អ្នកការពារសិទ្ធិកម្មករក្នុងវិស័យសំណង់ លើកឡើងថា មិនទាន់មានយុត្តិធម៌តាមផ្លូវច្បាប់នៅឡើយទេសម្រាប់កម្មករដែលរងគ្រោះពីការបាក់អគារក្នុងខេត្តកែបកាលពីមួយឆ្នាំមុន ក្រៅពីទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាល និងសប្បុរសជន។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់អគារកម្ពស់៦ជាន់នៅខេត្តកែប សម្លាប់មនុស្ស៣៦នាក់ ក្នុងនោះមានក្មេងៗផងដែរ និងរបួសជាង២០នាក់។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ លោក សុខ គីន ប្រាប់វីអូអេថាកម្មករជាច្រើននាក់ដែលរងគ្រោះពីការបាក់អគារ មិនទាន់ទទួលបានសំណងតាមច្បាប់រដ្ឋប្បវេណីនៅឡើយទេ ពោល គឺសាច់ញាតិរបស់អ្នកស្លាប់ និងជនរងគ្រោះរស់រានមានជីវិត បានត្រឹមតែទទួលការឧបត្ថម្ភជាលុយកាក់ពីសប្បុរស និងរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «និយាយឲ្យចំមកដល់ពេលនេះ ទាក់ទងទៅនឹងសំណង គឺអត់ទាន់បានទទួលអីទាំងអស់។ ទទួលបានតែថវិកាពីសប្បុរសជន ដែលរដ្ឋាភិបាលរៃអង្គាសតាមរយៈរដ្ឋាភិបាលដែលផ្តល់ជូនសាមុនហ្នឹង។ អ៊ីចឹងក្រៅពីហ្នឹងសំណងផ្លូវច្បាប់អី គឺពួកគាត់អត់ទាន់ទទួលបានទេ»។
លោក តុប វុទ្ធី អាយុ៥៤ឆ្នាំដែលត្រូវជាបងថ្លៃលោក ជួប ម៉ាប់ ដែលបានស្លាប់ក្នុងហេតុការណ៍បាក់អគារនៅខេត្តកែបនោះ និយាយថា លោកមិនបានដឹងអំពីរឿងក្តីក្តាំនៅតុលាការទេ ប៉ុន្តែលោកថា ភរិយារបស់លោក ជួប ម៉ាប់ កំពុងប្រឈមបញ្ហាជីវភាព ទោះបីទទួលបានប្រាក់៥ម៉ឺនដុល្លារអាមេរិកពីសប្បុរសជន និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀតក៏ដោយ។
លោក តុប វុទ្ធី ប្រាប់វីអូអេពីស្រុកទឹកឈូ ខេត្តកំពតមកថា៖ «គាត់ជីវភាពគាត់យ៉ាប់ដែរ អត់ពីប្តីទៅ គាត់លក់ដូរអីនៅផ្ទះបន្តិចបន្តួចចឹង»។
លោកបន្តថា ភរិយាលោក ជួប ម៉ាប់ ក៏ជួបគ្រោះថ្នាក់ជាមួយកូនដែលមានអាយុជាង១០ឆ្នាំ ដែលធ្វើការជាមួយគ្នាក្នុងការដ្ឋានសំណង់ដែលបាក់រលំនោះ។ លោកបន្ថែមថា រហូតមកដល់ពេលនេះ ភរិយារបស់លោក ជួប ម៉ាប់ កំពុងរស់នៅជាមួយស្នាមរបួសពីការបាក់អគារនោះនៅឡើយ។
ប៉ុន្តែលោកថា អ្នកស្រីក៏មិនដឹងថានឹងត្រូវតស៊ូខាងច្បាប់ទៀតយ៉ាងណាដែរ ក្រោយទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជន និងមន្ត្រីរដ្ឋាភិបាលនានា ចំនួន១ម៉ឺនដុល្លារអាមេរិកសម្រាប់អ្នករងរបួស។
លោក ទេព ធន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធ្លាប់ជាប្រធានគណៈកម្មការកោសល្យវិច័យលើអគារបាក់នៅខេត្តកែបនោះ មានប្រសាសន៍ថា សំណុំរឿងបាក់រលំអគារនេះ កំពុងស្ថិតក្នុងដៃតុលាការ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងតុលាការគេអ្នកធ្វើតើអូន! មិនមែនយើងទេ។ យើងចប់ហើយការងារបច្ចេកទេស។ ចប់អស់ហើយតើ!»។
លោក ម៉ាន់ បូរ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ដែលទទួលបន្ទុកសំណុំរឿងតុលាការពីខេត្តកែបដែរនោះ បានបដិសេធមិនផ្តល់ការអធិប្បាយដោយថា លោកមិនមានព័ត៌មានលម្អិតពាក់ព័ន្ធនឹងសំណុំរឿងបាក់អគារនេះទេ។
លោកស្នើឲ្យអ្នកយកព័ត៌មាន VOA ទាក់ទងទៅពេលរសៀល។ នៅពេលវីអូអេទាក់ទងទៅលោក ម៉ាន់ បូរ៉េត ម្តងទៀតនៅរសៀលថ្ងៃអង្គារ ទូរស័ព្ទរោទិ៍ ប៉ុន្តែមិនមានអ្នកទទួល។
បន្ទាប់ពីហេតុការណ៍បាក់អគារដែលសង់នៅលើដីជម្រាលក្បែរភ្នំ ម្ចាស់អគារជាប្តីប្រពន្ធ គឺលោក ឯក សារុន និងអ្នកស្រី ឈីវ សុធី ត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាល។ ប៉ុន្តែពួកគេ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រៅឃុំ ក្រោយតម្កល់ប្រាក់ប្រមាណ៩ម៉ឺនដុលា្លរអាមេរិក។ ពួកគេ ត្រូវបានហាមមិនឲ្យចេញក្រៅប្រទេស។
មន្ត្រីជំនាញនៃក្រសួងរៀបចំដែនដីបានលើកឡើងថា ករណីបាក់អគារនោះ ផ្តើមចេញពី«ការសាងសង់បេតុងសសរមិនធន់» តាមលក្ខណៈបច្ចេកទេស។
ក្នុងករណីបាក់អគារស្រដៀងគ្នានេះ កាលពីខែមិថុនា ឆ្នាំ២០១៩ ក៏មានករណីអគារបាក់នៅក្នុងខេត្តព្រះសីហនុ ដែលបានសម្លាប់មនុស្ស២៨នាក់។ អតីតអភិបាលខេត្តជាប់មាត់សមុទ្រនេះ គឺលោក យន្ត មីន អះអាងថា ក្រុមការងារខេត្ត បានចុះឃាត់ការសាងសង់អគារនោះពីរដងរួចទៅហើយ តែក្រុមហ៊ុនរបស់ចិនដែលសង់អគារនោះ នៅបន្តសាងសង់រហូតដល់ថ្ងៃបាក់អគារ។
របាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ស្តីពីការ«ឆ្ពោះទៅសម្រេចសក្ដានុពលនគរូបនីយកម្ម» បញ្ជាក់ថា ប្រទេសកម្ពុជាបានប្រឈមនឹង«គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។
របាយការណ៍បានបន្ថែមថា ការផ្ដល់ការអនុញ្ញាតឲ្យធ្វើសំណង់នៅតែជាបញ្ហាដោយសារគោលការណ៍«សង់ជាមុន ផ្ដល់អាជ្ញាប័ណ្ណតាមក្រោយ»។
អ្នកការពារសិទ្ធិកម្មករក្នុងវិស័យសំណង់លោក សុខ គីន នៅបង្ហាញក្តីបារម្ភអំពីសុវត្ថិភាពការងាររបស់កម្មករនៅតាមការដ្ឋានសំណង់ ទោះបីមានការបង្កើតច្បាប់គ្រប់គ្រងគុណភាពសំណង់ និងការពារសុវត្ថិភាពកម្មករ ក្រោយមានហេតុការណ៍បាក់អគារក៏ដោយ។
អ្វីដែលជាការបារម្ភមួយទៀតនោះ គឺម្ចាស់អគារបាក់ស្រុតទាំងនោះ មិនធ្លាប់ត្រូវបាននាំយកមកទទួលខុសត្រូវតាមច្បាប់នោះទេ។ នេះបើតាមការបញ្ជាក់របស់លោក សុខ គីន។
លោកមានប្រសាសន៍ថា៖ «តាំងពីខ្ញុំធ្វើការប្រឡូកនៅក្នុងវិស័យហ្នឹងមក អ្វីដែលខ្ញុំមើលឃើញ ពេលដែលមានគ្រោះថ្នាក់ទៅដល់កម្មករស្លាប់ ឬមួយក៏គ្រោះថ្នាក់ដោយប្រការណាមួយ យើងអត់មានឃើញអាជ្ញាធរពាក់ព័ន្ធ ឬមួយក៏តុលាការណា ចាត់វិធានការស្របទៅតាមច្បាប់ ហើយអនុវត្តទោសទណ្ឌទៅដល់និយោជកនោះឲ្យបានម៉ឺងម៉ាត់ ដាក់ពន្ធនាគារ ឬមួយក៏ពិន័យជាស្អីយើងអត់មានឃើញ»។
លោក យន់ ផល្លី អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត និងកែប និយាយថា តុលាការខេត្តកំពត គួរតែពន្លឿននីតិវិធីសំណុំរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះតាមផ្លូវច្បាប់ និងដើម្បីជាគំរូដល់អ្នកដែលរកស៊ីក្នុងវិស័យសំណង់ឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់។
លោកបន្ថែមថា សំណុំរឿងនេះ ក៏អាចមានការជាប់ពាក់ព័ន្ធនឹងមន្ត្រីជំនាញសំណង់នៅថ្នាក់មូលដ្ឋានផងដែរ។
លោកមានប្រសាសន៍ថា៖ «ចង់និយាយថា រឿងទាំងអស់ហ្នឹងគេដាក់បន្ទុករឿងការបច្ចេកទេសនៅលើមេការ។ ប៉ុន្តែទោះបីយ៉ាងណា ក៏នៅវាមានពាក់ព័ន្ធនឹងមន្ត្រីជំនាញដែរ បើតាមយើងប្រមើមើល។ ពាក់ព័ន្ធទៅលើមន្ត្រីជំនាញដែរ ធម្មតាការសាងសង់មួយខុសពីស្តង់ដារ យើងត្រូវតែដឹងជំនាញនៅក្នុងមូលដ្ឋាន»។
បើតាមអ្នកសម្របសម្រួលសិទ្ធិមនុស្សរូបនេះ មេការសំណង់ និងប្រពន្ធ ថែមទាំងកូនពីរនាក់ បានស្លាប់នៅក្នុងការបាក់អគារនៅខេត្តកែបនោះ៕