ការគោរពខ្សែបន្ទាត់កណ្តាលដែលបង្កើតឡើងដោយឧត្តមសេនីយ៍សហរដ្ឋអាមេរិក បានធ្វើឲ្យមានការបន្ធូរបន្ថយភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិនដីគោក។ ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានច្រានចោលខ្សែបន្ទាត់កណ្តាលនោះ ដោយចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។
ចិនមិនបានបង្ហាញសញ្ញាបន្ធូរបន្ថយការបំភិតបំភ័យខាងយោធារបស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ទេ កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យន្តហោះដឹកជញ្ជូនយោធារបស់ចិនហោះនៅជិតដែនអាកាសរបស់កោះនោះដែលចិនចាត់ទុកជាខេត្តក្បត់។
របាយការណ៍នោះបានបញ្ជាក់ទៀតថា យន្តហោះនោះ បានហោះពីលើតំបន់ការពារអត្តសញ្ញាណដែនអាកាសរបស់កោះតៃវ៉ាន់ ឬ ADIZ ក៏ប៉ុន្តែ មិនបានឆ្លងកាត់អ្វីដែលជាខ្សែបន្ទាត់កណ្តាលច្រកសមុទ្រតៃវ៉ាន់ ដែលបានបែងចែកចិនដីគោកពីកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងទេ។ មិនមានអត្ថាធិប្បាយពីមន្ត្រីការពារជាតិតៃវ៉ាន់ស្តីពីការលុកលុយដែលបានត្រូវបានរាយការណ៍នេះទេ។
ចិន កាលពីពេលថ្មីៗនេះ បានបង្កើនសកម្មភាពខាងយោធានៅជុំវិញកោះតៃវ៉ាន់ រួមមានការហោះហើររបស់យន្តហោះចំបាំងឆ្លងកាត់ព្រំដែន ដែលរដ្ឋាភិបាលក្រុងតៃប៉ិ ចាត់ទុកជា«និមិត្តរូបនៃការរារាំងការប្រឈមមុខខាងយោធាជាមួយចិនដីគោក»។
ទោះជាយ៉ាងនោះក៏ដោយ មន្ត្រីតៃវ៉ាន់ម្នាក់បានប្រាប់ចិន«ឲ្យដកខ្លួន»។ រដ្ឋាភិបាលក្រុងប៉េកាំងឥឡូវនេះ និយាយថា ខ្សែបន្ទាត់នោះ មិនមានទេ ពីព្រោះចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ រដ្ឋាភិបាលក្រុងប៉េកាំងមិនបានលុបចោលការប្រើកម្លាំងដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោកនោះទេ។
អ្នកវិភាគព្រមានថា ការឆ្លងកាត់ និងការហោះហើររបស់យន្តហោះយោធាម្តងហើយម្តងទៀតរបស់ចិន នឹងមិនចំណេញអ្វីទេ គឺបានត្រឹមតែរងការរិះគន់ប៉ុណ្ណោះ ខណៈចិនដែលបង្កើនការតានតឹងមិនចាំបាច់នៅក្នុងតំបន់។
លោក Drew Thompson ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯសាលាគោលនយោបាយសាធារណៈ Lee Kuan Yew នៅសាកលវិទ្យាល័យជាតិសិង្ហបូរីបានប្រាប់ VOA ក្នុងសារលាយលក្ខណ៍អក្សរកាលពីថ្ងៃច័ន្ទសប្តាហ៍មុនថា៖ «ខ្សែបន្ទាត់កណ្តាលតៃវ៉ាន់ជាយន្តការប្រកបដោយស្ថិរភាពមួយក្នុងទំនាក់ទំនងយោធាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលភាគីចិនដីគោកបានទុកជាមោឃៈដោយឯកតោភា គីធ្វើឲ្យស្ថានភាពសន្តិសុខក្នុងតំបន់កាន់តែអាក្រក់ឡើង»។
ខ្សែបន្ទាត់មិនផ្លូវការ ដែលមានសេចក្តីរាយការណ៍ថា បានគូសនៅក្នុងទសវត្សរ៍១៩៥០ ដោយឧត្តមសេនីយ៍សហរដ្ឋអាមេរិកលោក Benjamin Davis ដើម្បីបំបែកភាគីទាំង២នៅក្នុងជម្លោះនោះ បានទទួលជោគជ័យរាប់ទសវត្សរ៍នៅក្នុងការកាត់បន្ថយគ្រោះថ្នាក់នៃឧបទ្ទវហេតុជាមួយចិនដីគោក ហើយកោះតៃវ៉ាន់គោរពបន្ទាត់គំនូសនោះ។
ក៏ប៉ុន្តែ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីពេលថ្មីៗនេះថា៖ «មិនមានខ្សែបន្ទាត់កណ្តាលបែបនេះនៅច្រកសមុទ្រតៃវ៉ាន់ទេ» បន្ទាប់ពីយោធាចិន បានបញ្ជូនយន្តហោះចំបាំង និងយន្តហោះទម្លាក់គ្រាប់បែកចូលក្នុងដែនអាកាសតៃវ៉ាន់ និងឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដើម្បីបង្ហាញជំហរប្រឆាំងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីដើមខែមុនដោយលោក Keith Krach អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ លោក ជាមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់បំផុតមកពីក្រសួងការបរទេសទៅបំពេញទស្សនកិច្ចក្រុងតៃប៉ិក្នុងប៉ុន្មានទសវត្សរ៍នេះ។
នៅពេលដែលតៃវ៉ាន់ បានធ្វើការគ្រប់គ្រងដោយខ្លួនឯងរាប់ទសវត្សរ៍ ហើយបានចាត់ទុកខ្លួនឯងជារដ្ឋអធិបតេយ្យ និងឯករាជ្យនោះ រដ្ឋមន្ត្រីការបរទេសរបស់តៃវ៉ាន់លោក Joseph Wu បានធ្វើការឆ្លើយតបខ្លាំងៗ ដោយបានប្រាប់ចិន«ឲ្យដកថយនិងងាកទៅគោរពបទដ្ឋានអន្តរជាតិស៊ីវិលវិញ»។
ដោយបានហៅអត្ថាធិប្បាយរបស់លោក Wang ថា«ស្មើនឹងការបំផ្លាញការរក្សាស្ថិរភាពនៅដដែល»នោះ លោក Wu បានជំរុញឲ្យសហគមន៍អន្តរជាតិថ្កោលទោសអ្វីដែលលោកបានហៅថា«ពាក្យសម្តីនិងអំពើបង្ករគ្រោះថ្នាក់និងការគំរាមកំហែងសន្តិភាពដោយប្រទេសចិន»។
លោក Shen Dingli ជាសាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៅឯសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បានការពារជំហររបស់ចិន ដោយនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងមិនដែលបានយល់ព្រមទទួលស្គាល់ខ្សែបន្ទាន់បែបនេះទេ ហើយមិនមានកាតព្វកិច្ចគោរពព្រំដែនដែលគូសវាសដោយសហរដ្ឋអាមេរិកនោះទេ។
លោកបាននិយាយទៀតថា រដ្ឋាភិបាលក្រុងប៉េកាំងមិនមានជម្រើសក្រៅពីការឆ្លើយតបដោយការបង្កើនសកម្មភាពយោធាកាលពីពេលថ្មីៗនេះ ដែលលោកនិយាយថា ជាមធ្យោបាយបង្ហាញការមិនសប្បាយចិត្តរបស់ចិនអំពីការបង្កើនការផ្លាស់ប្តូរមន្ត្រីពាក់កណ្តាលផ្លូវការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយតៃវ៉ាន់ ដែលជាការរំលោភគោលការណ៍ប្រទេសចិនតែមួយ។
ការព្រមានដល់សហរដ្ឋអាមេរិក
លោក Shen បានប្រាប់ VOA កាលពីថ្ងៃច័ន្ទសប្តាហ៍មុនតាមទូរស័ព្ទថា៖ «ចិនដីគោកត្រូវតែបញ្ជូនការព្រមានថា៖ សហរដ្ឋអាមេរិកបានរំលោភម្តងហើយម្តងទៀតនូវអ្វីដែលសហរដ្ឋអាមេរិក បានយល់ព្រមជាមួយចិននៅពេលដែលបង្កើតចំណងទាក់ទងការទូត។ យើងមិនមានបំណងទាក់ទិនក្នុងសង្គ្រាមជាមួយអាមេរិកទេ។ ក៏ប៉ុន្តែ យើងចាំបាច់ត្រូវព្រមានសហរដ្ឋអាមេរិកថា៖ ប្រសិនបើសហរដ្ឋអាមេរិកបន្តធ្វើអ្វីដែលស.រ.អា.កំពុងធ្វើ វានឹងហាក់ដូចជាធ្វើឲ្យលោកស្រីប្រធានាធិបតី Tsai Ing-wen និងពួកទាមទារបំបែករដ្ឋរបស់កោះតៃវ៉ាន់គាំទ្រឯករាជ្យភាព ហ៊ានកាន់តែខ្លាំងឡើង ដែលអាចក្លាយជាការព្រហើនឥតកោតក្រែងដើម្បីប្រកាសឯករាជ្យ»។
តើកោះតៃវ៉ាន់ នឹងធ្វើដូច្នេះទេ?
ដោយប្រទេសចិនឥឡូវនេះ កំពុងបដិសេធខ្សែបន្ទាត់កណ្តាលនោះ អ្នកវិភាគខ្លះលើកឡើងថា ដើម្បីធ្វើឲ្យមានការញញើត តៃវ៉ាន់គួរតែធ្វើដូច្នេះ។
អ្នកវិភាគផ្សេងទៀតជឿថា ការតបតនឹងមិនបានផលល្អដល់តៃវ៉ាន់ទេ តែនឹងធ្វើឲ្យមានការតានតឹងកាន់តែខ្លាំងឡើង។
លោក Oh Ei Sun ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិក្នុងប្រទេសសិង្ហបូរីនិយាយថា៖ «នេះជាស្ថានហៀបនឹងមានគ្រោះថ្នាក់។ ការណ៍នេះអាស្រ័យថា តើភាគីទាំង២ ត្រូវដោះស្រាយយ៉ាងដូចម្តេចអំពីការទាមទារអធិបតេយ្យភាពរបស់ខ្លួន និងប្រឆាំងមិនឲ្យមានអធិបតេយ្យភាពនោះ»។
ទាំងលោក Oh និងលោក Thompson បានយល់ស្របគ្នាថា ការបង្កហេតុដោយយោធារបស់ចិន មានផលប៉ះពាល់តិចតួចជាយូយារណាស់មកហើយ ក្នុងការបំភិតបំភ័យពលរដ្ឋតៃវ៉ាន់។
លោក Thompson និយាយថា៖ «ពលរដ្ឋតៃវ៉ាន់ បានរស់នៅក្រោមស្រមោលនៃការវាយប្រហាររបស់សាធារណរដ្ឋប្រជាមានិតចិន អស់រាប់ជំនាន់មកហើយ ដូច្នេះការបង្កើនការយាមល្បាតដោយកងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជនចិន ទំនងជានឹងផ្លាស់ប្តូរការគាំទ្រយ៉ាងខ្លាំងរបស់សាធារណជនដល់លទ្ធិប្រជាធិបតេយ្យ ឬមតិសាធារណជន ដែលនៅពេលបច្ចុប្បន្ននេះ មិនចង់បានការបង្រួបបង្រួមជាមួយចិនដីគោកដែលអនុវត្តលទ្ធិផ្តាច់ការនោះទេ»។
អំឡុងពេលមានការបង្ករហេតុដោយយោធារបស់ចិន ការស្ទង់មតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា ពលរដ្ឋចំនួន៨៦ភាគរយនៅកោះតៃវ៉ាន់ បានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាជនជាតិតៃវ៉ាន់ជាជាងជនជាតិចិន៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន