ប្រទេសអ៊ីស្រាអែល (Israel) បានប្រគល់ប្រាក់រាប់រយលានដុល្លារនៃប្រាក់ចំណូលពន្ធដារទៅឲ្យប្រទេសប៉ាឡេស្ទីន (Palestine) ដែលប្រាក់នេះខ្លួនបានផ្អាកអស់មួយរយៈកាលមកហើយ ដើម្បីជាការដាក់ទណ្ឌកម្មមួយដល់ពួកប៉ាឡេស្ទីន ដែលចូលរួមក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនិយាយថា៖ «ដោយយោងដល់ស្ថានការណ៍ចុះដុនដាបនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា គេត្រូវតែចាត់វិធានការប្រកបដោយការទទួលខុសត្រូវនិងមានការពិចារណាព្រមទាំងការតស៊ូប្រកបដោយការប្តេជ្ញាចិត្តប្រឆាំងនឹងពួកជ្រុលនិយម»។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយយោងដល់កង្វល់ខាងមនុស្សធម៌ផងដែរ។
លោក Jeff Rathke អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បានហៅវិធានការនេះថា ជាជំហានដ៏សំខាន់មួយដែលជួយធ្វើឱ្យស្ថានភាពក្នុងភូមិភាគមជ្ឈឹមបូព៌ាមានស្ថិរភាព។ លោកបាននិយាយថា ស.រ.អា.សង្ឃឹមថាភាគីទាំងពីរនឹងចាត់វិធានការបន្តពីជំហាននេះដើម្បីធ្វើចលនាទៅមុខនិងបន្ធូរបន្ថយភាពតានតឹង។
ប្រទេសអ៊ីស្រាអែលបានប្រកែកមិនព្រមផ្ទេរប្រាក់នេះចាប់តាំងពីខែមករាមក នៅពេលដែលអាជ្ញាធរប៉ាឡេស្ទីន បានប្រកាសផែនការចូលរួមក្នុងតុលាការអន្តរជាតិនេះដែលនៅទីនោះអាជ្ញាធរប៉ាឡេស្ទីន អាចធ្វើការចោទប្រកាន់ប្រឆាំងនឹងអ៊ីស្រាអែលអំពីឧក្រិដ្ឋកម្មសង្គ្រាម៕