ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ម្នាក់​ស្លាប់​និង​៩នាក់​រង​របួស​ ​ខណៈ​ដុតគ្រាប់​មិន​ទាន់​ផ្ទុះ​ធ្វើ​ឧបករណ៍​នេសាទ


រូបឯកសារ៖ ទីតាំង​ហាម​ចូល​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ទីតាំង​ហាម​ចូល​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

នៅ​ថ្ងៃ​ចន្ទ​នេះ​ ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ប្រាប់​VOA​ ​ថា​ ប្រជា​នេសាទ​​ម្នាក់​បាន​ស្លាប់​និង​៩នាក់​ផ្សេង​ទៀត​រងរបួស​ ​ដោយ​សារ​ពួកគេ​យក​គ្រាប់​១០៥​មីលីម៉ែត្រ​ដែល​មិន​ទាន់​ផ្ទុះ​នោះ​ទៅ​ដុត​យក​សំណ។

ប្រជា​នេសាទ​ម្នាក់ក្នុង​ខេត្ត​ត្បូងឃ្មុំ​ បាន​ស្លាប់​និង​៩នាក់​ផ្សេង​ទៀត​រង​របួស​ ​ក្នុង​ការ​ផ្ទុះ​ក្បាល​គ្រាប់​១០៥​ មីលីម៉ែត្រ​ ​ខណៈ​ពលរដ្ឋ​ទាំង​នោះ​បាន​ដុត​គ្រាប់​ដែល​សល់​ពី​សង្គ្រាម​វៀតណាម​នេះ​ ​ដើម្បី​ធ្វើ​ឧបករណ៍​នេសាទ។​ ​នេះ​បើតាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ។

លោក​ ​ជៀម ច័ន្ទ​សោភ័ណ្ឌ​ ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ករណី​ផ្ទុះ​គ្រាប់​នេះ​ ​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ស្ថិត​ក្នុង​ភូមិ​ព្រែកតូច​ ​ឃុំ​ជីរោទ៌​ទី១​ ​ស្រុក​ត្បូង​ឃ្មុំ​ ​ខេត្ត​ត្បូង​ឃ្មុំ​ ​ដោយ​សារ​ជន​រងគ្រោះ​ជា​អ្នក​នេសាទ​ ​បាន​យក​គ្រាប់​នោះ​ទៅដុត​ដើម្បី​យក​សំណ​ដាក់​ចុង​អួន។​ ​លោក​បន្ថែម​ថា ​ការ​ដែល​ជនរងគ្រោះ​យក​គ្រប់​នោះ​ទៅ​ដុត​ដោយ​មិន​បារម្ភ​ពី​ការ​ផ្ទុះ​ ​គឺ​ដោយ​សារ​ពួកគេ​ធ្លាប់​ឃើញ​ប្រជា​ពលរដ្ឋ​មួយ​ចំនួនបាន​យក​គ្រាប់​ទៅ​ដំ​ ​និង​ដុត​នាពេល​កន្លង​ទៅ​ ​តែ​មិន​មាន​ករណី​ផ្ទុះ។

លោក​បញ្ជាក់​ថា៖​

«គាត់​មើល​តៗ​គ្នា​ ​បើ​តាម​ព័ត៌មាន​ដែល​ព្រឹក​មិញ​ហ្នឹង​ម៉ោង​ជិត​១​ខ្ញុំ​ទៅ​ដល់​កន្លែង​ឧបទ្ទ

វ​ហេតុ​ ​ទៅ​ដល់​ភូមិ​ហ្នឹង​ ​ឃុំ​ហ្នឹង​ ​គាត់​ថា​មាន​បងប្អូន​យើង​ប៉ុន្មាន​គ្រួសារ​នោះ​ ​ដែល​គាត់​ជា​ប្រជា​នេសាទ​ដែរ គាត់​យក​ធ្វើ​របៀប​ហ្នឹង​ ​តែ​វា​អត់​មាន​បញ្ហា​អី។ ដល់​អញ្ចឹង​ទៅ​គាត់​ឃើញ​អញ្ចឹង​គាត់​ឃើញ​សល់​គ្រាប់​ហ្នឹង​ហើយ​ ​គាត់​ចង់​ធ្វើ​ទៅ​តាម​បងប្អូន​យើង​ពី​មុន​ទៅ​តាម​ទម្លាប់​ហ្នឹង​ ​អញ្ចឹង​ហើយ​បាន​ធ្វើ​ឲ្យគាត់​យក​គ្រាប់​ហ្នឹង​ទៅ​ដុត ដុត​ហើយ​ផ្ទុះ បាន​ធ្វើ​ឲ្យ​មាន​ឧបទ្ទវហេតុ​ហ្នឹង​កើត​ឡើង»។

លោក​ ​ជៀម ច័ន្ទសោភ័ណ្ឌ​ ​បាន​បន្ថែម​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ​រាល់​ពេល​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេងៗ​ ​ដើម្បី​អាជ្ញាធរ​រាយការណ៍​ទៅ​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា​ ​CMAC​ ​ចុះ​ត្រួត​ពិនិត្យ​បន្ត។

លោក​ ​ហាក់ សុខមករា​ ​អភិបាល​រង​ខេត្ត​ ​និង​ជា​ប្រធាន​គណៈ​កម្មការ​សកម្មភាព​មីន​ប្រចាំ​ខេត្ត​ត្បូង​ឃ្មុំ​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​ផ្ទុះ​ ​ឬ​ស្ថានភាព​មីន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ​ដោយ​គ្រាន់​តែ​ប្រាប់​ថា លោក​មិនផ្តល់​សម្ភាសន៍​ដល់​ VOA ។

បើ​តាម​លោក​ ​ជៀម ច័ន្ទ​សោភ័ណ្ឌ​ ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​បន្ថែម​ថា​ ​បច្ចុប្បន្ន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នៅ​មាន​ចំការ​មីន​ទំហំ​១០លាន​ម៉ែត្រ​ការ៉េ​ ​ដែល​បន្សល់​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិកក្នុង​សម័យ​សង្គ្រាម​អាមេរិក-វៀតណាម​ ​កាល​ពី​ជាង​៤០ឆ្នាំមុន​ ​រួមទាំង​គ្រាប់​បន្សល់​ពី​សង្គ្រាម​ស៊ីវិល​ ​និង​ពី​របប​ខ្មែរ​ក្រហម​ជាដើម៕

XS
SM
MD
LG