ប្រទេសកម្ពុជា កាលពីចុងសប្តាហ៍ បានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី២ករណីទៀតទៅលើបុរសពីរនាក់ ដោយធ្វើឲ្យចំនួនករណីឆ្លងសរុបក្នុងប្រទេសកើនដល់១២៨ នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានចុងក្រោយបំផុតទាំងពីរនេះកើតលើបុរសខ្មែរអាយុ២៩ ឆ្នាំ និងអាយុ២២ ឆ្នាំ ដែលអ្នកទាំងពីរមានទីលំនៅក្នុងខេត្តកំពង់ចាម។
ពេលតេស្តរកឃើញករណីឆ្លងថ្មីនេះ បុរសទាំងពីរនាក់ទើបវិលត្រឡប់មកពីប្រទសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
បច្ចុប្បន្ន បុរសទាំងពីរនាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងទីក្រុងភ្នំពេញ។ បុរសខ្មែរម្នាក់ទៀតដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីនហើយបានឆ្លងកូវីដដែរនោះ ក៏កំពុងសម្រាកព្យាបាលនៅឡើយនៅក្នុងមន្ទីរពេទ្យតែមួយនោះ។
ចំណែកអ្នកឆ្លងវីរុសនេះ១២៥ នាក់ផ្សេងទៀត បានជាសះស្បើយវិញហើយ។ នេះបើផ្អែកតាមក្រសួងសុខាភិបាលកម្ពុជា៕