញ[ថ្ងៃទី៧ ខែឧសភា]។ ហើយគ.ជ.ប ក៏បានទទួល ហើយចេញប្រកាន់ដៃឱ្យគណបក្សត្រឡប់មកវិញហើយ»។
មុននឹងដាក់បញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀនបាននេះ គណបក្សប្រឆាំងមួយនេះប្រឈមបញ្ហាមួយ គឺមិនមានឯកសារចុះឈ្មោះដើមរបស់បក្សភ្លើងទៀន ដើម្បីដាក់ទៅស្ថាប័នរៀបចំការបោះឆ្នោត ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ ក្រោយមានអន្តរាគមន៍ពីក្រសួងមហាផ្ទៃ។ នេះបើតាម លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។
លោកបន្ថែមថា៖ «ចំពោះឯកសាររបស់គណបក្សភ្លើងទៀន មិនមានបញ្ហាអ្វីទេ មកដល់ពេលនេះ ពីព្រោះយើងបានការបញ្ជាក់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃ៥ ឧសភា បញ្ជាក់ថាទទួលស្គាល់គណបក្សភ្លើងទៀន ដែលបានចុះនៅក្នុងបញ្ជីក្រសួងមហាផ្ទៃពិតប្រាកដមែន»។
កាលពីកន្លងទៅ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានជួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីស្វែងរកជំនួយ។ ក្រោយមក លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់ ដោយបញ្ជាក់ថាគណបក្សភ្លើងទៀនពិតជាបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
លោក រ៉ុង ឈុន បានឱ្យដឹងទៀតថាលោកឈរជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១នៅមណ្ឌលខេត្តកណ្តាល ប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលឈរឈ្មោះនៅមណ្ឌលនោះដែរ។ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឈរជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១នៅមណ្ឌលខេត្តកំពង់ចាម លោក សុន ឆ័យ អនុប្រធានគណបក្ស ឈរជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១នៅមណ្ឌលរាជធានីភ្នំពេញ ប្រកួតជាមួយកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងលោក សុខ ហាច ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ឈរជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង ប្រកួតប្រជែងជាមួយលោក ស ខេង ដែលឈរឈ្មោះនៅមណ្ឌលនោះ។
លោក រ៉ុង ឈុន បង្ហាញក្តីរំពឹងថាប្រជាពលរដ្ឋនឹងបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀនច្រើន បើទោះបីជាប្រជាពលរដ្ឋខ្លះគាំទ្រគណបក្សរបស់លោកដោយមិនចង់បង្ហាញជាសាធារណៈ។
បើតាមលោក រ៉ុង ឈុន គណបក្សភ្លើងទៀននឹងប្រជុំសម្រេចបន្ថែមទៀតថាតើនឹងប្រកាសបេក្ខជននាយករដ្ឋមន្ត្រី នៅមុនការបោះឆ្នោតថ្នាក់ជាតិ ឬក្រោយការបោះឆ្នោត ប្រសិនបើគណបក្សមួយនេះឈ្នះការបោះឆ្នោត។
លោកថ្លែងថា៖ «យើងនឹងធ្វើការពិគ្រោះ ពិភាក្សាថ្នាក់ដឹកនាំ គួរប្រកាសមុនបោះឆ្នោត ឬមួយចាំក្រោយពេលដល់ថាឈ្នះទៅចាំជ្រើសរើសយកតែម្តង»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ថាស្ថាប័នរបស់លោកកំពុងពិនិត្យពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ដោយគ.ជ.ប នឹងប្រើរយៈពេល៧ថ្ងៃ ដើម្បីឆ្លើយតបទៅគណបក្សនយោបាយវិញ។
លោកថ្លែងថា៖ «តាមនីតិវិធី គឺគ.ជ.ប ត្រូវប្រើពេលវេលា៧ថ្ងៃ សម្រាប់ឆ្លើយតបទៅគណបក្សវិញ»។
បើតាមលោក ហង្ស ពុទ្ធា គិតត្រឹមវេលាថ្ងៃត្រង់នៃថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន១៨ បានមកដាក់ពាក្យប្រកួតប្រជែងដណ្តើមអាសនៈរដ្ឋសភាចំនួន១២៥។ ក្នុងនោះគ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការចំនួន១១គណបក្ស។
អ្នកវិភាគនយោបាយ លោក សេង សារី យល់ថាវត្តមានគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតថ្នាក់ជាតិនឹងធ្វើឱ្យមានភាពចម្រុះនៃការចូលរួមប្រកួតប្រជែង។ ប៉ុន្តែលោកថាបើសិនជាគណបក្សប្រឆាំងមួយនេះ មិនបានចូលរួមដោយបញ្ហាឯកសាររបស់គណបក្សនេះ នោះអាចជាលេសមួយ ដើម្បីចង់រាំងខ្ទប់មិនឱ្យមានវត្តមានគណបក្សភ្លើងទៀន។
លោកថ្លែងថា៖ «ខ្ញុំក៏សង្ឃឹមដែរថាភ្លើងទៀននឹងមានឱកាសក្នុងការចូលរួមការបោះឆ្នោត ដើម្បីធ្វើម៉េចឱ្យសង្វៀននយោបាយ សង្វៀនបោះឆ្នោតឆ្នាំ២០២៣នេះ យ៉ាងហោចណាស់មានភាពចម្រុះនៃការចូលរួម ទីមួយ។ ទីពីរ ប្រសិនបើក្នុងករណីភ្លើងទៀនមិនបានចូលរួម អ្វីដែលសំខាន់នោះ វាពាក់ព័ន្ធការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA បើទោះបីជារដ្ឋាភិបាលមិនខ្វល់ពីរឿងការបាត់បង់ហ្នឹងក៏ដោយ។ ហើយការបាត់បង់ហ្នឹង មិនអាចធ្វើឱ្យដួលរលំរដ្ឋាភិបាលក៏ដោយ ក៏ប៉ុន្តែសម្រាប់យើងជាអ្នកតាមកិច្ចការនយោបាយសង្គម យើងមើលឃើញថាប្រព័ន្ធអនុគ្រោះពន្ធ EBA នៅតែមានប្រយោជន៍ ជាពិសេសប្រយោជន៍ កម្មករ កម្មការិនី ធ្វើការក្នុងវិស័យវាយនភណ្ឌ»។
លោកបន្ថែមថាបើសិនគណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោតខាងមុខ គណបក្សជំទាស់នោះអាចនឹងទទួលបានសំឡេងគាំទ្ររបស់ប្រជាពលរដ្ឋចន្លោះពី២៥ទៅ៣៥អាសនៈក្នុងរដ្ឋសភា ដែលអាចហៅថាជាបន្ទាយនយោបាយថ្មី ក្នុងការតតាំងជាមួយគណបក្សកាន់អំណាចនៅអាណត្តិក្រោយៗទៀត។ លោកបញ្ជាក់ថាគណបក្សភ្លើងទៀន ក៏ត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រចាស់ៗ ដែលរាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣មក ដើម្បីអាចដឹងពីបញ្ហា និងអាចការពារខ្លួនពីបញ្ហាប្រឈមទាំងនោះបានដូចជាការធ្វើទុក្ខបុកម្នេញ និងការចុះចូលរបស់សកម្មជនគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាចជាដើម៕