ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​ក្រុង​ហាណូយរាប់​រយ​នាក់​បាន​ឱប​ដើម​ឈើ​​ជាការ​តវ៉ា​ប្រឆាំងនឹង​​ការ​​កាប់​ដើមឈើ​ឥត​សំចៃ


អ្នក​ចូលរួម​កាន់​ដៃ​គ្នា​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្រុង​ហាណូយ​ ដោយ​ប្រឆាំង​នឹង​គម្រោង​កាប់​ដើម​ឈើ​ប្រមាណ​មួួយ​ភាគ​បួន​នៃ​ដើម​ឈើ​នៅ​ក្នុង​ក្រុង​ហាណូយ​។
អ្នក​ចូលរួម​កាន់​ដៃ​គ្នា​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្រុង​ហាណូយ​ ដោយ​ប្រឆាំង​នឹង​គម្រោង​កាប់​ដើម​ឈើ​ប្រមាណ​មួួយ​ភាគ​បួន​នៃ​ដើម​ឈើ​នៅ​ក្នុង​ក្រុង​ហាណូយ​។

​ផែនការ​មួយ​ដើម្បី​កាប់​ដើម​ឈើ​រាប់​ពាន់​ដើមនៅ​ក្នុង​ទីក្រុង​ហាណូយ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បារនៅទូទាំងក្នុង​ទីក្រុង ​ដោយមនុស្ស​ជា​ច្រើន​នាក់ ​បាន​បញ្ចេញ​មតិ​នៅ​លើ​បណ្តាញ​សង្គម ឬ​ចូលរួម​ក្នុង​ពិធី​ដែល​រៀប​ចំ​ឡើង​នៅទូទាំង​រដ្ឋ​ធានី​ដើម្បី​តវ៉ាប្រឆាំង​នឹង​ការ​ធ្វើ​ដូច​នោះ។

​ មនុស្ស​ប្រហែល​៥រយ​នាក់ ដែល​ពាក់​អាវយឺតពិសេស​ ​និង​កាន់​បដា​ដែល​សរសេរ​ថា «ការ​ឱប​រឹត​ដើមឈើ​ទី​ក្រុង​ហាណូយ​‍» ឬ «Tree Hugs Hanoi»​បាន​កាន់​ដៃ​គ្នា​នៅ​ខាង​ក្រៅ​ឧទ្យាន​មួយ​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យដើម្បី​តវ៉ា​ប្រឆាំង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាប់រំលំ​ដើម​ឈើជាង​មួយ​ភាគ​បួន​នៃ​ដើម​ឈើ​របស់​ទី​ក្រុង។

ការ​តវ៉ា​ប្រឆាំង​ក្នុង​ទម្រង់ផ្សេង​ៗ ​បាន​បន្តធ្វើ​ឡើង​អស់​រយៈ​ពេល​២​ថ្ងៃ ​ថ្វី​បើ​មានព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជាជន​ទីក្រុង​ហាណូយ ​បាន​សុំ​ឲ្យ​ផ្អាកផែនការ​នោះ​ក៏ដោយ។ ដើម​ឈើ​ប្រហែល​ប្រាំរយ​ដើម​ ​បានត្រូវផ្តួល​រំលំ​រួច​ហើយ​ ហើយក្រុមអ្នក​ចូលរួមនៅឯ​ពិធី«ការ​ឱប​រឹត​ដើមឈើ​ទី​ក្រុង​ហា ណូយ​‍»បាន​និយាយ​ថា ​ពួកគេ​មាន​ការ​ព្រួយបារម្ភ​ថា ការ​កាប់ផ្តួល​រំ​លំ​ដើម​ឈើ​នោះ​មិន​ត្រូវ​បាន​បញ្ឈប់។

ដោយ​មាន​ស្លាក​បិទ​នៅ​ត្រង់​ថ្ពាល់ បាតុករ​ Duc Anh ​និយាយ​ថា មនុស្ស​ជា​ច្រើន បាន​បារម្ភ​អំពី​ផែនការ​នេះ​។

លោក​និយាយ​ថា ​ប្រជាជន​ទីក្រុង​ហាណូយ​និង​អ្នកទេសចរ ​ស្រឡាញ់​ដើម​ឈើ​ដោយ​មូលហេតុជា​ច្រើន។ដើម​ឈើទាំងអស់​នោះ​ល្អ​សម្រាប់​បរិស្ថាន ​ហើយ​ដើម​ឈើ​ទាំង​នោះ​មាន​តម្លៃ​ខាង​មនោសញ្ចេតនា​ផងដែរ​ ​ពី​ព្រោះ​តែ​ដើម​ឈើ​ជា​ច្រើនមាន​ចំណាស់​ដូចជី​ដូន​ជី​តា​របស់​ពួកគាត់​ដែរ។​ដើម​ឈើ​ដែល​មាន​សុខ​ភាព​ល្អ ​ក៏​ត្រូវ​បាន​គេ​កាប់​រំលំ​ដែរ ​ហើយលោក​បាន​បន្ត​ថា ការណ៍​នេះ​ជាការ​គួឲ្យ​សោក​ស្តាយ​បំផុត‍។

កាសែត​យុវជន (Thanh Nien) ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្រោម​ផែនការ​រៀបចំ​សោភណ្ឌភាព​ទីក្រុងដែល​មាន​ប្រាក់​៣លាន​៤​សែន​ដុល្លារ​ ​ដើម​ឈើ​ចំនួន​ប្រាំមួយពាន់​ប្រាំពីរ​រយ​ដើម​ដែលត្រូវ​គេ​ចាត់​ទុក​ថា ​មាន​គ្រោះ​ថ្នាក់​និងមិនមាន​សោភណ្ឌ​ភាព ត្រូវ​កាប់​រំលំ​ចោល។​ ទោះ​បី​ជាយ៉ាង​ណាក៏ដោយ ​កាសែត​នោះ ​បាន​ចោទ​សួរ​ពី​អ្វី​ដែល​គេ​នឹងយក​ឈើដែល​អាច​មានតម្លៃ​ថ្លៃ​នេះ​ទៅ​ធ្វើ​បន្ទាប់​ពី​កាប់​ហើយ។

ចំណាត់​ការ​នេះ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នូវ​កំហឹង​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​សង្គម។​ គេហទំព័សង្គមFacebook ​មួយដែល​មាន​ឈ្មោះថា ​មនុស្សប្រាំមួយ​ពាន់​ប្រាំពីរ​រយ​នាក់​សម្រាប់​ដើម​ឈើ​ប្រាំមួយពាន់​ប្រាំពីរ​រយ​ដើម​ ​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារ៍ ​បាន​ទាក់​ទាញ​មនុស្ស​ជិត​ប្រាំ​ម៉ឺននាក់​ឲ្យ​គាំទ្រ។

លោក Vu Thanh Phong ​និស្សិត​ឆ្នាំ​បញ្ចប់​ការ​សិក្សា​ ​បាន​និយាយ​ថា ​ដើម​ឈើ ជា​ទ្រព្យ​សម្បតិ្ត​ដ៏មាន​តម្លៃ​មួយ​នៃ​ទ្រព្យ​សម្បត្តិនានា​របស់​ទីក្រុង​ហាណូយ។

លោក​បាន​និយាយ​ថា ​ដើម​ឈើ និងរបស់​របរ​ប្រពៃ​ណី​នានា​ដូចជា​ក្រុម​អ្នកលក់​នៅ​ក្រោម​ដើម​ឈើ ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ហាណូយ ​ពិសេស​ប្លែក​គេហើយ​បើ​គ្មាន​ដើម​ឈើ​ និង​ក្រុម​អ្នក​លក់​នៅ​ក្រោម​ដើម​ឈើនោះ​ទេ ​ទី​ក្រុង​នោះ​នឹងលេង​មាន​លក្ខណៈ​ពិសេស‍​ត​ទៅ​ទៀត​ហើយ។

ប្រហែល​១ភាគ​៤នៃ​ប្រជា​ពលរដ្ឋ​វៀត​ណាម ​ដែលប្រើ​ Facebook ​ហើយ​បណ្តាញ​សង្គម​នោះ​បាន​ក្លាយ​ជា​ឧបករណ៍ដ៏​ខ្លាំង​មួយ​ដើម្បី​ផ្លាស់​ប្តូរ​សង្គម។

ក្រុម​អ្នក​ចូល​រួម​ជា​ច្រើននៅឯ​ពិធី«ការ​ឱប​រឹត​ដើមឈើ​ទី​ក្រុង​ហាណូយ​‍» ដែល​បាន​ពាក់​អាវ​យឺត​ដែល​ទាក់​ទិន​ទៅនឹងយុទ្ធ​នាការផ្សេង​ៗ​ទៀត ក៏​បាន​ត្រូវ​ជំរុញ​ដោយ​បណ្តាញ​សង្គម​ ដែល​អំពាវ​នាវ​ដល់​ក្រុមអាជ្ញាធរ​នៅ​ក្នុង​តំបន់​កណ្តាល​នៃ​ប្រទេស​វៀត​ណាមឲ្យ​បញ្ឈប់​ផែនការ​ស្ថាបនា​កន្ត្រក​ខ្សែកាប​ឡើង​ភ្នំ និង​ប្រើខ្សែកាបនៅ​គូហាសុនដុង (Son Doong) ​ដែលអាចជាគូហាដ៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភព​លោក។

លោក Thanh Thuជា​ផ្នែក​មួយ​នៃ​យុទ្ធ​នាការណ៍​នោះ។ លោក​និយាយ​ថា ​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​លើ​ Facebook ​និងញត្តិ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​គិត​ម្តង​ទៀត។

«នៅពេល​ដែល​ពួកគេ​ពិចារណា​កត្តា​បរិស្ថាននិង​សេដ្ឋ​កិច្ច​ ហើយ​ពួកគេ​នឹង​បាន​ ឃើ​ញ​ថា​ គូហាសុន​ដុង (Son Doong) ​គួរ​ត្រូវ​ការពារ។ ពួកគេ​នឹង​មិន​ស្ថាបនា​អ្វី​ៗ​ទេ​រហូត​ដល់​ឆ្នាំ​២០៣០‍»។

លោក​និយាយ​ទៀត​ថា ​លោក​សង្ឃឹម​ថា យុទ្ធ​នាការបណ្តាញ​សង្គមដូច​នេះ​នឹងជួយ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​គិត​កាន់​តែ​ច្រើន​ឡើង​អំពីមនុស្ស​ផ្សេង​ទៀត​ និង​មាន​ភាព​សកម្មនៅ​ក្នុង​ការការពារ​បរិស្ថាន​ ក៏​ដូច​ជា​រួម​វិភាគ​ទានកាន់​តែ​ប្រសើរ​ឡើង​ដល់​សង្គម៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន​


XS
SM
MD
LG