ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើន និងការប្រើប្រាស់ទូរស័ព្ទដៃទំនើបមានការពេញនិយមនោះ អំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត បានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឲ្យភាគីពាក់ព័ន្ធចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់។ ទិន្នន័យរបស់ FBI រាយការណ៍ថា មានរូបភាពចំនួន៤លានរូបដែលពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ កុមារត្រូវបានលុបចេញពីប្រព័ន្ធអ៊ឺនធឺណេតជារៀងរាល់ឆ្នាំ។
កុមារកម្ពុជាដែលកំពុងប្រើប្រាស់ទូរស័ព្ទទំនើប មានអាយុចន្លោះ ១២ឆ្នាំ ដល់១៦ឆ្នាំ មកពីទី ប្រជុំជន និងតំបន់ដាច់ស្រយាល អាចក្លាយជាជនងាយរងគ្រោះនៃការរំលោភបំពានតាមប្រព័ន្ធអ៊ឺនធឺណេត។ ចាប់តាំងឆ្នាំ២០១៥ មកដល់បច្ចុប្បន្ននេះ ករណីចំនួន៦៣ហើយទាក់ទងនឹងរូបភាពអាសអាភាសរបស់កុមារ និងមនុស្សធំនៅលើប្រព័ន្ធអ៊ឺនធឺណេត ដែលទទួលបានការរាយការណ៍ និងស៊ើបអង្កេត នេះបើយោងតាម អង្គការសកម្មភាពដើម្បីកុមារហៅកាត់ថា APLE នាព្រឹកថ្ងៃពុធនេះ។
កិច្ចពិភាក្សាជំនាញមួយ ស្តីអំពី«ការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត» នាថ្ងៃពុធនេះ ឲ្យដឹងថា បើតាមទិន្នន័យរបស់ FBI រាយការណ៍ថា យ៉ាងហោចណាស់រូបភាពចំនួន៤លានរូបដែលពាក់ព័ន្ធនឹងការរំលោភផ្លូវភេទកុមារនៅក្នុងពិភពលោក ត្រូវបានលុបចេញពីប្រព័ន្ធអ៊ឺនធឺណេត ជារៀងរាល់ឆ្នាំ។
អំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេតនេះ បានក្លាយជាក្តីបារម្ភថ្មីមួយទៀតដែលទាមទារឲ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អជ្ញាធរ និងសង្គមស៊ីវិលជាដើម ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់។
លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសកម្មភាពដើម្បីកុមារហៅកាត់ថា APLE ដែលធ្វើការប្រយុទ្ធប្រឆាំង នឹងការរំលោភផ្លូវភេទលើកុមារកម្ពុជា ឲ្យដឹងថា នាពេលចុងក្រោយនេះ ចំនួនបទល្មើសរំលោភបំពានកុមារកម្ពុជាតាមប្រព័ន្ធអ៊ឺនធឺណេតមានការកើនឡើង ដោយសារការរំលោភបំពានកុមារក្រៅប្រព័ន្ធអ៊ឺនធឺណេត ឬដោយផ្ទាល់នោះចាប់ផ្តើមមានការថយចុះ។
«បទល្មើសរំលោភកុមារដោយអ្នកទេសចរ បទល្មើសរំលោភសេពសន្ធវៈ និងបទល្មើសផ្លូវភេទក្រៅ ប្រព័ន្ធអ៊ឺនធឺណេតកំពុងធ្លាក់ចុះ។ ហើយនេះ ក៏ជាសញ្ញាថា ជនល្មើសផ្លាស់ប្តូរវិធីសាស្ត្រក្នុងការប្រព្រឹត្តិ ទៅជាលក្ខណៈអានាមិកក្នុងប្រព័ន្ធអ៊ឺនធឺណេតវិញ ដែលជាមធ្យោបាយមួយ ដែលមានសុវត្ថិភាពជាងសម្រាប់អ្នកប្រព្រឹត្តិ ដែលអ្នកអនុវត្តច្បាប់ត្រូវដេញតាម»។
លោក សំលៀង សីលា បន្តថា បើទោះជារូបភាពទាំងនោះត្រូវបានដកចេញពីប្រព័ន្ធអ៊ឺនធឺណេតហើយយ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកថា វាក៏អាចមានករណីរូបទាំងនោះ ត្រូវបានបង្ហោះមកប្រព័ន្ធអ៊ឺនធឺណេតវិញដែរ។ ហើយនេះ គឺជាក្តីបារម្ភ ដែលភាគីពាក់ព័ន្ធ កំពុងស្វែងរកដំណោះស្រាយបន្ត។
ជាមួយគ្នានេះដែរ លោកថា ក៏មានផងដែរនូវការលើកកម្ពស់ ការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណេត ដល់អ្នកប្រើប្រាស់ ព្រមទាំងណែនាំដល់អាណាព្យាបាលកុមារឲ្យឃ្លាំមើល និងរារាំងកូនរបស់ពួកគេកុំឲ្យចូលទៅក្នុងវេបសាយមិនល្អនានា។
កិច្ចពិភាក្សាជំនាញស្តីអំពី«ការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត»នេះ ធ្វើឡើងដើម្បីកំណត់យុទ្ធសាស្ត្រសំខាន់ៗ កត្តាប្រឈម និងចន្លោះខ្វះខាតនៃក្របខ័ណ្ឌច្បាប់ ព្រមទាំងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរ និងផ្លូវភេទលើស្ត្រីនិងកុមារ លើកឡើងថាបច្ចេកវិទ្យា បានធ្វើឲ្យជនខិលខូចកាន់តែមានភាពងាយស្រួលក្នុងការលាក់ព័ត៌មាន និងសមាសភាពរបស់ជនល្មើសទាំងនោះ។ លោកស្រី ថ្លែងថាការណ៍នេះបានបង្កការលំបាកដល់អជ្ញាធរក្នុងការស៊ើបអង្កេត ការបង្ការទប់ស្កាត់ និងការបង្ក្រាបផងដែរ។
«ការរំលោភបំពានដោយផ្ទាល់មានន័យថាយើងមើលឃើញ ហើយយើងក៏អាចទទួលបានព័ត៌មានឆាប់ និងបង្ក្រាបបានឆាប់។ ប៉ុន្តែការរំលោភបំពានតាមប្រព័ន្ធអ៊ឺនធឺណេតនេះ គឺការផ្ញើសារដែលមានការលាក់លៀម ដែលពេលខ្លះទម្រាំតែយើងបានដឹង គឺគេធ្វើរួចទៅហើយ។ យើងគិតថាការដែលលុបរូបភាពទាំងនោះចេញ គឺជាការងាយស្រួល ប៉ុន្តែអ្វីដែលលំបាកគឺរូបភាពទាំងនោះ បានដិតជាប់រូបភាពរួចទៅហើយ។ ហើយគេអាចទាញយករូបថ្មីមកទៀត ដែលនៅតែបន្តឲ្យមានគ្រោះថ្នាក់ទៅដល់កុមារ»។
លោកស្រី Amy Crocker អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍបណ្តាញរាយការណ៍ពិសេស នៃមូលនីធិអ៊ីនហូប ដែលជាបណ្តាញសាកល ធ្វើការលើបញ្ហារំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអ៊ឺនធឺណេតឲ្យដឹងថា មូលនីធិអ៊ីនហូបបានបង្កើតកម្មវិធីInternet Hotline ដើម្បីឲ្យសាធារណជនអាចធ្វើការរាយការណ៍នូវករណី រំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអ៊ឺនធឺណេតនានា ដែលពួកគេបានជួបប្រទះ ដើម្បីអាចឲ្យអជ្ញាធរ និងស្ថាប័នពាក់ព័ន្ធអាចស៊ើបអង្កេត និងឈានដល់ការលុបករណីរូបភាពអាសអាភៀសកុមារលើប្រព័ន្ធអ៊ឺនធឺណេតបាន។
ក្រៅអំពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណេត កុមារកម្ពុជាក៏រងគ្រោះក្នុងទម្រង់ផ្សេងៗផងដែរ ជាអាទ៍ ការរំលោភបំពានតាមដងផ្លូវ ការរំលោភបំពានតាមទីតាំងប្រកបរបរផ្លូវភេទ និងការរំលោភបំពាននៅតាមស្ថាប័ន ឬអង្គការសមាគមន៍ជាដើម៕