តម្លៃប្រេងបានឡើងថ្លៃខ្ពស់ក្នុងរយៈពេល ៦ខែកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានប្រកាសថា ខ្លួន នឹងលែងឲ្យប្រទេសនានារួចខ្លួនពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំងនោះបន្តទិញប្រេងឆៅរបស់អ៊ីរ៉ង់ ដែលនេះជាចំណាត់ការមួយមានគោលបំណងដាក់ទណ្ឌកម្មប្រេងទាំងស្រុងលើប្រទេសអ៊ីរ៉ង់។
ការលើកលែងការអនុញ្ញាតិចំពោះប្រទេស ៨រួមមាន ប្រទេសនាំប្រេងអ៊ីរ៉ង់ចូលសំខាន់ៗមាន ចិន ឥណ្ឌា ជប៉ុន តួកគី និងកូរ៉េខាងត្បូង មានកំណត់ពេលផុតកំណត់នៅថ្ងៃទី២ ខែឧសភា។
ធនាគារ RBC Capital Markets ដែលជាធនាគារវិនិយោគទុនសាកលលោក បានប្រាប់អតិថិជនថា ខ្លួនរំពឹងនឹងបាត់បង់ប្រេងពី ៧សែនទៅ៨សែនធុងក្នុងមួយថ្ងៃពីទីផ្សារ ជាផលវិបាកនៃការហាមឃាត់នេះ។
ការណ៍នេះនឹងរឹតបន្តឹងការផ្គត់ផ្គង់នៅពេលដែលរដូវត្រូវការប្រេងចាប់ផ្តើមនៅក្នុងតំបន់អឌ្ឍគោលខាងជើង ដែលបានបង្ខំឲ្យប្រទេសនាំប្រេងចូលស្វះស្វែងរកការផ្គត់ផ្គង់កន្លែងផ្សេងទៀត ការស្វែងរកបានធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើង ដោយផលិតផលប្រេងធ្លាក់ចុះក្នុងប្រទេសវ៉េណេស៊ុយអេឡានិងលីប៊ី ពីព្រោះតែភាពចលាចលនិងជម្លោះក្នុងប្រទេស។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានបន្តធ្វើឡើងលើប្រទេសអ៊ីរ៉ង់កាលពីឆ្នាំទៅនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លែអ៊ែរឆ្នាំ២០១៥ ដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អ្នកកាន់ដំណែងមុនលោក ដែលក្នុងនោះរដ្ឋាភិបាលក្រុងតេរ៉ង់ បានយល់ព្រមបញ្ឈប់ការផលិតអាវុធនុយក្លែអ៊ែរ ដើម្បីដោះដូរការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម៕