តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល និងតួកគី បានឈានដល់ការចុះកិច្ចព្រមព្រៀងបឋមមួយ ដើម្បីចាប់ផ្តើមស្ដារទំនាក់ទំនងការទូតទាំងស្រុងឡើងវិញ បន្ទាប់ពីត្រូវបានកាត់ផ្តាច់អស់រយៈពេលជាច្រើនឆ្នាំ។ ប្រទេសទាំងពីរដែលធ្លាប់មានសម្ព័ន្ធភាពជិតស្និទ្ធនឹងគ្នា បានបែកបាក់គ្នាបន្ទាប់ពីមានការប៉ះទង្គិចដ៏ប្រល័យមួយនៅឆ្នាំ២០១០ រវាងកងកុម្ម៉ង់ដូអ៊ីស្រាអែល និងក្រុមសកម្មជនតួកគី នៅលើនាវាដឹកអ្នកដំណើរមួយគ្រឿងដែលបានព្យាយាមឆ្លងកាត់តាមច្រកផ្លូវទឹកហាមឃាត់នៃតំបន់ Gaza Strip តាមច្រកផ្លូវទឹកនៃតំបន់ Gaza Strip ដែលត្រូវបានបង្ខាំងដោយអ៊ីស្រាអែល។
យោងតាមសេចក្តីរាយការណ៍មួយចំនួនដែលបានស្រង់សម្តីពួកមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសអ៊ីស្រាអែលនឹងផ្តល់សំណងចំនួនប្រមាណ២០លានដុល្លារ ទៅឲ្យក្រុមគ្រួសាររបស់សកម្មជនតួកគី១០នាក់ដែលត្រូវបានសម្លាប់ដោយកងកុម្ម៉ង់ដូអ៊ីស្រាអែល។ ដើម្បីជាថ្នូរនឹងសំណងនោះ រដ្ឋាភិបាលទីក្រុងអង់ការ៉ានឹងទម្លាក់ចោលការប្ដឹងផ្ដល់ចំពោះអ្នកដែលជាប់ពាក់ព័ន្ធនឹងរឿងក្តីនេះ។ ក៏ប៉ុន្តែ ក្រុមមន្រ្តីតួកគីនៅតែមានការប្រុងប្រយ័ត្ន ដោយនិយាយថា បើទោះបីជានឹងមានការចុះកិច្ចព្រមព្រៀងរកដំណោះស្រាយក៏ដោយ ប៉ុន្តែសេចក្តីសម្រេចនោះមិនទាន់មានជាផ្លូវការនៅឡើយទេ។
លោក Semih Idiz អ្នកសរសេរអត្ថបទនយោបាយនៃកាសែត Cumhuriyet របស់តួកគីបាននិយាយថា ឧបសគ្គចម្បងមួយនៅតែមានដដែល។
«ប្រធានាធិបតីតួកគី លោក Erdogan បានប្តេជ្ញាយ៉ាងមុតមាំធ្វើតាមគោលជំហរមួយដែលបានកំណត់រួចហើយ ហើយលោកនៅតែទទួចឲ្យបញ្ចប់ការឡោមព័ទ្ធតំបន់ Gaza។ ដូច្នេះ ទោះបីជាពួកគេនិយាយអំពីគម្រោងផែនទីផ្លូវមួយក៏ដោយ យើងក៏ត្រូវមើលលើសេចក្តីលម្អិតដែរ។ ប៉ុន្តែ គ្មានអ្វីគួរឲ្យសង្ស័យទេ គឺថាមានសកម្មភាពមួយចំនួនកើតឡើងហើយ»។
ការដកទណ្ឌកម្មសេដ្ឋកិច្ចពីតំបន់ Gaza គឺជាការដកថយមួយរបស់ប្រទេសអ៊ីស្រាអែល ដែលជាហេតុធ្វើឲ្យកិច្ចការព្យាយាមផ្សះផ្សាកាលពីមុនមិនបានសម្រេច។ ប៉ុន្តែ អ្នកវិភាគនិយាយថា គេទំនងជានឹងរកឃើញការសម្របសម្រួលមួយ។ ស្របពេលដែលប្រទេសតួកគីកំពុងតែនៅដាច់ឆ្ងាយពីទំនាក់ទំនងនៅក្នុងតំបន់ តួកគីអាចនឹងមានចំណាប់អារម្មណ៍លើកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីស្រាអែល។
ការនៅឯកោរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា កើតមានកាន់តែខ្លាំងឡើងបន្ទាប់ពីតួកគីបានបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីនៅជិតព្រំដែនប្រទេសស៊ីរី កាលពីខែមុន។ ភាពឯកោនេះមួយផ្នែកក៏ដោយសារតែជំហររបស់ខ្លួនលើសង្រ្គាមនៅស៊ីរីផងដែរ។ វិបត្តិនេះបានដាកសម្ពាធលើប្រទេសតួកគីឲ្យផ្លាស់ប្តូរបង្អែកថាមពលរបស់ខ្លួនទៅកាន់ប្រភពផ្សេងទៀតក្រៅពីប្រទេសរុស្ស៊ី គួបផ្សំនឹងសម្ពាធវែងអន្លាយពីសម្ព័ន្ធភាពបស្ចឹមប្រទេសឲ្យប្រទេសនេះបង្កើតសន្តិភាពជាមួយប្រទេសអ៊ីស្រាអែល។ ប្រទេសតួកគីត្រូវបានគេមើលឃើញថាជាទីផ្សារសម្រាប់ឧស្ម័នបម្រុងធម្មជាតិដែលទើបរកឃើញថ្មីរបស់អ៊ីស្រាអែល។
ប៉ុន្តែ លោក Soli Ozel អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យ Kadir Has ទីក្រុងអ៊ីស្តង់ប៊ុល និយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នាពេលថ្មីៗដែលអាចឲ្យទីក្រុងតេហេរ៉ង់ដើរតួនាទីកាន់តែធំនៅក្នុងទីផ្សារថាមពលពិភពលោកនោះ អាចជាកម្លាំងជំរុញពិតប្រាកដដែលនៅពីក្រោយកិច្ចខិតខំផ្សះផ្សានេះ។
«មានចំណុចសំខាន់ផ្នែកយុទ្ធសាស្រ្ត និងរចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ដែលជាស្នូលនៃរឿងនេះ។ កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ នឹងត្រូវអនុវត្តនាពេលនិទាឃរដូវនេះ។ ខ្ញុំជឿថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ កំពុងត្រៀមខ្លួនសម្រាប់ពេលបន្ទាប់ពីទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានដកចេញពីប្រទេសរបស់ខ្លួន ហើយខ្ញុំគិតថា គ្រប់គ្នាមានតួនាទីរៀងៗខ្លួន។ នៅពេលដែលផលប្រយោជន៍របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីស្រាអែលដើរស្របគ្នាហើយនោះ ខ្ញុំយល់ថាប្រទេសតួកគីក៏ត្រូវដល់ពេលសម្របខ្លួនដែរ»។
ទាំងរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម និងទីក្រុងអង់ការ៉ា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដូចគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ ទោះបីជាពេលនេះ ការផ្សះផ្សារវាងអ៊ីស្រាអែល និងតួកគីនៅតែមានឧបសគ្គនៅឡើយក៏ដោយ ក៏មានសញ្ញានៃការផ្សះផ្សាលេចចេញពីប្រទេសទាំងពីរហើយដែរ៕
ប្រែសម្រួលដោយ សើ សាយ្យាណា