មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនមួយចំនួន កាលពីថ្ងៃអាទិត្យបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដោយទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ខណៈពួកគេព្រួយបារម្ភពីការបន្តធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស។
មន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមយុវជនប្រមាណ៣០០០នាក់បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ លើកទី៧៥ ក្រោមប្រធានបទ៖ «ធានាសេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប»។
លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក ថ្លែងក្នុងពិធីនោះថារដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចធានាយ៉ាងណាឱ្យពលរដ្ឋអាចរក្សាបាននូវសិទ្ធិទាំងអស់ រួមទាំងសេរីភាពបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំជីវភាពនយោបាយ ដូចសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដូចទៅនឹងអ្វីដែលរដ្ឋាភិបាលបានប្រកាសនៅក្នុងកតិកាសញ្ញាសិទ្ធិរបស់ពលរដ្ឋ។ លោកបន្ថែមថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះ ក៏មិនខុសទៅនឹងស្ថានភាពសិទ្ធិមនុស្ស កាលពីឆ្នាំកន្លងៗទៅ ដែលនៅតែរងការរឹតត្បិតដដែល។
បើតាមលោក នី សុខា បើទោះបីជាសិទ្ធិសេរីភាពមួយចំនួនមានការរីកចម្រើនក៏ពិតមែន តែរដ្ឋាភិបាលនៅតែមិនទាន់ឆ្លើយតបទៅនឹងអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅឡើយទេ។
លោកថ្លែងថា៖ «រដ្ឋាភិបាលនៅតែមិនទាន់បានឆ្លើយតបឱ្យបានប្រសើរស្របតាមអនុសាសន៍ដែលបានស្នើឡើងដោយសហគមន៍អន្តរជាតិ ក៏ដូចជាអនុសាសន៍របស់អ្នករាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅឡើយទេ»។
លោកឱ្យដឹងទៀតថាអាជ្ញាធរមួយចំនួននៅតាមមូលដ្ឋាននៅតែបន្តរឹតត្បិតគាបសង្កត់សម្លុត គំរាមកំហែង និងធ្វើទុក្ខបុកម្នេញក្រោមរូបភាពផ្សេងៗផងដែរ ដែលជាហេតុធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
នៅក្នុងពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិនោះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC)លើកឡើងថាក្នុងនាមលោកតំណាងឱ្យសហភាពការងារ លោកចង់ឃើញរដ្ឋធម្មនុញ្ញនៅកម្ពុជាត្រូវបានអនុវត្តប្រកបដោយការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញនិងស្នើឱ្យរដ្ឋាភិបាលដកនូវរាល់បណ្តឹងទាំងឡាយទៅលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជនសហជីព ក៏ដូចជាពិនិត្យមើលឡើងវិញចំពោះច្បាប់ស្តីពីសហជីពផងដែរ។
លោកបញ្ជាក់ថា៖ «ចង់ឃើញរដ្ឋធម្មនុញ្ញរបស់យើងគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ ហើយចុងក្រោយគឺទីផ្សារសេរីដែលគេមករកស៊ីទទួលទានប្រកួតប្រជែងនៅប្រទេសកម្ពុជាយើងឱ្យមានយុត្តិធម៌...ស្នើឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញ កែប្រែនូវច្បាប់ស្តីពីសហជីព ដើម្បីធានាឱ្យកម្មករនិយោជិតអាចប្រើប្រាស់សិទ្ធិក្នុងការតស៊ូមតិទាមទារសេរីភាពជាមួយនិយោជកបាន»។
ចំណែកប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ថ្លែងនៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ លើកទី៧៥ នៅទីលានប្រជាធិបតេយ្យថារដ្ឋាភិបាលត្រូវតែពិនិត្យទៅលើចំណុច៤ ដើម្បីធានាដល់ការការពារនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ចំណុចទីមួយ លោក កើត សារ៉ាយ លើកឡើងថារដ្ឋាភិបាលត្រូវពិនិត្យលើប្រាក់ខែរបស់មន្រ្តីរាជការឡើងវិញ ដើម្បីធ្វើយ៉ាងឱ្យប្រាក់ខែរបស់មន្ត្រីរាជការទាំងនោះទទួលបានសមស្រប ដើម្បីលុបបំបាត់អំពើពុករលួយ។ ទីពីរត្រូវធានានូវតួនាទីនៃអំណាចទាំងបីឱ្យបានច្បាស់លាស់។ ទីបីត្រូវធ្វើយ៉ាងណាឱ្យមានសារព័ត៌មានឯករាជ្យ និងទីបួនត្រូវធានាសុវត្ថិភាពនៃការរាយការណ៍របស់ពលរដ្ឋ។ លោកបញ្ជាក់ថាទោះបីជាធ្លាប់មានការលើកទឹកចិត្តឱ្យមានការរាយការណ៍ក៏ដោយ ក៏ពលរដ្ឋនៅតែមិនទាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការរាយការណ៍។
កាលពីថ្ងៃអាទិត្យ អង្គការសមាគមប្រមាណ៤០ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសម្តែងការសោកស្តាយនិងព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសទាក់ទឹងនឹងសេរីភាពជាមូលដ្ឋាន និងសិទ្ធិទទួលបានយុត្តិធម៌នៅកម្ពុជា។ ក្រុមអង្គការទាំងនោះក៏បានស្នើឱ្យរដ្ឋាភិបាលពង្រឹងនិងពិនិត្យមើលបន្ថែមទៀតលើការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្នើឱ្យរដ្ឋសភាពិនិត្យនិយមន័យនៃបទល្មើសញុះញង់ ស្នើឱ្យស្ថាប័នធ្វើច្បាប់ និងរដ្ឋាភិបាលបើកទូលាយសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពទទួលបានព័ត៌មានជាដើម។
កាលពីថ្ងៃទី៨ ខែធ្នូ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងអំពី«ការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស»។
ការលើកឡើងបែបនេះនៅក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេស លោក សុខ ចិន្តាសោភា ជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន(Vitit Muntabhorn)។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះការលើកកម្ពស់សិទ្ធិមនុស្ស និងថាកម្ពុជាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជាដែលបានចងសម្ព័ន្ធភាពនឹងគ្នា ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាពិចារណាបើកលំហសេរីភាពនយោបាយ ដោយគ្មានការរើសអើង បញ្ឈប់ការគំរាមកំហែង ផ្នែកនយោបាយគ្រប់រូបភាព ពង្រឹងដំណើរការប្រជាធិបតេយ្យឡើងវិញ ដោយឈរលើស្មារតីបង្រួបបង្រួម សាមគ្គីភាព និងឯកភាពជាតិ និងអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សឆ្នាំ១៩៤៨ ក្នុងការគោរព និងលើកស្ទួយសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕