ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅដល់ប្រទេសអាហ្សង់ទីន (Argentina) ហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងប្រទេសនោះ។
ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា នេះ គឺជាសញ្ញាបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅរវាងអាមេរិកជាមួយប្រទេស ដែលមានបញ្ហាខាងសេដ្ឋកិច្ចមួយនេះ។ ប៉ុន្តែទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិករូបនេះ ក៏គាប់ជួនចំខួបលើកទី៤០នៃការធ្វើរដ្ឋប្រហារមួយ ដែលសហរដ្ឋអាមេរិកបានគាំទ្រ។
លោកប្រធានាធិបតី អូបាម៉ា បានទៅដល់ទីក្រុង Buenos Aires ពេលរំលងអាធ្រាត្រ ម៉ោងក្នុងស្រុក ក្រោយពីទស្សនកិច្ចរបស់លោកជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសគុយបា។
ស្ត្រីទី១ គឺលោកស្រី Michelle Obama ព្រមទាំងកូនស្រីទាំងពីរនិងម្តាយរបស់លោកស្រី Michelle ផងដែរ ក៏នៅជាមួយលោកប្រធានាធិបតីអូបាម៉ាដែរ។
លោក អូបាម៉ា គ្រោងនឹងជួបជាមួយប្រធានាធិបតីថ្មីរបស់អាហ្សង់ទីន គឺលោក Mauricio Macri នៅថ្ងៃពុធនេះ។
លោក Mauricio Macri បានបង្ហាញសញ្ញាថា លោកចង់ឲ្យមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប្រទេសដែលមានទីផ្សារសេរីដទៃទៀត។
នៅថ្ងៃពុធនេះ មេដឹកនាំទាំងពីរគ្រោងនឹងថ្លែងនៅឯពិធីទទួលទានអាហារពេលល្ងាចថ្នាក់រដ្ឋមួយ។
ប៉ុន្តែទស្សនកិច្ចរបស់លោក អូបាម៉ា ក៏គាប់ជួនចំខួបលើកទី៤០នៃការចាប់ផ្តើមរបបយោធាផ្តាច់ការដ៏ឃោរឃៅក្នុងប្រទេសអាហ្សង់ទីន ដែលបានធ្វើឲ្យបាត់ខ្លួននិងស្លាប់ប្រជាជនប្រមាណ៣ម៉ឺននាក់។
នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោក អូបាម៉ា គ្រោងនឹងធ្វើដំណើរទៅកាន់បូជនីយដ្ឋានមួយ ដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះទាំងនោះ៕