ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បក្សប្រឆាំង​ត្រូវចាប់ខ្លួន​ជាបន្ត​បន្ទាប់ នៅមុន​មេដឹកនាំ​ថ្មី​ចូលកាន់​តំណែង​ជាផ្លូវការ


រូបឯកសារ៖ ផ្លាក​គណបក្ស​ភ្លើងទៀន​ត្រូវបានដាក់​នៅ​ក្បែរ​ផ្លូវជាតិមួយស្ថិតនៅឃុំរ៉ុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ ផ្លាក​គណបក្ស​ភ្លើងទៀន​ត្រូវបានដាក់​នៅ​ក្បែរ​ផ្លូវជាតិមួយស្ថិតនៅឃុំរ៉ុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

នៅ​មុន​ការ​ស​ម្រេ​ច​ជា​ផ្លូវ​ការ​នៃ​ការ​តែង​តាំង​នា​យក​រដ្ឋ​មន្ត្រី​ថ្មី​គឺ​លោ​ក​ ហ៊ុន ម៉ាណែត​ សមា​ជិក​និង​សកម្ម​ជន​គណបក្ស​ភ្លើងទៀន​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​ចាប់​ខ្លួន និង​រង​បទក្តី​ក្តាំ​ផ្សេងៗ​ផងដែរ​។​ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់គណបក្ស​ភ្លើងទៀន​។

កាល​ពី​សប្តាហ៍មុន​ លោក ​ថាន់ ណារិន​ ប្រធាន​ក្រុម​ការងារ​គណបក្សភ្លើងទៀន​ ខេត្តត្បូងឃ្មុំ​ត្រូវបាន​អាជ្ញាធ​រ​មានសមត្ថកិច្ច​ចាប់​ខ្លួន​ ​នៅ​ម៉ោង​ប្រ​មាណ​១រសៀល​ ដោយ​ចោទ​ពី​«បទ​ញុះ​ញង់​»​ពាក់ព័ន្ធ​ជាមួយករណី​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល​។

អ្នក​នាំ​ពា​ក្យ​គណ​បក្ស​ភ្លើង​ទៀន លោក គីម​ សួរភិរិទ្ធ​ ប្រាប់វីអូអេ​នៅថ្ងៃចន្ទ​នេះថា​ ចាប់​តាំង​ពីមុន​ការបោះ​ឆ្នោត​ថ្នាក់​ជាតិ​មក​ យ៉ាង​ហោច​ណាស់​សកម្មជន​របស់​គណបក្ស​ជំ​ទា​ស់ចំនួន​៤០នាក់​ រង​ការចាប់​ខ្លួន​ពីសំណាក់​អាជ្ញាធរ​កម្ពុជា​។

បើ​តាម​អ្នកនាំពាក្យ​រូបនេះ​ លោក ​ថាន់ ណារិន​ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខេត្តត្បូងឃ្មុំ​កាលពីថ្ងៃ​ទី១៩ ខែ​សីហា​ ហើយ​គិតត្រឹម​ថ្ងៃ​ចន្ទនេះ​ លោក​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅពន្ធនាគារ​ព្រៃស​។ លោក​ចាត់​ទុក​ការចាប់​ខ្លួន​សកម្ម​ជន​របស់​គណបក្ស​ថា​ ជា​ការ​ដាក់​សម្ពាធផ្នែក​នយោបាយ​។

លោក​ថ្លែង​ថា​៖ «អាហ្នឹង​វាជា​សម្ពាធ​នយោបាយ​ហើយ​ ដោយ​សារ​អី ឥឡូវ​នេះ​បើ​យើងថា​បក្ស​ភ្លើង​ទៀន​វា​បង្ក​បញ្ហា​គ្រោះ​ថ្នាក់​អីដល់​ដំណើរការបោះឆ្នោត​ វាអត់មាន​ទេ​។ ហើយ​កន្លង​មក​យើង​បោះ​ឆ្នោត​បាន​ដោយ​រលូន​ទេ ហើយនិយាយ​រួមមែន​ទែន​ទៅ ខ្ញុំមិន​ដឹង​ថា​ គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ណា​ដែលគេ​ចោទ​ប្រកាន់​ទេ ប៉ុន្តែ​គណ​បក្ស​ភ្លើង​ទៀន​មក​ទល់​ពេល​នេះ​នៅ​តែប្រកាន់ខ្ជាប់​នូវ​ការ​ធ្វើ​សកមុ្ម​ភាព​នយោបាយ ដោយ​គោរព​ទៅ​តាម​ច្បាប់​មាន​ជាធរមាន​»។

អ្នកនាំ​ពាក្យ​អយ្យ​ការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក ប្លង់​ សុផល​ ប្រាប់វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ​លោកមិនទាន់ដឹង​ពីករណី​នេះឡើយទេ​។

អ្នក​នាំ​ពាក្យ​ក្រ​សួង​យុត្តិធម៌​ លោក ជិន ម៉ាលីន​ លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​របស់​អាជ្ញា​ធរ​សុទ្ធ​តែ​មាន​ហេតុផល​ ហើយលោក​ស្នើ​ឱ្យអ្នកសារ​ព័ត៌មាន​វីអូអេ​ទាក់​ទង​សុំការ​បំភ្លឺ​បន្ថែម​ពីអាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ​។

លោក​ថ្លែង​ថា៖ «អាច​ទាក់ទង​សមត្ថកិច្ច​មើ​ៗ ម៉េច​នៅសុខៗ​គេទៅ​ចាប់​។ គាត់មាន​បាន​ធ្វើ​សកម្មភាពអី​ដូច​ជាពាក់ព័ន្ធ​ជាមួយការ​បោះឆ្នោត​ ការញុះញង់​ឬមួយក៏​អី​បាន​ត្រូវ​សមត្ថ​កិច្ច​គេ​ចាប់​។ វា​អត់​ដែល​នៅ​សុខៗ​គេ​ទៅ​ចាប់​កើត​ ទាល់​តែ​មាន​មូល​ដ្ឋាន​បាន​ធ្វើ​សកម្ម​ភាព​ណា​មួយ​ដែល​ជា​អំពើ​ល្មើស​»។

​វីអូអេ​មិនអាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​ស្នងការ​នគរបាល​ខេត្តត្បូង​ឃ្មុំ លោក ម៉ុន​ មាគ៌ា​ បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​។

ភរិយា​របស់​លោក ​ថាន់​ ណារិន​ ដែល​សុំមិន​បញ្ចេញឈ្មោះ​ដោយសារបារម្ភ​អំពី​ការនិ​យាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្លែង​ថា​ អ្នកស្រី​កំពុង​ស្វះ​ស្វែងរកការ​សម្រប​សម្រួល​ឱ្យ​មានការ​ដោះលែង​ស្វាមី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។ ប៉ុន្តែ​អ្នកស្រី​បដិសេធ​ផ្តល់ការ​អត្ថាធិប្បាយ​បន្ថែម​អំពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ចាប់ខ្លួន​ស្វាមី។ ​

ចំណែក​អនុប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ភ្លើងទៀន​នៅ​ខេត្តត្បូង​ឃ្មុំ​ លោក ឈួន​ លីហេង កត់​សម្គាល់ថា ​ការចាប់​ខ្លួន​សកម្មជន​របស់​គណបក្ស​ជា​បន្តបន្ទាប់​ជា​ការ​រើស​អើងនយោបាយ និងថា​សេរីភាព​នៃការ​បញ្ចេញមតិ​ និង​សេរីភាព​នៃការ​ធ្វើនយោបាយ​គឺស្ទើរ​តែ​ធ្លាក់ចុះដល់ចំ​ណុច​សូន្យ​នៅកម្ពុជា​។

លោក​បញ្ជាក់ថា​៖ «ករណី​នេះ​វាមានការ​រើសអើង​ពី​នយោបាយប៉ុណ្ណឹង​។ យើ​ងចង់បាន​ប្រទេស​យើង​មួយដែល​ចេះរួម​គ្នា​ ខ្មែរ​រួមគ្នា​ធ្វើការ​ទាំងអស់​គ្នា​ទៅ​។ យើងមិន​ចង់​ឱ្យ​មាន​ម្ខាង​អត់​មាន​អំណាច​ចាប់​គ្នា​ដាក់​ទោស​ទណ្ឌ​អ៊ីចឹង​ទៅ ហើយ​ម្ខាង​មាន​អំណាច​ចេះតែគ្រប​លើអ្នក​អត់​អំណាច​អ៊ីចឹង​ទេ​។ យើងចង់ឱ្យមានសិទ្ធិ​ស្មើៗ​គ្នា​»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត យល់​ឃើញ​ថា ការ​ចាប់​ខ្លួន និងការ​គាប​សង្កត់​ជា​ហូរហែ មកលើ​សកម្មជន​នយោ​បាយ​ជំទាស់​ គឺឆ្លុះ​បញ្ចាំង​ពី​ការ​ធ្លាក់​ចុះ​លម្ហសិទ្ធិ​សេរីភាព​នយោ​បាយ​នៅ​កម្ពុជា​។

លោកជំរុញ​ឱ្យ​អ្នក​ដឹក​នាំ​ជំនាន់​ថ្មីក្នុងអាណត្តិទី៧​នេះមាន​ឆន្ទៈ​ខ្ពស់ដើម្បី​លើក​កម្ពស់សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ​។

លោក​ថ្លែង​ថា​៖​ «ធ្វើទុក្ខ​បុក​ម្នេញ​ទៅលើ​សកម្មជន​គណបក្ស​ប្រឆាំង​ហ្នឹង​វាជា​ការ​រំលោភ​លើ​សេរី​ភាព​ជាមូល​ដ្ឋាន រំលោភ​ទៅលើ​លម្ហ​សេរីភាព​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ទោះបី​កម្ពុជា​ថាវា​ជាការ​អនុវត្ត​ច្បាប់​ក៏​ដោយ។ អ៊ីចឹង​យើងនៅ​តែ​យល់​ឃើញ​ថា​រដ្ឋា​ភិបាល​អាណត្តិថ្មី​នឹង​មាន​ឆន្ទៈ​នយោបាយ​នៅក្នុង​ការ​កែលម្អ​ទៅលើ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ស្ថានភាព​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ដើម្បី​ទទួល​បាន​ផល​ចំណេញ​មក​វិញ»។

គណបក្ស​ប្រជាជនកម្ពុជា​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើនសន្ធឹក​សន្ធាប់កាលពី​ពេល​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០២៣​ កំពុង​តែ​រៀប​ចំ​ក្បាល​ម៉ាស៊ី​នដឹក​ថ្មី​ពី​អ្នក​ជំនាន់ចាស់​មក​អ្នក​ជំនាន់ថ្មី​ជា​លក្ខណៈ​ប្រព័ន្ធ ដែល​ពួក​គេ​សុទ្ធតែ​ជា​កូន​ចៅ​របស់ថ្នាក់​ដឹកនាំ​ និង​សមាជិក​គណ​បក្ស​កាន់​អំណាច​កាល​ពីអាណត្តិមុន​។

​ទោះ​ជា​យ៉ាង​ណា​ក្តី​ នៅមុនការ​ចូលកាន់​តំណែង​របស់​នាយករដ្ឋមន្ត្រី​ថ្មី​របស់កម្ពុជាគឺ​លោក ហ៊ុន ម៉ាណែត​ សកម្មជន​គណបក្ស​ប្រឆាំងត្រូវ​អ្នកឃ្លាំមើល​សង្គម​សង្កេត​ឃើញថា​ បាន​បន្ត​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ ដោយខ្លះ​បាន​ចុះចូល​ជា​មួយ​គណ​បក្សកាន់​អំណាច​ ខ្លះ​ទៀត​កំពុង​មាន​ក្តី​ក្តាំនៅ​តុលាការ ហើយ​ខ្លះកំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនា​គារ​ ឯខ្លះទៀត​បាន​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ដើម្បី​រួច​ពី​ការ​ចាប់​ខ្លួន​ក្រោម​ហេតុផល​នយោបាយ​៕

XS
SM
MD
LG