អ្នកតាមដាន និងអ្នកជំនាញ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតលើករណីសូកប្រាក់ដើម្បីទទួលបានតួនាទីមន្រ្តីរាជការ ពាក់ព័ន្ធនឹងលោក លី សាម៉េត ដែលត្រូវបានលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាទម្លាយថា បោកប្រាស់ប្រាក់គេរាប់ម៉ឺនដុល្លារអាមេរិក។
កាលពីថ្ងៃទី៧ ខែតុលា អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា លោក លី សាម៉េត ទីប្រឹក្សារបស់លោកតែងប្រើឈ្មោះរបស់លោក ដើម្បីបោកប្រាស់លុយគេ ហើយក្នុងនោះមានការបោកលុយពីឈ្មោះសុខ ឡេង ចំនួន១០លានដុល្លារអាមេរិក បោកលុយចំនួន២៣ម៉ឺនដុល្លារពីឈ្មោះមួង ឃីម និង យកលុយលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្រោយមានការទម្លាយពីលោក ហ៊ុន សែន លោក កន សុខកាយ ត្រូវបានបញ្ចប់តំណែងពីអភិបាលស្រុកល្វាឯម ក្រោមហេតុផលថា«ប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការដកតំណែងលោក កន សុខកាយ។ លោកបន្ថែមថា រដ្ឋាភិបាលក៏គួរតែស៊ើបអង្កេតជនសង្ស័យ ដោយប្រើច្បាប់«ប្រឆាំងអំពើពុករលួយ» ហើយក្នុងករណីរកឃើញកំហុស ទាំងអ្នកស៊ីសំណូក និងអ្នកសូកប៉ាន់ត្រូវទទួលទោសដូចគ្នា។
លោកប្រាប់វីអូអេថា៖ «យោងតាមច្បាប់ប្រឆាំងអំពើពុករលួយ ការស៊ីសំណូក សូកប៉ាន់ ទាំងស៊ី ទាំងសូក ត្រូវជាប់នៅក្នុងបទសង្ស័យពីការប្រព្រឹត្តនូវការស៊ីសំណូកសូកប៉ាន់ ឬការប្រព្រឹត្តអំពើពុករលួយដូចគ្នា។ ក្នុងករណីយើងឃើញនេះ ជាព័ត៌មានបឋម ជាការសង្ស័យថា ជាប់ពាក់ព័ន្ធ។ អ៊ីចឹងសាមីខ្លួនអាចការពារខ្លួនតាមច្បាប់ដែលមានជាធរមាន។ អ៊ីចឹងខ្ញុំគិតថា យើងគួរតែអនុវត្តច្បាប់ដែលមាន មានន័យថា បើមានការសង្ស័យថាជាប់ពាក់ព័ន្ធ ជាពិសេសមន្ត្រីរាជការដែលស៊ីសំណូកសូកប៉ាន់ហ្នឹងទៀត គួរតែមានការស៊ើបអង្កេត ដើម្បីស្វែងរកការណ៍ពិត រកភស្តុតាងបន្ថែម»។
បើតាមលោក ប៉ិច ពិសី កាលណាមានការសូកប៉ាន់ ដើម្បីទទួលបានតំណែង នោះវានឹងបណ្តាលឱ្យមានទំនាស់ផលប្រយោន៍ក្នុងការបម្រើសេវាសាធារណៈ ប៉ះពាល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ ហើយការអនុវត្តផែនការ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក៏មិនបានល្អ។ ដូច្នេះលោកថា រដ្ឋាភិបាលត្រូវតែទប់ស្កាត់បញ្ហានេះ ដើម្បីអាចទទួលបានមន្ត្រីដែលមានសមត្ថភាព និងជំនាញពិតប្រាកដដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តការងារសាធារណៈ។
លោកថ្លែងថា៖ «ជាធម្មតា បើសិនជាមន្ត្រី គាត់បានតំណែងដោយផ្អែកលើការសូកប៉ាន់ ទីមួយគាត់អាចមិនមែនជាមន្ត្រីដែលមានជំនាញទេ។ ទីពីរ គាត់នឹងមានទំនាស់ផលប្រយោជន៍ច្រើន ព្រោះការសូកលុយដើម្បីបានតំណែង ដូចការវិនិយោគរបស់គាត់អ៊ីចឹង មានន័យថា គាត់ត្រូវតែរកប្រាក់ចំណូលវិញឱ្យគ្រប់លុយដែលសូក ឬអាចលើសហ្នឹង។ អ៊ីចឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តការងារសាធារណៈ និងមានបញ្ហា ហើយអាចឈានទៅដល់ទំនាស់ផលប្រយោជន៍ច្រើននៅក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគាត់ហ្នឹង»។
លោក មាស នី អ្នកវិភាគនយោបាយ និងសង្គម ថ្លែងថា ប្រជាពលរដ្ឋតែងតែនិយាយថា ការងារកន្លែងខ្លាញ់ត្រូវការសូកលុយច្រើនដើម្បីទទួលបានតំណែងនោះ។
លោកបញ្ជាក់បន្ថែមថា៖ «ហេតុអ្វីបានជាខ្ញុំថា កន្លែងខ្លាញ់គេយកច្រើន ព្រោះកន្លែងខ្លាញ់ គេគិតថា បើគេទៅកាន់តំណែងហ្នឹង យ៉ាងយូរ២ ឬ៣ឆ្នាំ គេនឹងរកលុយបានប៉ុណ្ណឹង។ អានេះជារឿងធ្លាប់កើតមានពីមុនៗ ដល់អ៊ីចឹងទៅ វាធ្វើឱ្យមនុស្សត្រូវការតំណែងហ្នឹង។ វាសំខាន់មិនមែនទៅបម្រើជាតិទេ គឺទៅដើម្បីរកលុយយកមក។ អាហ្នឹងគេហៅថា ជាការវិនិយោគ»។
លោក មាស នី ជំរុញឱ្យមានការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធទាំងអស់ មិនមែនត្រឹមតែដកតំណែងអភិបាលស្រុកល្វាឯម និងការតាមចាប់ខ្លួនលោក លី សាម៉េត នោះឡើយ។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ធ្លាប់ប្រាប់វីអូអេថា ការធានាអះអាងពីការផ្ទេរតំណែង និងការយកឈ្មោះរបស់មន្ត្រីសាធារណៈទៅប្រើដើម្បីបោកប្រាស់គេ គឺជាទម្រង់នៃអំពើពុករលួយ រំលោភអំណាច និងខុសច្បាប់។ លោកបន្ថែមថា អ្នកស៊ី និងអ្នកសូកស្ថិតនៅក្នុងសកម្មភាពនៃការរំលោភអំណាចដូចគ្នា ហេតុនេះលោកស្នើឱ្យចាត់វិធានការផ្លូវច្បាប់ដូចគ្នា។
លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់វីអូអេថា ពាក់ព័ន្ធករណីលោក លី សាម៉េត និងលោក កន សុខកាយ អង្គភាពប្រឆាំងអំពើពុករលួយកំពុងតែពិនិត្យមើល មុននឹងមានចំណាត់ការបន្ទាប់។
លោកថ្លែងថា៖ «យើងត្រូវការព័ត៌មានបន្ថែមទៀត ពីព្រោះថា គ្រប់ករណីទាំងអស់ យើងមានព័ត៌មាន យើងមានឯកសារហើយបានយើងធ្វើការវាយតម្លៃថា តើជំហានរបស់យើងបន្ទាប់ទៀត យើងធ្វើអី?អ៊ីចឹងមិនទាន់និយាយថា ស៊ើបអង្កេត ឬក៏ធ្វើអីទេ ដោយសារតែ ដូចខ្ញុំជម្រាបអ៊ីចឹង។ទីមួយ គឺកំពុងស្ថិតនៅដំណាក់កាលក្រសួងយុត្តិធម៌លោកកំពុងបំពេញការងារ ហើយទីពីរ គឺយើងនឹងធ្វើការវាយតម្លៃទៅលើអ្វីដែលយើងប្រមូលបានសិន»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរអំពីការស្វែងរកចាប់ខ្លួនលោក លី សាម៉េត បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមដែលត្រូវបានដកតំណែងបានដែរ។
លោក លី សាម៉េត ជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ហើយតែងតែចេញមុខជាមួយលោក ដួង តារា ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន ក្នុងភាពជាតំណាងរបស់លោក ហ៊ុន សែន នៅក្នុងកម្មវិធីមួយចំនួនជាបន្តបន្ទាប់។
បន្ទាប់ពីលោក ហ៊ុន សែន ទម្លាយរឿងលោក លី សាម៉េត សារព័ត៌មានក្នុងស្រុកបានចុះផ្សាយនៅថ្ងៃសុក្រថា លោក ដួង តារា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយ ថា តើពាក់ព័ន្ធនឹងករណីអ្វីទេ៕
វេទិកាបញ្ចេញមតិ