ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមជាង ២០០នាក់ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ដែលធ្វើឲ្យចំនួនអ្នកឆ្លងមេរោគនេះសរុបក្នុងប្រទេសកើនដល់ ១២៩នាក់ គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដែលបានបញ្ជាក់ប្រាប់វីអូអេ នៅថ្ងៃទី១៨ ខែមិថុនានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ ចុងក្រោយបំផុតនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ មានទីលំនៅនៅភូមិស្រែអំបិល ឃុំស្រែអំបិល ខេត្តកោះកុង។
ការពិនិត្យឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ថ្មីចុងក្រោយនេះ កើតឡើង នៅពេលដែលបុរសរូបនេះបានវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
កាលពីថ្ងៃអង្គារ ពលរដ្ឋខ្មែរចំនួន ២០៤នាក់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយមានការជួយពីស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ីក្រោយពីពលរដ្ឋទាំងនេះ បានជាប់គាំងនៅក្នុងប្រទេសនោះចាប់តាំងពីខែមេសាមក។
នៅពេលនោះ ពួកគេត្រូវបានបដិសេធមិនឲ្យឡើងយន្តហោះពីព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ មកកាន់ប្រទេសកម្ពុជាទេ ពីព្រោះរដ្ឋាភិបាលកម្ពុជាបានហាមឃាត់មិនឲ្យពួកគេធ្វើដំណើរចូលប្រទេសវិញនៅគ្រានោះ ដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕