ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ រំពឹង​ថា​បរិយាកាស​នយោបាយ​នឹង​ធូរស្រាល​ឡើងវិញ


រូបឯកសារ៖ តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ (REUTERS/Channa)
រូបឯកសារ៖ តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ (REUTERS/Channa)

អ្នក​តាមដាន​និង​វិភាគ​នយោបាយ​និង​សង្គម​កម្ពុជា​យល់​ថា ​ការណ៍​​ព្រលយ​ពី​តម្រុយ​ការ​ចរចា​នេះ​ ជា​សញ្ញាណ​វិជ្ជមាន​ ដែល​នឹង​​អាច​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ។

អ្នក​តាម​ដាន​ និង​វិភាគ​នយោបាយ​កម្ពុជា​ មើល​ឃើញ​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ​ហាក់​ដូចជា​ចុះ​កម្ដៅ​បន្តិច​វិញ​ក្នុងរយៈ​ពេល​លើស​២៤​ ម៉ោង​ចុងក្រោយ​នេះ ពោល​គឺ​ក្រោយ​ពី​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន​ បាន​បង្ហើប​ថា ​សភា​ជា​កន្លែង​សម្រាប់​ចរចា​ ​និង​ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ នៅ​មុខ​មន្ទីរ​ឃុំឃាំង​ព្រៃស​កាល​ពី​ថ្ងៃ​ពុធ​ថា​គណបក្ស​លោក​មាន​គម្រោង​ងាក​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ។​

លោក សុន ឆ័យ​ ថ្លែង​ថា​ គណបក្ស​ប្រឆាំង​នឹង​យក​មតិយោបល់​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​រួម ​ហើយ​ឲ្យ​តម្លៃ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ស្មើ​គ្នា​ទៅ​នឹង​អាយុ​ជីវិត​អ្នកនយោបាយ។

«បញ្ហា​ធ្វើ​បាតុកម្ម ទោះបីជា​ជម្រើស​ចុងក្រោយ​យ៉ាងណា ក៏​ត្រូវ​តែ​ខិត​ខំ​ឲ្យ​បាន​ជា​អតិបរមា​ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​តាម​ការ​ជជែក​គ្នា​រវាង​គណបក្ស​ទាំងពីរ។ យើង​ជា​គណបក្ស​មួយ​ដែល​យក​យោបល់​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ធ្វើ​ជា​ការសម្រេច​រួម។ ជីវិត​មនុស្ស​យើង​ មាន​តម្លៃ​ដូចគ្នា។ មិនមែន​ថា​តំណាងរាស្ត្រ ព្រឹទ្ធសភា​មាន​តម្លៃ​ថ្លៃ​ជាង​មនុស្ស​ទូទៅ​ទេ»។

លោក​លើក​ឡើង​បែប​នេះ ​ពេល​ដែល​ចេញ​ពី​សួរ​សុខ​ទុក្ខ​អ្នក​នយោបាយ ​មន្ត្រី​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មជន​ដែល​នៅ​ជាប់​ឃុំឃាំង គឺ​មួយ​ថ្ងៃ​ក្រោយ​ លោក​ ​ហ៊ុន​ សែន​ ថ្លែង​ថា​កន្លែង​តែ​មួយ​គត់​ដើម្បី​និយាយ​គ្នា​គឺ​នៅ​សភា ដែល​ជា​កន្លែង​ដែល​អាច​បង្កើត​ការយោគយល់​គ្នា​បាន​រវាង​អ្នក​នយោបាយ។​

អ្នក​តាមដាន​និង​វិភាគ​នយោបាយ​និង​សង្គម​កម្ពុជា​យល់​ថា ​ការណ៍ព្រលយ​ពី​តម្រុយ​ការ​ចរចា​នេះ​ ជា​សញ្ញាណ​វិជ្ជមាន​ ដែល​នឹងអាច​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ ពេល​ដែល​គណបក្ស​ធំៗ​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ​ កំពុង​បង្ហាញ​ចេតនា​ពី​ការ​ជ្រើសរើស​ការ​ជជែក​គ្នា​ដោយ​សន្តិវិធី​ ជាជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ។​

លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)
លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)

លោក មាស នី ​អ្នក​វិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម បាន​ប្រាប់​VOA​ថា៖

«សញ្ញាណ​វិជ្ជមាន​ពីរ​ក្នុង ២៤​ម៉ោង​ចុងក្រោយ​នេះ លោក​ ហ៊ុន សែន ថា​បើ​មាន​ការ​និយាយ​អី​ឲ្យទៅ​សភា ដែល​ហាក់​ដូចជា​បើកភ្លើង​ខៀវ​ឲ្យ​គណបក្ស​ប្រឆាំង​ គណបក្ស​ប្រឆាំង​ក៏​ដូចជា​បង្ហាញ​ជំហរ​ពី​ការ​ចូល​ទៅ​សភា។ អ្វី​ដែល​ជា​ជំហរ​ប្រកាស ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​ យ៉ាង​ហោច​ណាស់​ក៏​បង្ហាញ​ប្រជា​ពល​រដ្ឋ​ឲ្យ​មាន​ការ​សប្បាយ​ចិត្ត​ដែល​គណបក្ស​ទាំងពីរ​អាច​និយាយ​គ្នា​បាន»។

លោក​បន្ត​ទៀត​ថា បើ​ស្ថាន​ភាព​នយោបាយនៅ​តែ​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​ដោយ​ការ​ប្រើ​វោហារ​សព្ទ​ព្រមាន​ពី​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ពី​បក្ស​ប្រឆាំង​ ​និង​ការ​បង្ហាញ​កម្លាំង​ទ័ព​ពី​បក្ស​កាន់​អំណាច នៅ​បន្ត​បែបនេះ​ទៀត​នោះ​ នោះ​គណបក្ស​ទាំង​ពីរ​ប្រាកដ​ជាដើរ​ដល់​ផ្លូវ​ទ័ល​ច្រក​រៀងៗខ្លួន។

«គណបក្ស​សង្គ្រោះជាតិ​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រើ​កម្លាំង​គាំទ្រ​ប្រជាជន​មក​ដាក់​គំនាប​លើ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ ក៏​អត់​មាន​ជម្រើស​អី​ក្រៅ​ពី​ការ​ត្រៀម​កម្លាំង​ប្រដាប់​អាវុធ​រួចស្រេច​ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ​ខ្មែរ​គ្នាឯង​ដែល​អត់​អាវុធ»។

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

រីឯ​លោក ​គល់​ បញ្ញា​ ​នាយក​ប្រតិបត្តិ​នៃ​អង្គ​ការ​ Comfrel​ (ខុមហ្រែ្វល) ​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​វិញ​ ​ប្រាប់​VOAថា​ ក្នុង​កិច្ចការ​ងារ​នយោបាយ​មាន​តែ​ការ​ចរចា​ប៉ុណ្ណោះ​ដែល​អាច​បង្កើត​ជា​ដំណោះ​ស្រាយ​ដែល​មាន​ទំនោរ​ទៅ​រក​សន្តិភាព។

លោក​ប្រាប់​ទៀត​ថា​ ​ ទោះបី​ជា​បា​ន ឬ​មិន​បាន​ផលយ៉ាង​ណា​ក្ដី​ ការ​ស្នើ​ឲ្យ​មាន​ការចរចា​ ឬ​ការ​ព្រម​ទទួល​យក​ការ​ចរចា​នោះ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ប្រទេស​ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។

«ការចរចា​ឬ​សន្ទនា ​ជា​ដំណើរ​ការ។​ នៅ​ក្នុង​កិច្ចការ​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​ចរចា​រហូត​ ជួន​កាល​វា​បាន​ផល​ ជួន​វា​មិន​បាន​ផល​ តែ​ម្នាក់ៗ ​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​ប្រើ​ប្រាស់​ការ​ចរចា ការ​ពិភាក្សា​គ្នា​ជា​មធ្យោបាយ»។

លោក​ថា នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​ ហើយ​គណបក្ស​នយោបាយ​គួរ​ក្រឡេក​ទៅ​មើល​ដំណើរ​នៃ​ការ​ចរចា​សន្តិភាព​មុនៗ។​

​«ទម្លាប់​ ឬ​ប្រតិបត្តិ​កន្លង​មក​ដែល​យើង​បាន​ធ្វើ​កាល​ពីឆ្នាំ១៩៩១​ ពេល​យើង​ចាប់​ផ្ដើម​រៀប​ចំ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​និយាយ​មក​យើង​ធ្លាប់​មាន​ការ​ប្រើប្រាស់​កិច្ច​សន្ទនា​គ្នា​ខាង​នយោបាយ​ដែរ កន្លងមក​ទោះ​ជា​គ្មាន​ក្រប​ខណ្ឌ​ច្បាស់​លាស់​ក្ដី​ ក៏​យើង​ធ្លាប់​បាន​អនុវត្ត​ហើយ​មាន​ពិសោធន៍​ទៀត»។

តាមរយៈ​ការ​ឆ្លើយឆ្លង​ជា​សាធារណៈ តាម​បណ្ដាញ​ព័ត៌មាន​នានា​ ​ទាក់​ទិន​នឹង​ទំនោរ​ទៅ​រក​ដំណើរ​ការ​ចរចា​ថ្មីៗនេះ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ម៉ៅ មុនីវណ្ណ ​ប្រាប់​VOAថា​ គណ​បក្ស​លោក​មិន​ដែល​ធ្វើ​ពហិការ​មិន​ចូល​សភា​ទេ ​ហើយ​ការចរចា​តាម​នីតិរដ្ឋ​គឺជា​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

«គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​ធ្វើ​ពហិការ​ទេ។ ភាព​ជាក់លាក់​មួយ​ដែល​ខ្មែរ​និង​ខ្មែរ​ជជែក​គ្នា​ អាច​សន្ទនា​គ្នា​ទៅ​ យើង​នឹង​បន្ត​ការ​ជជែក​គ្នា​ក្នុង​ស្ថាប័ន​រ​ដ្ឋ​សភា​នេះ​ឯង​បាទ»។

លោក សួស​ យ៉ារ៉ា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន​ សែន ​បញ្ជាក់​ដែរ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​មិន​ធ្វើអ្វី​បាន​ក្រៅ​ពី​តែ​ការ​ជជែក​គ្នាក្នុង​សភា​ដែរ​នា​ពេល​នេះ។

«យើង​អត់​ធ្វើការ​អី​ក្នុង​លទ្ធភាព​នៃ ការ​ឆ្លើយឆ្លង​តាមវិទ្យុ​តាម​អី​ណា​ជា​ផ្លូវកាត់​ទេ តែ​អ្វី​ដែល​យើង​ធ្វើការ​គឺ​ក្រោម​ដំបូល​នៃ​រដ្ឋសភា»។

កាល​ពី​ចុង​ខែ​សីហា និង​ដើមខែ​កញ្ញា​ឆ្នាំ​២០១៦​ មុន​និង​ក្រោយ​ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ព​ចម្រុះ​ទាំង​ជើង​គោក​ ជើង​ទឹក​ ​និង​ជើងអាកាស​ ក្បែរ​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ​ខណ្ឌ​មាន​ជ័យ។​

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ក្នុង​រឿង​ក្ដី​ផ្សេងៗ​គ្នា ហើយ​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្សប្រឆាំង​មួយ​ចំនួន​ ក៏កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ផង​ដែរ​ដោយសារ​សកម្មភាព​រិះគន់​រាជរដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ការ​ពារ​បូរណភាព​ទឹកដី។​

មក​ដល់​ពេល​នេះ​ យ៉ាង​ហោច​ណាស់ មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ​សកម្មជន​នយោបាយ​ មន្ត្រី​និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ ក៏​កំពុង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា-វៀតណាម និង​ការ​ចោទ​ប្រកាន់​លើ​បទ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយជាដើម។

​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី​ អ្នក​វិភាគ​បញ្ហា​សង្គម​កម្ពុជា ដែល​បាន​កើត​ឡើង​ទាំង​កណ្ដាល​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញកាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​កម្ពុជា​កាន់តែ​វឹកវរ​ថែម​ទៀត​ ហើយ​ការ​ស្លាប់​របស់​លោក​ កែម ឡី​ នេះ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​រិះគន់​រដ្ឋាភិបាល​ និង​ជា​ការ​បង្ហាញ​ថា​ អំពើ​ហិង្សា​នៅ​កម្ពុជា​ នៅតែ​បន្ត​កើត​ឡើង។​

ទោះជាយ៉ាងណាក៏ដោយ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយយល់​ស្រប​ជា​រួម​ថា​ ការចរចា​ដែល​គេ​នឹង​រំពឹង​ថា​កើតមាន​ឆាប់ៗ​នេះ​ ​នឹង​ទាញ​ស្ថានភាព​នយោបាយ​ ឲ្យ​មក​រក​ភាព​ប្រក្រតី​ឡើងវិញ​ ដែល​អាច​សម្រួល​ដល់​ការ​បោះឆ្នោត​ឃុំ សង្កាត់​ និង​បោះឆ្នោត​ថ្នាក់​ជាតិ នៅ​ឆ្នាំ ​២០១៧ និង២០១៨ ​ឲ្យ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​គ្មាន​ការ​គំរាមកំហែង​ និង​មាន​លក្ខណៈ​សេរី​ពេញលេញ​នា​ពេល​ខាងមុខ​នេះ៕ ​

XS
SM
MD
LG