ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​តៃវ៉ាន់​ភ័យព្រួយ ​ខណៈ​សកម្ម​ភាព​យន្តហោះ​ចម្បាំង​របស់​ចិន​កើនឡើង


រូបឯកសារ៖ យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 របស់​កងទ័ពអាកាស​រំដោះ​ប្រជាជន​ចិន ដែល​បំពាក់​ដោយ​មីស៊ីល​សម្រាប់​បាញ់​ទៅ​លើ​នាវា YJ-12 ត្រូវបាន​គេ​ឃើញ​កំពុង​ហោះហើរ​នៅក្បែរ​តំបន់​ដែល​កំណត់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​តៃវ៉ាន់ ដែល​នៅ​ក្បែរ​កោះតៃវ៉ាន់​កាលពី​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 របស់​កងទ័ពអាកាស​រំដោះ​ប្រជាជន​ចិន ដែល​បំពាក់​ដោយ​មីស៊ីល​សម្រាប់​បាញ់​ទៅ​លើ​នាវា YJ-12 ត្រូវបាន​គេ​ឃើញ​កំពុង​ហោះហើរ​នៅក្បែរ​តំបន់​ដែល​កំណត់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​តៃវ៉ាន់ ដែល​នៅ​ក្បែរ​កោះតៃវ៉ាន់​កាលពី​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ការ​លុក​លុយ​កាន់តាំង​ខ្លាំង​ឡើង​ដោយ​កងកម្លាំង​អាកាស​របស់​ចិន​ចាប់ផ្តើម​រំខាន​ចិត្ត​ពលរដ្ឋ​តៃវ៉ាន់ ដែលឆ្ងល់​ថា ​តើ​គូប្រជែងនយោបាយ​ប្រដាប់​អាវុធ​ធុនធ្ងន់ ​ទីបំផុត​មាន​គម្រោង​វាយប្រហារ ឬ​យ៉ាងណា ​បន្ទាប់ពី​បាន​គំរាម​កំហែង​អស់​ជាច្រើន​ទសវត្សរ៍​មក​នេះ។ នេះ​ បើយោង​តាម​ការស្ទង់​មតិ និង​អ្នក​វិភាគ។

​កងទ័ព​អាកាស​រំដោះប្រជាជន​ចិន ​បាន​បង្កើន​ការ​ហោះហើរកាន់​តែញឹកញាប់​លើ​បន្ទាត់​ព្រំដែន​រវាង​ចិន​និង​តៃវ៉ាន់ក្នុង​រយៈពេល​៤ខែ​ចុងក្រោយ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួង​ការពារជាតិ​តៃវ៉ាន់។

យន្តហោះ​ចម្បាំង​របស់​ចិន​ចំនួន​១៨​គ្រឿង​ បាន​ហោះ​ឆ្លង​កាត់​ផ្លូវអាកាស​របស់​តៃវ៉ាន់កាលពី​ថ្ងៃទី​១៨ ខែកញ្ញា​ ហើយបន្ទាប់​មក​ នៅ​ថ្ងៃទី​១៩ ខែកញ្ញា មាន​យន្តហោះ១៩​គ្រឿង​ទៀត នេះ​បើ​តាម​ក្រសួងការ​ពារជាតិ​តៃវ៉ាន់។ មន្ត្រី​ការពារ​ជាតិ​បាន​និយាយ​ថា កាលពី​ពាក់​កណ្តាល​ខែកញ្ញា​ យន្តហោះ ​បាន​ហោះ​ជាទម្រង់​បែប​វាយប្រហារ​ពី​ខាងមុខ ខាងក្រោយ និង​ទាំងសង​ខាង។ យន្តហោះ​ខ្លះ​ត្រូវបាន​ឃើញ​លើ​ដែន​អាកាស​តែវ៉ាន់ ​លើ​ផ្ទៃ​ទឹក​ដែលមាន​ចម្ងាយ​ប្រហែល​៨០ គីឡូម៉ែត្រ ​ពី​តៃវ៉ាន់ នេះ​បើយោង​តាម​ផែនទី​នានា​ដែល​បង្ហោះ​លើ​គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក។

ដើម្បី​ជា​ការ​ឆ្លើយ​តប ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា​ ខ្លួន​មានសិទ្ធិ​ក្នុង​ការ​«ការពារ​ខ្លួន​និងវាយ​តបត»។

ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «ដោយសារ​តែ​យោធា​កុម្មុយនីស្ត​ បាន​បង្កើត​ការ​ត្រៀម​ទ័ព​យោធា​នៅពាក់​កណ្តាល​ខែកញ្ញា ហើយ​សមត្ថភាព​ក្នុង​ការ​វាយប្រហារ​របស់​ប្រទេស​នោះ​លើ​តៃវ៉ាន់​បន្ត​កើនឡើង កងទ័ព​តៃវ៉ាន់​ បាន​រៀបចំ​យុទ្ធសាស្ត្រប្រយុទ្ធ​ដ៏​ពិបាក​បំផុត​អំឡុង​ពេល​សមយុទ្ធ​ Han Kuang ដើម្បី​ទប់ទល់​នឹង​ការ​វិវត្តនិង​ការគំរាម​កំហែង​ថ្មីនេះ»។

លោក Alexander Huang ​សាស្ត្រាចារ្យ​សិក្សា​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ Tamkang នៅតៃវ៉ាន់​បាន​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​ សាធារណៈជន​ទូទៅមិនបានត្រៀម​ចិត្ត​សម្រាប់​ជម្លោះ​យោធា​ពិត​ប្រាកដ​មួយ​នោះ​ទេ»។

និស្សិត​ថ្នាក់​បណ្ឌិត​តៃវ៉ាន់​ម្នាក់ ​គឺ​លោក Wu Yi-hsuan អាយុ​២៩​ឆ្នាំ និយាយ​ថា ចលនា​យន្តហោះ​ចម្បាំង​របស់​ចិន ​បាន​បង្ក​ឲ្យមាន​«ការ​ព្រួយ​បារម្ភ»។ លោក Wu ក្នុង​នាម​ជា​ពលរដ្ឋបុរស​ម្នាក់ ​បារម្ភ​ថា​ លោក​នឹង​ត្រូវ​គេ​កោះ​ហៅ​ដើម្បី​កាត្វកិច្ច​យោធា​បាន​និយាយថា៖ «យោធា​របស់ចិន​ហាក់ដូចជា​បង្ក​ឲ្យមាន​ភាព​ច្របូកច្របល់​ ហើយ​ចង់​ដឹង​ពី​សមត្ថភាព​ក្នុង​ការ​តបតរបស់​យើង»។

ការ​ស្ទង់មតិ​តាម​គេហទំព័រ Yahoo កាលពី​ដើម​ខែ​កញ្ញា​នេះ​បាន​រក​ឃើញ​ថា​៦៤ភាគរយ​នៃ​ប្រជាជន​តៃវ៉ាន់​ បារម្ភ​អំពី​ជម្លោះ​ ហើយ​៣៣,៥ ភាគរយ​ទៀត​ មិន​មាន​ការ​បារម្ភ​ឡើយ​ ហើយ​២,៥ភាគរយ មិនមាន​មតិយោបល់។

ប្រទេស​ចិន​បាន​អះអាង​អធិបតេយ្យ​ភាព​ទឹកដី​លើ​តៃវ៉ាន់ដែល​មានការ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​តាំងពី​ទសវត្សរ៍​១៩៤០ នៅពេល​ដែល​គណៈបក្ស​ជាតិ​និយម​របស់​លោក Chiang Kai-shek បាន​ចាញ់​សង្គ្រាមស៊ីវិល​ចិន​ជាមួយ​នឹង​គណៈបក្ស​កុម្មុយនីស្ត​របស់លោក​ ម៉ៅ សេទុង ហើយ​បានប្តូរ​មូលដ្ឋាន​មក​តៃប៉ិ។ ប្រទេស​ចិន​ មិនដែល​ប្រកាស​ជា​ផ្លូវការ​ថា​ បោះបង់​ការ​គំរាម​ប្រើកម្លាំង​នោះ​ទេ បើសិនជា​ចាំបាច់​ដើម្បី​រួបរួមភាគី​ទាំងពីរ​នោះ។​

កងកម្លាំង​អាកាស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ចាប់ផ្តើម​ហោះ​យន្តហោះ​របស់​ខ្លួន​ជារឿយៗ​ក្បែរ​កោះ​តៃវ៉ាន់​ បន្ទាប់​ពី​អ្នកស្រី​ Tsai Ing-wen បាន​ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​ និង​បាន​ច្រាន​ចោល​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រាប់​កិច្ច​ចរចា​ដែល​ភាគី​ទាំង​ពីរ​ នឹង​កំណត់​ថា​ជាផ្នែក​នៃ​ប្រទេស​ចិន។ អ្នក​វិភាគ​យោធា​ជឿថា​ ចិន​ក៏​មាន​គ្រាប់​មីស៊ីល​លើ​ដី​ដែលតម្រង់​ទៅ​តៃវ៉ាន់​ដែរ។​

លោក Wang Wenbin ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា​៖ «តៃវ៉ាន់​ គឺ​ជា​ផ្នែក​មួយ​ក្នុង​ដែនដីចិន​ដែល​មិនអាច​បំបែក​បាន។ ខ្សែបន្ទាត់​ពុះ​ចែកតៃវ៉ាន់​មិន​ដែល​មាន​នោះ​ទេ»។

ប្រជាជន​តៃវ៉ាន់​ភាគ​ច្រើន​ មិន​យល់​ស្រប​នឹង​ការ​រួប​រួម​ជាមួយ​ចិន​នោះទេ។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​តៃប៉ិ​ កាល​ពី​ឆ្នាំ២០១៩៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG