ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើម​ឈើ​១ពាន់លាន​ដើម​ត្រូវ​បាន​ដាក់​ដាំ​នៅ​ខេត្ត​ភាគពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន


លោក Imran Khan និយាយ​ជាមួយ​នឹង​ VOA នៅ​ក្នុង​ការិយាល័យ​គណបក្ស​លោក​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។
លោក Imran Khan និយាយ​ជាមួយ​នឹង​ VOA នៅ​ក្នុង​ការិយាល័យ​គណបក្ស​លោក​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ខេត្ត Khyber Pakhtukhaw ហៅ​កាត់​ថា KPK ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន​ បាន​ដាក់​ដាំ​ដើមឈើ​ចំនួន​១ពាន់លាន​ដើម​ក្នុង​រយៈពេល២ឆ្នាំ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ និង​សម្រេច​បាន​លើស​ពី​ការ​ប្តេជ្ញាចិត្ត​ជា​អន្តរជាតិ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ព្រៃ​ និង​ផ្ទៃ​ដី​គ្មាន​ជីជាតិ​ ទំហំ​៣សែន៥ម៉ឺន​ហិចតា។

គោលបំណង​នៃ​កិច្ចខំ​ប្រឹងប្រែង​ក្នុង​ការ​ស្តារ​ឡើង​វិញ​នៃ​ដី​ព្រៃ​ទាំងនេះ​ គឺ​ដើម្បី​ផ្លាស់​ប្តូរ​មុខ​មាត់​នៃ​ផ្ទៃ​ដី​ដែល​សោះកក្រោះ​ និង​ដែល​ធ្លាប់​មាន​ព្រៃឈើ​នៅក្នុង​ខេត្ត KPK ដែល​ស្ថិត​នៅ​ជួរ​ភ្នំ Hindu Kush។

លោក Imran Khan មេ​ដឹកនាំ​គណបក្ស Tehreek-e-Insaf ឬ PTI របស់​ប៉ាគីស្ថាន​ ដែល​ជា​ថ្នាក់​ដឹកនាំ​របស់​ខេត្ត​នេះ​ បាន​ចាប់​ផ្កើម​យុទ្ធនាការ​ដាំ​ដើម​ឈើ​ឡើង​វិញ​កាល​ពី​ឆ្នាំ២០១៥ ក្រោម​ប្រធានបទ ​«ដើម​ឈើ១ពាន់លាន​ដើម» ដែល​ជា​ភាសា​អង់គ្លេស​ថា «Billion Tree Tsunami»។

អតីត​កីឡាករ​វាយ​កូន​បាល់​ ដែល​បាន​ប្រែក្លាយ​ទៅ​ជា​អ្នក​នយោបាយ​រូប​នេះ​បាន​ប្រាប់ ​VOA ថា​គោលបំណង​នៃ​ការ​ដាំ​ដើម​ឈើ​ឲ្យ​បាន​១ពាន់លាន​ដើម​នោះ​ បាន​ទទួល​ជោគជ័យ​ហើយ​នៅក្នុង​ខែ​នេះ​ គឺ​បាន​សម្រេច​នៅ​មុន​ផែនការ​ដែល​បាន​កំណត់​ គឺ​ត្រឹ​មខែ​ធ្នូ​ឆ្នាំ២០១៧។

លោក​បាន​ថ្លែង​ថា​គណបក្ស​របស់​លោក​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​មួយ ​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​នៅ​ចុង​ខែ​សីហា​ ដើម្បី​អបអរសាទរ​ការ​ទទួល​ជោគជ័យ​លើ​គម្រោង​នេះ​ ហើយ​ក៏​នឹង​មាន​វត្តមាន​របស់​អ្នក​ការទូត​បរទេស​មួយ​ចំនួន​ចូលរួម​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​បង្ហាញ​ពួកគេ​តាមរយៈ​ផែនទី​ក្នុង​ Google ពី​ទីតាំង​ដាំ​ដើម​ឈើ​ទាំង​១ពាន់លានដើម​ទាំង​នោះ។ ព្រឹត្តិការណ៍​នេះ​ឥឡូវ​បាន​ក្លាយ​ទៅ​ជា​ការងារ​គំរូ​ដល់​ពលរដ្ឋ​ប៉ាគីស្ថាន​ផ្សេង​ទៀត»។

ប៉ាគីស្ថាន​ជា​ប្រទេស​ទី៧​ នៅ​ក្នុង​បញ្ជី​នៃ​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​ឡើង​កម្តៅ​សកល​ និង​ជា​ប្រទេស​ដែល​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​ទ្វីប​អាស៊ី។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​នៃ​ការ​កាប់​ព្រៃឈើ​កន្លង​មក​នេះ​ នាំ​ឲ្យ​ព្រៃឈើ​របស់​ប្រទេស​នេះ​បាន​ថយចុះ​នៅ​តិច​ជាង​ផ្ទៃ​ដី​ចំនួន​៣ភាគរយ។ ព្រៃ​ដែល​នៅ​សល់​ចំនួន៤០ភាគរយ​ស្ថិត​នៅ​ក្នុង​ខេត្ត KPK។

លោក Khan សង្ឃឹម​ថា​វិធីសាស្ត្រ​ដាំ​ដើមឈើ​របស់​លោក​ នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ការឡើង​កម្តៅ​សកល​ ក៏​ដូច​ជា​កាត់​បន្ថយ​គ្រោះថ្នាក់​ធម្មជាតិ​ ដូច​ជា​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ក្នុង​ខេត្ត KPK និង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជា​រៀងរាល់​ឆ្នាំ។

លោក Khan បាន​គូស​បញ្ជាក់​ប្រាប់​ថា៖ «យើង​រក​ឃើញ​ថា​ ប្រសិន​បើ​អ្នក​ដាំ​ដើម​ឈើ​នៅ​តាម​មាត់​ទឹក​ នោះ​វា​នឹង​ជួយ​គ្រប់គ្រង​ទឹក​ឲ្យ​មាន​និរន្តភាព។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ផ្ទាំង​ទឹកកក​កំពុង​តែ​រលាយ​នៅ​តាម​តំបន់​ភ្នំ​ ដោយ​សារ​តែ​ហេតុផល​ចម្បង​មួយ​គឺ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដ៏​ខ្លាំងក្លា​នេះ។ ដូច្នេះ​ដើម​ឈើ​ចំនួន​១ពាន់លាន​ដើម​នេះ​ នឹង​ក្លាយ​ជា​សមិទ្ធិផល​ដ៏​មាន​សារៈសំខាន់​មួយ​នៅ​ថ្ងៃ​អនាគត»។

អង្គការ​សហជីព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ​ ហៅ​កាត់​ថា IUCN បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ ដើម្បី​អបអរសាទរ​ដល់​ខេត្ត​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​សម្រេច​បាន​នូវ «ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ»។

អង្គការ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា៖ «ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​ការ​សម្រេច​បាន​ជា​លើក​ដំបូង​ នៃ​ការ​ប្តេជ្ញាចិត្ត​របស់​កិច្ច​ខំ​ប្រឹងប្រែង Bonn Challenge ដែល​ជា​កិច្ច​ខំ​ប្រឹងប្រែង​ជា​សកល​មួយ​ ដែល​មាន​គោលបំណង​ឆ្ពោះ​ទៅ​រក​ការ​ស្តារ​ព្រៃឈើ​ឡើង​វិញ»។

កិច្ច​ប្រឹងប្រែង Bonn Challenge ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០១១ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ស្តារ​ព្រៃឈើ​ឡើង​វិញ​នៅ​លើ​ផ្ទៃ​ដី​ដែល​បាន​កាប់​បំផ្លាញ​ និង​ផ្ទៃ​ដី​គ្មាន​ជី​ជាតិ​ទំហំ១៥០​លានហិចតា ​នៅត្រឹម​ឆ្នាំ២០២០ និង​កើន​ឡើង​ដល់​ទំហំ៣៥០លាន​ហិចតា​ត្រឹម​ឆ្នាំ​២០៣០។

រហូត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ជាង២០ បាន​ខិត​ខំ​ប្រឹងប្រែង​សម្រេច​តាម​ការ​ប្តេជ្ញា​នេះ​ តាម​រយៈ​ការ​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​ដើម្បី​ស្តារ​ព្រៃឈើ​ឡើង​វិញ​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ជាង៦០លាន​ហិចតា​ត្រឹម​ឆ្នាំ២០២០។

យុទ្ធនាការ​ដាំ​ដើម​ឈើ​ក្នុង​ខេត្ត KPK គឺ​ជា​យុទ្ធនាការ​ថ្នាក់​ក្រោម​ជាតិ​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ចប្រឹងប្រែង Bonn Challenge។

អ្នកស្រី Inger Anderson អគ្គនាយកា​របស់​អង្គការ IUCN បាន​ថ្លែង​ថា៖ «កម្មវិធី​ផ្តួចផ្តើម​ដើម​ឈើ​១ពាន់លាន​ដើម ឬ The Billion Trees Tsunami គឺ​ជា​គម្រោង​អភិរក្ស​ដ៏​ជោគជ័យ​ពិត​ប្រាកដ​មួយ។ វា​គឺ​ជា​គម្រោង​មួយ​បង្ហាញ​ពី​តួនាទី​ជា​មេ​ដឹកនាំ​បស់​ប្រទេស​ប៉ាគីស្ថាន​ នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ស្តារ​ព្រៃឈើ​ឡើង​វិញ​ជា​អន្តរជាតិ​ និង​បាន​បន្ត​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​សម្រេច​តាម​គោលបំណង​របស់​កិច្ច​ប្រឹងប្រែង Bonn Challenge»។

ក្រុម​មន្ត្រី​ខេត្ត​និយាយ​ថា​យុទ្ធនាការ​នេះ​បាន​សម្រេច​តាម​គោលដៅ​ស្តារ​ព្រៃឈើ​ឡើងវិញ​ ដោយ​ក្នុង​នោះ​៦០ភាគរយ​ផ្តោត​លើ​ការ​ការពារ​ការ​បង្កើត​ធម្មជាតិ​ឡើង​វិញ​ និង​៤០ភាគរយ​ទៀត​ផ្តោត​ទៅ​លើ​ផែន​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ។

ទីតាំង​បណ្តុះ​កូន​ឈើ​ខ្នាត​តូច​ជា​ច្រើន​កន្លែង​បណ្តុះ​កូន​ឈើ​បាន​រហូត​ចំនួន២ម៉ឺន៥ពាន់​ដើម​ក្នុង​១​ទីតាំង​ ដោយ​បាន​ទទួល​ប្រាក់​កក់​ជា​មុន​ និង​បាន​ចុះកិច្ចសន្យា​ធានា​ទិញ​កូន​ឈើ​ដោយ​រដ្ឋាភិបាល​ថ្នាក់​ខេត្ត​ថែម​ទៀត​ផង។

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ខេត្ត KPK បាន​បោះទុន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​១២៣លានដុល្លារ ដើម្បី​បង្កើត​កន្លែង​បណ្តុះ​កូន​ឈើ​ឯកជន​ចំនួន​១ម៉ឺន៣ពាន់​កន្លែង​នៅ​ស្ទើរ​គ្រប់​ស្រុក​ទាំងអស់​ និង​បណ្តុះ​កូន​ឈើ​ដាំ​ក្នុង​ស្រុក​បាន​រាប់ម៉ឺន​ដើម​ និង​បាន​នាំ​យក​កូន​ឈើ​មួយ​ចំនួន​ពី​ក្រៅ​ប្រទេស​ដូចជា​ ដើមស្រល់​ ដើម Walnuts និង​ដើម​ប្រេងខ្យល់​ជា​ដើម។

ការណ៍​នេះ​បាន​បង្កើន​ប្រាក់​ចំណូល​ក្នុង​ស្រុក​ បង្កើត​ការងារ​សម្រាប់​វិស័យ​បរិស្ថាន​បាន​រាប់ពាន់​ និង​បាន​ជួយ​បង្កើន​សមត្ថភាព​ដល់​ក្រុម​យុវជន​ និង​ស្ត្រី​ដែល​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ខេត្ត​ថែម​ទៀត​ផងដែរ។ ថវិកា​ចំនួន​១០០លានដុល្លារ​ផ្សេង​ទៀត​ នឹង​ដាក់​បន្ថែម​ចូល​ក្នុង​គម្រោង​នេះ​ឲ្យ​មាន​ដំណើរ​ការ​រហូត​ដល់​ឆ្នាំ២០២០។

បើ​យោង​តាម​មន្រ្តី​របស់​អង្គការ IUCN បាន​ឲ្យ​ដឹង​ថា៖ «ការ​គាំទ្រ​នេះ​និង​ជួយ​ធ្វើ​ឲ្យ​គម្រោង​នេះ​ក្លាយ​ជា​គម្រោង​វិនោយោគ​ប្រព័ន្ធ​អេកូឡូស៊ី​ ធំ​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន»។

តាម​រយៈ​គម្រោង​នេះ​ ដើមឈើ​ដែល​ទើប​ដាក់​ដាំ​នឹង​ជួយ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​រឹងមាំ​ ពង្រីក​ធនធាន​ព្រៃឈើ​នៅ​លើ​ផ្ទៃ​ដី​កសិកម្ម​ បង្កើន​ជីវចម្រុះ​តាម​រយៈ​ការ​ស្តារ​ជម្រក​សត្វ​ព្រៃ​ឡើង​វិញ​ និង​ជួយ​កាត់​បន្ថយ​ឧស្ម័ន​កាប៊ូនិច​ ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​កម្តៅ​របស់​ផែន​ដី​បាន។

លោក Khan បាន​ថ្លែង​បន្ត​ទៀត​ថា៖ «យើង​មិន​អាច​ធ្វើ​ការងារ​នេះ​បាន​ទេ​ បើ​គ្មាន​ការ​ចូល​រួម​ពី​សហគមន៍​ក្នុង​តំបន់។ ជា​ដំបូង​ពួកគេ​បាន​បង្កើត​ថ្នាល​បណ្តុះ​កូន​ឈើ​ បន្ទាប់​មក​ពួកគេ​ការពារ​ព្រៃឈើ​ និង​ដើម​ឈើ​ដែល​ពួកគេ​បាន​ដាំ។ នេះ​គឺ​ជា​បទពិសោធន៍​ដ៏​ជោគជ័យ​មួយ​មិន​ដែល​ធ្លាប់​មាន​ ហើយ​ឥឡូវ​នេះ​យើង​បាន​ជួយ​សង្គ្រោះ​ព្រៃឈើ​បាន​៨៥ភាគរយ»។

ក្រុម​ជំនាញ​ការ​នៃ​អង្គការ WWF ប្រចាំ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​អ្នក​ឃ្លាំ​មើល​ និង​ចុះ​អង្កេត​លើ​គម្រោង​ដាំ​ដើម​ឈើ​ក្នុង​ខេត្ត KPK ថ្លែងថា គម្រោង​នេះ​បាន​ទទួល​ជោគជ័យ​ទាំង​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម។ នេះ​គឺជា​គម្រោង​ដែល​បាន​ជួយ​សង្គ្រោះ​ព្រៃឈើ​ក្នុង​អត្រា​ខ្ពស់​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភពលោក​ ដែល​មាន​អត្រា​ចាប់​ពី​៧០ភាគរយ​ ទៅ​៩០ភាគរយ។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក Hamadd Khan Naqi អគ្គនាយក​របស់​អង្គការ​ WWF ប្រាប់ VOA ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​កិច្ចការ​នេះ​នៅ​តែ​បន្ត​ នោះ​ចំនួន​សត្វ​ស្លាប​ អតិសុខុមប្រាណ​ សត្វ​ល្អិត​ សត្វ​ព្រៃ​នានា​ ក៏​ដូចជា​ជម្រក​សត្វ​នឹង​មាន​ការ​កើន​ឡើង។

ប្រព័ន្ធ​អេកូឡូស៊ី​នឹង​ត្រូវ​បាន​ស្តារ​ឡើងវិញ​នៅ​តាម​តំបន់​មួយ​ចំនួន។ ចំនួន​ទឹកភ្លៀង​នឹង​កើន​ឡើង​ យើង​ត្រូវ​ការ​ទឹកភ្លៀង​ជា​ចាំ​បាច់»។

លោក Khan បាន​ថ្លែង​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​ថ្នាក់​ខេត្ត​បាន​ពង្រឹង​ច្បាប់​ក្នុង​ការ​ដាក់​បម្រាម​មិន​ឲ្យ​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​នៅ​ទូទាំង​ខេត្ត KPK។

ក្រុម​អាជ្ញាធរ​ក៏​បាន​កាត់​បន្ថយ​សកម្មភាព​កាប់​ឈើ​របស់ «ក្រុម​ម៉ាហ្វីយ៉ា​ព្រៃឈើ» ដោយ​បាន​ចុះ​ទៅ​រុះរើ​កន្លែង​អារ​ឈើ​ខុស​ច្បាប់​ ក៏​ដូចជា​ចាប់​ខ្លួន​អ្នក​កាប់​ឈើ​ខុស​ច្បាប់​មួយ​ចំនួន​ផងដែរ។

លោក Khan បាន​ថ្លែង​បន្ថែម​ទៀត​ថា​ យ៉ាង​ហោច​ណាស់​មាន​កងកម្លាំង​ការពារ​ព្រៃ​២នាក់​បាន​ស្លាប់​ និង​មួយ​ចំនួន​ទៀត​បាន​រង​របួស​ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ។

គំនិត​ផ្តួចផ្តើម​របស់​ខេត្ត​ដ៏​មាន​ប្រជាប្រិយ​ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​មួយ​នេះ​ បាន​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ឲ្យ​ប្រកាស​ពី​កម្មវិធី​របស់​ខ្លួន​មួយ​មាន​ឈ្មោះ​ថា Green Pakistan ឬ​ប៉ាគីស្ថាន​ពណ៌បៃតង​ កាល​ពី​ឆ្នាំ​មុន​ ដោយ​មាន​បំណង​ដាំ​ដើម​ឈើ​ឲ្យ​បាន​ចំនួន​១០០លាន​ដើម​ក្នុង​រយៈពេល​៥ឆ្នាំ​ខាង​មុខ​នេះ៕

XS
SM
MD
LG