កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រមាណ៩ពាន់នាក់ នឹងត្រូវបញ្ជូនចេញពីកោះអូគីណាវ៉ា (Okinawa) នៃប្រទេសជប៉ុន ទៅកាន់ទីកន្លែងផ្សេងៗទៀតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៅក្រោមកិច្ចព្រមព្រៀងរួមគ្នាមួយរវាងសហរដ្ឋអាមេរិកនិងជប៉ុន។
កិច្ចព្រមព្រៀងនោះបានត្រូវប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងតូក្យូ។ កងទ័ពជើងទឹកទាំងនោះ នឹងត្រូវរើទៅកាន់កោះហាវ៉ៃ (Hawaii) នៃដែនដីហ្គាម (Guam) របស់សហរដ្ឋអាមេរិកនិងប្រទេសអូស្រ្តាលី។ សេចក្តីប្រកាសនោះ មិនបានប្រាប់ថាតើពេលណាកងទ័ពជើងទឹកទាំងនោះ នឹងត្រូវចាកចេញទេ។
រដ្ឋាភិបាលទីក្រុងតូក្យូ ត្រូវបង់ប្រាក់៣ពាន់១រយលានដុល្លារសម្រាប់សោហ៊ុយដែលគេបានប៉ាន់ប្រមាណថាមានទំហំទឹកប្រាក់៨.៦ពាន់លានដុល្លារដើម្បីរើទៅកាន់ទីតាំងថ្មីនៅកោះហ្គាម។
កិច្ចព្រមព្រៀងនោះ មានគោលបំណងសម្រាលភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំង២លើបញ្ហាវត្តមានយោធាដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកនៅលើកោះអូគីណាវ៉ា ដែលបានក្លាយជាប្រភពនៃការខឹងសម្បាកាន់តែខ្លាំងឡើងដល់ពួកប្រជាជនក្នុងតំបន់ដែលនិយាយថាទីតាំងកងទ័ពនេះ បានធ្វើឲ្យមានសំឡេងរំខាន ការបំពុលនិងឧក្រិដ្ឋកម្ម។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស៊ីរី៖ ការផ្ទុះយ៉ាងខ្លាំងបានធ្វើឲ្យរង្គើរដ្ឋធានីនៃប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ នៅពេលដែលពួកមន្រ្តីអង្គការសហប្រជាជាតិ រង់ចាំពួកអ្នកសង្កេតការណ៍បទឈប់បាញ់គ្នាកាន់តែច្រើនឡើងថែមទៀតដែលនឹងមកដល់ក្នុងប្រទេសនេះ។អាហ្រ្វិកខាងលិច៖ ប្លុកតំបន់អាហ្វ្រិកខាងលិច (ECOWAS) ប្រាប់ឲ្យដឹងថាខ្លួន នឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសម៉ាលីនិងប្រទេសហ្គីណេប៊ីស្សូ (Guinea Bissau) ដើម្បីឃ្លាំមើលអន្តរកាលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីពេលថ្មីៗនេះ។
ស.រ.អា៖ កាលពីថ្ងៃព្រហស្បតិ៍នេះ សេតវិមានប្រាប់ឲ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីការគម្រាមកំហែងធំដុំដែលសហរដ្ឋអាមេរិកប្រឈមមុខមុនពេលខួបលើកទីមួយនៃការសម្លាប់អតីតមេដឹកនាំ អាល កៃដា (al–Qaida) លោក អូសាម៉ា ប៊ីន ឡាដេន (Osama bin Laden) នៅក្នុងប្រទេសប៉ាគីស្ថាននោះទេ។
កូរ៉េខាងជើង៖ អ្នកវិភាគជាតិអាល្លឺម៉ង់២នាក់ និយាយថាកាំជ្រួចផ្លោងអន្តរទ្វីបដែលបានបញ្ចេញក្នុងក្បួនព្យុះហយាត្រាកូរ៉េខាងជើងនៅដើមខែនេះជារបស់ក្លែងក្លាយ។
ប៉ាគីស្ថាន៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក យ៉ូស៊ឺប រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បានបដិសេធនៅថ្ងៃសុក្រនេះ ពីការចុះចេញពីតំណែងមួយថ្ងៃបន្ទាប់ពីតុលាការកំពូលបានរកឃើញកំហុសរបស់លោក ពីការមិនគោរពតុលាការចំពោះការមិនបើករឿងក្តីពុករលួយឡើងវិញប្រឆាំងនឹងប្រធានាធិបតី លោក អាសីហ្វ អាលី ហ្សាដារី (Asif Ali Zardari)។
លីបេរីយ៉ា៖ សហគមន៍អន្តរជាតិកំពុងស្វាគមន៍សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលកាត់ក្តីឲ្យអតីតប្រធានាធិបតីនៃប្រទេសលីបេរីយ៉ា លោក ឆាលីស ថេឡឺ (Charles Taylor) ជាប់ទោសពីបទផ្តល់ជំនួយនិងជំរុញឲ្យមានឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មផ្សេងទៀតប្រឆាំងនឹងមនុស្សជាតិក្នុងប្រទេស សៀរ៉ាឡេអូន (Sierra Leone)។
ដាណឺម៉ាក៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសដាណឺម៉ាក ប្រាប់ឲ្យដឹងថាបុរស៣នាក់ត្រូវបានចាប់ខ្លួននៅជិតរដ្ឋធានីនេះ ពីបទសង្ស័យរៀបចំផែនការវាយប្រហារភេរវកម្ម។