សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៧មក ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល និងសំឡេងក្រុមប្រឆាំង នៅមុនការបោះឆ្នោតជាតិ។ ស្ថានការណ៍នេះ មានលក្ខណៈកាន់តែអាក្រក់ឡើងថែមទៀតនៅឆ្នាំ ២០២០ នេះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសារព័ត៌មានគ្មានព្រំដែន Reporters Sans Frontières (Reporters Without Borders) ឬហៅកាត់ជាភាសាបារាំងថា RSF ដែលចេញផ្សាយនៅមុនទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃអាទិត្យទី៣ឧសភានេះ។
អង្គការឃ្លាំមើលសេរីភាពសារព័ត៌មាននេះ ដែលមានទីស្នាក់ការធំនៅទីក្រុងប៉ារីស ប្រទេសបារាំង បាននិយាយនៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង ៣៥ ឆ្នាំមកហើយ «បានបង្កើនប្រព័ន្ធបង្ក្រាបលើសំឡេងប្រឆាំង»។
សន្ទស្សន៍ស្តីពីសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២០ របស់អង្គការ RSF នេះ បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពកាន់តែអាក្រក់ ដោយបានទម្លាក់ពិន្ទុរបស់កម្ពុជាមួយលេខថែមទៀត គឺរហូតដល់លំដាប់លេខរៀងទី១៤៤ក្នុងចំណោមប្រទេស ១៨០ បើធៀបនឹងពិន្ទុឆ្នាំ ២០១៩។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលបានលាចេញពីតំណែងពីអង្គការសារព័ត៌មានឯករាជ្យមួយនេះ ក្នុងចំណោមអង្គការសារព័ត៌មានឯករាជ្យតែពីរបី ដែលនៅដំណើរការក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ កាលពីថ្ងៃសៅរ៍ទី ២៤ ខែមេសា យ៉ាងដូច្នេះថា៖
«ការគំរាមកំហែងទៅដល់សេរីភាពអ្នកសារព័ត៌មាន ការបំភិតបំភ័យតាមរយៈការប្តឹងផ្តល់ ការចោទប្រកាន់ ការចាប់ខ្លួនជាដើមនិង ប្រព័ន្ធផ្សព្វផ្សាយគ្មានភាពចម្រុះគឺមានតែម្ខាងៗជាដើម ទាំងអស់ហ្នឹងហើយ គឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងដោយរបាយការណ៍នៃអ្នកសារព័ត៌មានគ្មានព្រំដែនហ្នឹងបាទ»។
លោក ណុប វី ដែលបច្ចុប្បន្នជានាយកប្រតិបត្តិអង្គការដែលទើបបង្កើតថ្មីមួយឈ្មោះថា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍បន្តទៀតថា អ្នកសារព័ត៌មាននៅតែបន្តរងការយារយី និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់ពួកគេ។
«ខ្ញុំឃើញថា ការអនុវត្តចំពោះអ្នកសារព័ត៌មានសេរី ឬក៏អ្នកសារព័ត៌មាន ដែលគាត់រំលេចអំពីបញ្ហាសង្គមនានាជូនទៅដល់រាជរដ្ឋាភិបាល គាត់ចុះយកព័ត៌មានទាក់ទងនឹងបទល្មើសព្រៃឈើផ្សេងៗ ខ្ញុំឃើញនៅមានការគាបសង្កត់ ការគំរាមកំហែង ការចុះទៅឃ្លាំមើល ការព្រមានចាប់ខ្លួនឬក៏ឃាត់ខ្លួនអីអញ្ចឹងជាដើម»។
ទោះបីជារដ្ឋធម្មនុញ្ញកម្ពុជាធានាសេរីភាពសារព័ត៌មានក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយភាគច្រើន ត្រូវបានគ្រប់គ្រងយ៉ាងណែនដោយគណបក្សប្រជាជនកម្ពុជានិងសម្ព័ន្ធភាពរបស់បក្សកាន់អំណាចនេះដែរ។ នេះបើយោងតាមក្រុមអ្នកឃ្លាំមើល។
ក្រុមអ្នករិះគន់លើកឡើងថា នៅពេលដែលគណបក្សប្រជាជនកម្ពុជាបានព្យាយាមក្តោបក្តាប់អំណាចមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ ២០១៨ នោះ មានការកើនឡើងនូវករណីគំរាមកំហែង ចោទប្រកាន់និងការវាយប្រហារទៅលើអ្នកសារព័ត៌មានឯករាជ្យ សកម្មជននយោបាយនិងសកម្មជនអង្គការសង្គមស៊ីវិល។
វិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួនប្រចាំក្រុងភ្នំពេញនៅខែកញ្ញា ឆ្នាំ ២០១៧ ដោយលើកហេតុផលអំពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាល «ដែលគេមិននឹកស្មានដល់»ទៅលើប្រព័ន្ធផ្សព្វផ្សាយ។
នៅត្រឹមចុងឆ្នាំ ២០១៧ រដ្ឋាភិបាលកម្ពុជា បានបិទស្ថានីយ៍វិទ្យុជាង ២០ ដែលស្ថានីយ៍ខ្លះ បានផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងវីអូអេ។
កាសែត The Cambodia Daily ដែលផ្សាយជាភាសាអង់គ្លេស និងដែលបានជួយបណ្តុះបណ្តាលអ្នកកាសែតកម្ពុជា ព្រមទាំងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីរបស់កម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយនោះ ក៏ត្រូវបង្ខំចិត្តបិទដែរ។
អតីតអ្នកយកព័ត៌មានពីរនាក់នៃកាសែតនេះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ ហើយអតីតអ្នកយកព័ត៌មានពីរនាក់ទៀតរបស់វិទ្យុអាស៊ីសេរី ក៏ត្រូវបានកាត់ទោសពីបទចារកម្មផងដែរ។ អ្នកកាសែតទាំង៤នាក់ដែលរងការចោទប្រកាន់និងក្រុមអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បាននិយាយថាការចោទប្រកាន់ទាំងនេះគឺជាការប៉ុនប៉ងខ្ទប់សំឡេងរបស់ពួកគេតែប៉ុណ្ណោះ។
ថ្មីៗនេះ អាជ្ញាធរកម្ពុជា ក៏បានចាប់ឃុំខ្លួនអ្នកកាសែតនិងដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ។
លោក ណុប វី មានប្រសាសន៍ថា៖ «ក្នុងដំណាក់កាលចុងក្រោយនេះ ការបង្ក្រាបទៅលើTVFB រហូតឈានទៅដល់ការដកអាជ្ញាប័ណ្ណទៅទៀតនោះគឺជាផ្នែកមួយនៃការបង្ក្រាបទៅលើការអនុវត្តតួនាទីប្រព័ន្ធផ្សព្វផ្សាយដែលមិនមាននិន្នាការក្នុងការផ្សព្វផ្សាយតែសកម្មភាពរបស់រដ្ឋាភិបាលហ្នឹងឯង»។
កាលពីថ្ងៃទី៧ ខែមេសា អាជ្ញាធរ បានចាប់ខ្លួនអគ្គនាយកសារព័ត៌មាន TVFB គឺលោក សុវណ្ណ រិទ្ធី ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ក្រោយពីបានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅផ្សាយលើទំព័រ Facebook។
លោក Daniel Bastard នាយកអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ្រិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«ការចាប់អ្នកកាសែតដាក់គុក ដោយសារតែការដកស្រង់សម្តីដើមទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រី គឺជារឿងលើសពីមិនសមហេតុផលទៅទៀត»។
ក្រសួងព័ត៌មានកម្ពុជា ក៏បានសម្រេចដកអាជ្ញាប័ណ្ណសារព័ត៌មាន TVFB ក្រោយពីការចាប់ខ្លួនចាងហ្វាងសារព័ត៌មាននេះរួចហើយ។
កាលពីថ្ងៃទី២៧ ខែមេសា ក្រសួងព័ត៌មាន ក៏បានដកអាជ្ញាប័ណ្ណសារព័ត៌មានមួយទៀតឈ្មោះចក្រវាឡធីវីអនឡាន (CKV TV Online) ដោយអាជ្ញាធរចាត់ទុកការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយនេះថា «រំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាននាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្លាប់សាធារណៈ»។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេថា រដ្ឋាភិបាលមិនបានរឹតត្បិតសេរីភាពសារព័ត៌មានឬក៏ធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានទេ។
លោកចាត់ទុកការវាយតម្លៃរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា សំឡឹងមើលតែលើភាពអវិជ្ជមានរបស់កម្ពុជាប៉ុណ្ណោះ។
«អង្គការមួយនេះ [RSF] គាត់មិនដែលមើលឃើញស្អីដែលគាប់ប្រសើរល្អនៅកម្ពុជាទេ ប្រសិនបើធៀបនឹងស្ថានភាពប្រទេសដទៃ គាត់មើលមិនឃើញទេ»។
ឆ្លើយតបទៅនឹងការចាប់ខ្លួនអ្នកសារព័ត៌មាននិងការដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ លោក លោក អ៊ុក គឹមសេង មានប្រសាសន៍ថា៖
«អ្នកទាំងនោះ ពុំបានធ្វើទៅតាមតួនាទីនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានទេ»។ ប៉ុន្តែ លោកបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើករណីពាក់ព័ន្ធនឹងអ្នកកាសែត The Cambodia Daily និងអាស៊ីសេរីទេ ដោយលោកថាសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។
លោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរកម្ពុជា បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាន៍មួយថា ទោះបីជារូបលោកនិងសហសេវិករបស់លោកគឺលោក អ៊ួន ឈិន ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្នក៏ដោយ ក៏សេរីភាពរបស់លោកទាំងពីរ នៅមិនទាន់មានពេញលេញដែរ។
«បើងាកមើលមកជ្រុងសម្រាប់ពួកខ្ញុំគឺទាំងពីរនាក់ហ្នឹង សេរីភាពរបស់ពួកខ្ញុំនៅតែអត់មានទេ។ ពួកខ្ញុំរស់នៅដូចជាសត្វក្នុងទ្រុងអញ្ចឹង។ បើយើងនិយាយពីគុក គឺដូចជាគុកឥតជញ្ជាំង គឺយើងគ្មានសេរីភាពដើរហើរឆ្លងប្រទេសដូចប្រជាពលរដ្ឋដទៃទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេថា កម្ពុជា បានបោះជំហានដ៏ធំមួយហើយ ដើម្បីសេរីភាពសារព័ត៌មាន ដោយការបង្កើតឲ្យមានអ្នកនាំពាក្យនៅតាមស្ថាប័នរដ្ឋាភិបាលនិងការជួបពិសារអាហា រួមគ្នាប្រចាំឆ្នាំរវាងអ្នកសារព័ត៌មាននិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាដើម។
លោកបន្តថា ថ្វីត្បិតតែអ្នកសារព័ត៌មាននៅកម្ពុជា មានសេរីភាពក្នុងការរាយការណ៍ព៏ត៌មាន ពួកគេក៏ត្រូវមានការទទួលខុសត្រូវផងដែរ។
«នៅក្នុងបរិបទនៃប្រជាជាតិដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ បានសេចក្តីថាជាសង្គមចំហមួយ យើងត្រូវការអ្នកសារព័ត៌មានដែលមានសេរីភាព ប៉ុន្តែ អ្នកសារព័ត៌មានត្រូវតែទទួលខុសត្រូវចំពោះមុខនៅក្នុងការផ្សព្វផ្សាយនិងក្នុងការនិយាយរបស់ខ្លួន»។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេថា ទោះបីជាសេរីភាពសារព័ត៌មានកម្ពុជានាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងសម័យមុនទាំងអស់ ក៏អាជ្ញាធរគួរតែធ្វើការងារច្រើនថែមទៀត។
«អាជ្ញាធរមួយចំនួននៅប្រកាន់អាកប្បកិរិយាមួយមិនទាន់ទូលំទូលាយចំពោះសារព័ត៌មាន។ដូច្នេះ នៅពេលដែលអ្នកសារព័ត៌មានមួយចំនួនប្រើសិទ្ធិសេរីភាពរបស់ខ្លួនមិនបានពេញលេញ មិនត្រឹមត្រូវហាក់ដូចជាបានបំពានទៅលើអ្នកផ្សេងហ្នឹង ខណៈដែលអាជ្ញាធរមួយចំនួនចាត់វិធានការទៅវិញ វាលើស»។
លោកបន្ថែមថា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននេះ ទាំងអាជ្ញាធរ ទាំងអ្នកសារព័ត៌មាន គប្បីព្យាយាមឆ្វេងយល់បន្ថែមទៀតពីតួនាទីនិងការទទួលខុសត្រូវក្នុងសង្គមរវាងគ្នាទៅវិញទៅមក៕
លោក អូន ឆេងប៉រ នៃវីអូអេ រាយការណ៍បន្ថែមពីរាជធានីភ្នំពេញ