ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​ឈប់​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ពី​អ៊ីរ៉ង់


លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅ​ក្រសួង​ការបរទេស​អាមេរិក។
លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅ​ក្រសួង​ការបរទេស​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump នឹង​បញ្ចប់​ការ​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់។

លោក Trump បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​លោក​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ឆ្នាំ ២០១៥ មួយ ដែល​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ប្រទេស​អ៊ីរ៉ង់​ជា​ថ្នូរ​ឲ្យ​អ៊ីរ៉ង់​ដាក់​កំហិត​ចំពោះ​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន។

ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​មាន​គោល​បំណង​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ​ផ្លាស់ប្ដូរ​នូវ​អ្វី​ដែល​រដ្ឋបាល​របស់​លោក Trump ហៅ​ថា «ទង្វើ​ដ៏​គ្រោះថ្នាក់‍» របស់​ប្រទេស​អ៊ីរ៉ង់ ដែល​ទង្វើ​ទាំង​នោះ​មាន​ដូចជា​ការ​គាំទ្រ​ចំពោះ​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad និង​ពួក​ឧទ្ទាម Houthi នៅ​ក្នុង​ប្រទេស​យេមែន​ជា​ដើម។

សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ការ​លើកលែង​ទណ្ឌកម្ម​បណ្ដោះ​អាសន្ន​ដល់​ប្រទេស​ចំនួន ៨ នៅ​ពេល​ដែល​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។ ប្រទេស​ទាំង ៨ នោះ​គឺ​ប្រទេស​ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង តួកគី អ៊ីតាលី ក្រិក និង​កោះ​តៃវ៉ាន់។

ចាប់តាំង​ពី​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ប្រទេស​អ៊ីរ៉ង់​មក ប្រទេស​អ៊ីតាលី ក្រិក និង​កោះ​តៃវ៉ាន់​បាន​ឈប់​នាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​នៅ​មុន​ការ​ប្រកាស​របស់​លោក Pompeo នេះ ថា​តើ​ប្រទេស​ផ្សេង​ទៀត​នឹង​តម្រូវ​ឲ្យ​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​នៅ​ពេល​ដែល​ការ​លើកលែង​ទណ្ឌកម្ម​នេះ​ចប់​នៅ​ថ្ងៃ​ទី ២ ខែ​ឧសភា​ខាង​មុខ​នេះ ឬ​ក៏​សហរដ្ឋ​អាមេរិក​ទុក​ពេល​វេលា​មួយ​ចំនួន​ទៀត​ឲ្យ​ប្រទេស​ទាំង​នោះ​ឈប់​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ មុន​ពេល​ដែល​ការ​ផាក​ពិន័យ​ចូល​ជា​ធរមាន៕

XS
SM
MD
LG