ដោយនៅសល់រយៈពេលមិនដល់មួយសប្ដាហ៍ផងមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកចូលមកដល់ មន្ត្រីរដ្ឋាភិបាលអាមេរិកមួយចំនួនបានបង្ហាញក្ដីបារម្ភថា ព័ត៌មានមិនពិតនិងព័ត៌មានប្រឌិត ឬប្រតិបត្តិការជះឥទ្ធិពលណាមួយដែលធ្វើឡើងដោយភាគីប្រឆាំងនឹងសហរដ្ឋអាមេរិក អាចបង្កឱ្យមានអំពើហិង្សាកើតឡើងពាក់ព័ន្ធនឹងការបោះឆ្នោត។
អ្នកស្រី Jen Easterly ប្រធានទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) បានបញ្ជាក់ប្រាប់វេទិកាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា៖ «វាគឺជាក្ដីបារម្ភដ៏ខ្លាំងមួយ»។
អ្នកស្រីលើកឡើងដូច្នេះថា៖ «បច្ចាមិត្តបរទេសអាចប្រើព័ត៌មានប្រឌិតនិងព័ត៌មានមិនពិតដើម្បីសាបព្រោះជម្លោះក្នុងចំណោមពលរដ្ឋអាមេរិកាំង ដើម្បីបំផ្លាញដល់ទំនុកចិត្តលើសុចរិតភាពនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងដើម្បីញុះញង់ឱ្យមានអំពើហិង្សាប្រឆាំងនឹងមន្ត្រីរៀបចំការបោះឆ្នោត»។
ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកក៏មានក្ដីបារម្ភដូចទៅនឹងក្ដីបារម្ភរបស់ទីភ្នាក់ងារ CISA នេះដែរ ដោយបានបញ្ជាក់ថា តាំងពីខែមិថុនាមក ការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនេះអាចជាចំណុចទាក់ទាញឱ្យមានទំនោរទៅរកអំពើហិង្សានៅក្នុងប្រទេសបាន។
ជាងនេះទៀត មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់នានារបស់សហរដ្ឋអាមេរិកបានព្រមានថា ចំនួននៃការគំរាមកំហែងលើបុគ្គលិកនិងមន្ត្រីរៀបចំការបោះឆ្នោតបានកើនឡើងយ៉ាងខ្លាំង ដោយតាំងពីខែមិថុនាឆ្នាំមុនមក មានការគំរាមកំហែងដូចនេះចំនួនជាង ១.០០០ ករណីត្រូវបានគេរាយការណ៍។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Alejandro Mayorkas បានបញ្ជាក់នៅក្នុងសន្និសីទមួយក្នុងរដ្ឋ Virginia កាលពីសប្ដាហ៍មុនថា៖ «វាគឺជាស្ថានភាពគួរឱ្យបារម្ភសោកសៅបំផុតនៅពេលដែលមន្ត្រីរៀបចំការបោះឆ្នោតមានការបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន។ យើងឃើញមានការរាយការណ៍ដែលថាមន្ត្រីរៀបចំការបោះឆ្នោតមួយចំនួនបានបង្ហាញក្ដីបារម្ភដូចនេះ»។
កន្លងមក មន្ត្រីថ្នាក់រដ្ឋនិងថ្នាក់មូលដ្ឋាននានាក៏បានបញ្ជាក់ផងដែរថា ពួកគេឃើញមានការអំពាវនាវនៅលើបណ្ដាញសង្គមអនឡាញឱ្យមានអំពើហិង្សា ដែលក្នុងនោះរួមមានទាំងការគំរាមកំហែងលើមន្ត្រីបោះឆ្នោត និងខ្លះទៀតអំពាវនាវឱ្យមានសង្គ្រាមស៊ីវិលផងដែរ៕
មន្ត្រីនានាបារម្ភថា ព័ត៌មានប្រឌិតអាចបង្កឱ្យមានអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន —