ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មុន​ការបោះឆ្នោត គណបក្ស​ភ្លើងទៀន​អំពាវនាវ​ឱ្យ​បញ្ឈប់​​ការយាយី​លើ​សកម្មជន


លោកគីម​ សួរភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្សក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី​/វីអូអេ)​​
លោកគីម​ សួរភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្សក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី​/វីអូអេ)​​

ក្រោយ​អាជ្ញាធរ​ចាប់​ខ្លួនមន្ត្រីគណ​ប​ក្ស​ជំទាស់ ​២​រូប ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ្នក​នាំ​ពាក្យ​គណ​បក្សជំទាស់​មួយ​នេះ ​បាន​ជំរុញ​អាជ្ញាធរ​កុំ​ឱ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​របស់​ខ្លួន​បន្ត​ទៀត។

​លោក ​គីម​សួរ ភិរិទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន យល់​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជនគណ​បក្ស​ភ្លើង​ទៀន ស្រប​ពេល​គណ​បក្សមិន​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​នេះ គឺ​ជា​បំភិត​បំភ័យ​ និង​គំរាម​កំហែង​ផ្នែក​នយោ​បាយ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរបញ្ឈប់​ការ​ដាក់​សម្ពាធ និង​ការ​គំរាម​កំហែង​លើ​សកម្ម​ជន​របស់​ខ្លួន​បន្ត​ទៀត។

អ្នក​នាំ​ពាក្យ​រូប​នេះ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​៖ «អាជ្ញាធរ​បញ្ឈប់​ការ​ដាក់​សម្ពាធ ការ​គំរាម​កំហែង​ផ្នែក​នយោ​បាយ​ទៅ​លើ​សកម្មជន​ ឬក៏​ថ្នាក់ដឹកនាំគណបក្ស​ភ្លើងទៀន​ទៀត​ទៅ ព្រោះ​ដំណាក់​កាល​នេះ យើង​នៅ​ស្ងប់​ស្ងៀម​អត់​មាន​ធ្វើ​អ្វី​ទេ។ ហើយ​យើង​គោរព​ទៅ​តាម​ច្បាប់​អ្វី​ដែល​គេបានធ្វើ​វិសោ​ធន​កម្ម។ អ៊ីចឹង​យើង​មា​ន​បំណង​ល្អ​សម្រាប់​ឱ្យ​ការ​បោះ​ឆ្នោត​ហ្នឹង ​វា​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន»។

លោក លី រី សមា​ជិក​គណៈ​កម្មា​ធិការ​នាយក​គណ​បក្ស​ភ្លើង​ទៀន​ និង​ លោក ប៊ុន​ ខេត ​ប្រធាន​ស្តី​ទី​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​នៃគ​ណ​បក្សភ្លើង​ទៀន រាជធានីភ្នំពេញ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​សុក្រ ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០​២៣។ ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​តុលា​ការចោទ​ប្រកាន់​ពី​បទ​«ញុះញង់» ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្ក​ចលាចល​ដល់​ការ​បោះឆ្នោត។ នេះ​បើ​តាម​មេធាវី​ការ​ពារ​ក្តី​គឺ​ លោក ​ជូង ​ជូងី។

លោក ជូង ជូងី ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​ចន្ទ​នេះថា៖​ «តុលាការ​ចោទ​ប្រកាន់​គាត់​ពី​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹក​វរបង្ក​ចលាចល​ដល់​ការ​បោះឆ្នោត ហើយ​ចៅ​ក្រមស៊ើបសួរ​ល្ងាច​មិញ​[ថ្ងៃអាទិត្យ​] បាន​សម្រេច​ឃុំ​ខ្លួន​គាត់​ទាំង​ពីរ​នាក់​ជា​បណ្តោះ​អាសន្ន»​។

​លោក ជូង ជូងី បន្ត​ថា​ ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ប៉ុន្តែមេធាវី​ការពារ​ក្តី​រូប​នេះមិន​ទាន់អាច​បញ្ជាក់​អំពី​ដំណើរ​ហេតុ​ និង​អង្គ​ហេតុ​នៃ​ការ​ចាប់​ខ្លួន​សកម្ម​ជន​ទាំង​ពីរ​នាក់​នេះនោះទេ។

ភរិយា​របស់​ លោក លី រី គឺ​អ្នក​ស្រី លី ​គឹម​ហួង ​អាយុ​២៦​ឆ្នាំ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​ស្វាមី អ្នក​ស្រី​សង្កេត​ឃើញ​មានអ្នក​តាម​ដាន​ជិះ​ឃ្លាំមើល និង​ថត​រូប​ផ្ទះ​របស់​អ្នកស្រី នៅ​ក្នុង​សង្កាត់​កាកាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ជា​ប្រចាំប្រមាណ​ ២​ខែ។ អ្នក​ស្រី​ស្នើ​ឱ្យ​តុលាការ​ដោះ​លែង​ស្វាមី​របស់​អ្នកស្រី​ឱ្យមាន​សេរី​ភាព​វិញ។

​អ្នកស្រី​បន្ថែម​ថា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្វាមី​អ្នក​ស្រី​មិន​បាន​ធ្វើ​សកម្ម​ភាព​អ្វី​នោះ​ឡើយ។

​អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ «អត់​ទេ​បង គឺ​មួយ​រយៈ​ធំ​នេះ គឺ​គាត់អត់​ដែល​ជួប​ជុំ​ ឬ​ប្រជុំតាម ​online តាម​អី​គឺ​អត់​ទាំង​អស់»។

​បើ​តាមអ្នកស្រី លី ​គឹម​ហួង ​អាជ្ញាធរ​និងជន​ស៊ីវិល ​ប្រមាណ ​២០​នាក់​បា​ន​ចុះ​មក​ចាប់​ស្វាមី​របស់​អ្នក​ស្រី ​នៅ​ពេល​ស្វាមី​អ្នក​ស្រី ដើរ​សំដៅ​ទៅ​យក​ឡាន​នៅ​ក្រៅផ្ទះ ដើម្បី​យក​មក​ទុក​ក្នុង​ផ្ទះ ​និង​ចាប់​ខ្លួននៅ​វេលា​ម៉ោង​ជាង​ ៧ នា​យប់​ថ្ងៃ​សុក្រ​ ដោយ​អាជ្ញាធរ​មិន​បាន​បញ្ជាក់​មូល​ហេតុ និង​មិន​មាន​ដីកា​អ្វី​ទាំង​អស់។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់ពី លោក ប្លង់ សុផល ​អ្នក​នាំ​ពាក្យ​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​នៅ​ឡើយទេ។

​ក្រោយ​អាជ្ញាធរ​ចាប់​ខ្លួន​អស់​រយៈ​ពេល​ប្រមាណ​ ៣​ថ្ងៃ លោក​ ប៊ុន​ ខេត ​ប្រធាន​ស្តី​ទី​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​នៃ​គណ​បក្ស​ភ្លើង​ទៀន ប្រចាំ​រាជ​ធានីភ្នំពេញ​ បាន​ចេញ​វីដេអូ​ឃ្លីបរយៈ​ពេល​ជាង ​១​នាទី សុំ​ទោស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចំពោះ​កំហុស​របស់​ខ្លួន​។ នេះ​បើ​តាមវីដេអូ​ឃ្លីប​នោះដែល​ លោក ហ៊ុន សែន ​បង្ហោះ​ក្នុង​ប្រព័ន្ធ​តេ​ឡេក្រាម​របស់​លោក កាល​ពីថ្ងៃទី​១៦ ខែកក្កដា។

​ក្នុង​វីដេអូ​នោះ ​លោក​ ប៊ុន​ ខេត ​បាន​លើក​ឡើងថា៖​ «ដោយ​នៅ​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​ទទួល​បញ្ជា​ពី​ទណ្ឌិ​ត​ សម រង្ស៊ី​ ឱ្យ​ខ្ញុំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ដែលចូលរួម​បោះឆ្នោត​នៅថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​នេះ ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ខ្វែង​ចោល​ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​។ អាស្រ័យ​ដូច​បាន​រៀប​រាប់​នូវ​ខាង​លើ​នេះ ​សូម​សម្តេច ​អត់​ឱន​ទោស​ ដល់រូប​ខ្ញុំ​បាទ ដែល​បាន​អនុវត្ត​ខុស​កន្លង​មក»។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ចោទ​សួរថា​ តើ​គណ​បក្ស​ភ្លើង​ទៀន​ត្រូវ​ទទួល​ខុស​ត្រូវ​បែប​ណា​លើ​រឿង​នេះ ​ព្រោះ​សមា​ជិក​ដែលប្រព្រឹត្ត​ខុស បាន​បញ្ជាក់​ថា ធ្វើ​តាម​បទ​បញ្ជា​របស់​ លោក សម រង្ស៊ី។

លោក ហ៊ុន សែន សរសេរ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ថា៖ «បក្ស​ភ្លើង​ទៀន​ទើប​ចេញ​សេច​ក្តី​ថ្លែង​ការណ៍ ​ឯ​សមា​ជិក​ដែលប្រព្រឹត្ត​ខុស​ទើប​បញ្ជាក់​ពី​ការ​ធ្វើ​ខុស​របស់​ខ្លួន​ដែល​ក្នុង​នោះ​មាន​ទាំង​បញ្ជាក់​ពី​ការ​ធ្វើ​តាម​បទ​បញ្ជា​របស់​ជន​ក្បត់​ជាតិ​ ៣​ជំនាន់​ដែល​ជា​ទណ្ឌិត។ តើ​បក្ស​ភ្លើង​ទៀន​ត្រូវ​ទទួល​ខុស​ត្រូវ​បែប​ណា​លើ​រឿង​នេះ​?»។

គណ​បក្ស​ភ្លើងទៀន​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះថ្ងៃទី១៦ ​ខែកក្កដា ​ដោយ​បាន​ចាត់​ទុក​ការ​ចាប់​ លោក ​លី រី និង លោក​ ប៊ុន​ ខេត កាល​ពី​ថ្ងៃ​សុក្រ​នោះ​ គឺ​ជា​ការ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​អយុត្តិ​ធម៌។ គណ​បក្ស​ជំទាស់​មួយ​នេះ ​ក៏​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ទាំង​ពីរ​នេះ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀនបាន​លើក​ឡើង​ថា ​គណ​បក្សមិន​ជាប់​ពាក់​ព័ន្ធ​អ្វី​ជា​មួយ​លោក សម រង្ស៊ី ​ឡើយ។

លោក​ថ្លែង​ថា​៖​«យើង​បាន​បញ្ជាក់​ប្រាប់​ហើយ​ថា​ គណ​បក្ស​ភ្លើង​ទៀន​គ្មាន​ទៅ​ពាក់​ព័ន្ធ​ គ្មាន​ណែនាំ​សមា​ជិក ឬ​ថ្នាក់​ដឹក​នាំ​ណា​ឱ្យធ្វើ​អ៊ីចឹង​ទេ​។ ​ហើយ​យើង​គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​បុគ្គល​ណា​ដែល​មាន​បំណង​ញុះ​ញង់​ឱ្យ​មាន​បញ្ហា​ហ្នឹង​ទេ។ គណ​បក្ស​ភ្លើង​ទៀន​តែង​តែ​ប្រកាស​ជំហរ​ហើយ គឺ​យើង​មាន​ការ​ដឹកនាំ​ត្រឹមត្រូវ យើង​មានការ​ណែនាំ​ យើង​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ហើយ​ត្រង់​ថា​បុគ្គល​ណា គេ​និយាយ​ថា​ម៉េចៗ​ អាហ្នឹង​សមត្ថកិច្ច​គិត​មើល​ខ្លួន​ឯង​ ហើយ​ស្រាវជ្រាវ​ទៅ ហើយ​យើង​មិន​បាន​ពាក់​ព័ន្ធ​ទេ»។

​បើ​តាម លោក ​គីម​សួរ ភិរិទ្ធ នៅ​ក្នុងដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត​នេះ​ ​គណ​បក្ស​ភ្លើង​ទៀន​បាន​ណែនាំ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គ្រប់​សាខា​ទាំង​អស់​ថា មិន​ឱ្យធ្វើសកម្ម​ភាពអ្វី​នោះ​ទេ​ រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ ទើប​ចាប់​ផ្តើម​ គិត​សកម្មភាព​បន្ត​ទៀត។

​អ្នក​នាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា កត់​សម្គាល់​ថា ​មួយរយៈពេលចុង​ក្រោយនេះ ស្ថាន​ភាព​នយោ​បាយ​នៅ​កម្ពុជា​មាន​ភាពតានតឹង ដោយមាន​សកម្ម​ជន​នយោ​បាយ​ខ្លះ​ទទួលរង​អំពើ​ហិង្សា​ រង​បណ្តឹង និង​ការ​ចាប់​ខ្លួន​ជា​ដើម។ លោក​យល់​ថា រូប​ភាព​ប្រឈម​ទាំង​អស់នេះ​ នឹងធ្វើ​ឱ្យ​អ្នក​ជំនាន់​ក្រោយរា​រែកក្នុង​សកម្មភាព​នយោ​បាយ និង​មិន​សូវ​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​សង្គម ​ដូច​ជា​ភាព​ក្រីក្រ គ្រឿង​ញៀន ចំណាកស្រុក អសន្តិ​សុខ​សង្គម​ជាដើម ដែល​វា​នឹង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស។

លោក​ថា៖ «បើ​យើង​និយាយ​អំពី​សង្គម​ប្រជាធិបតេយ្យ​ សេរី​ភាព ឬ​សិទ្ធិ​នយោ​បាយ​ត្រូវ​បាន​លើក​កម្ពស់ ត្រូវ​បាន​ការ​ការពារ​ មិន​មែន​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ដាក់​សម្ពាធ​ឱ្យ​ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​អ៊ីចឹង​ទេ»​៕

XS
SM
MD
LG